អាកាសយានដ្ឋាននីមួយៗមានស្ថាប័នសមត្ថកិច្ចច្រើនចាំដោះស្រាយបញ្ហាផ្សេងៗដែលកើតមាន ទាន់ពេលវេលា

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១០.០៥.២០២៤

a33-32

a27-54

a28-50

a30-41

a32-29

  អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានថ្លែងថា អាកាសយានដ្ឋាននីមួយៗ តែងតែមានគណៈកម្មការមាត់ច្រកជាយន្ដការអន្ដរក្រសួង ដែលមានស្ថាប័នសមត្ថកិច្ចច្រើន ដូច្នេះប្រសិនបើមានហេតុការណ៍ណាមួយកើតឡើងមិនសប្បាយចិត្តឬមិនប្រក្រតី នោះគណ:កម្មការនឹងដោះស្រាយភ្លាមៗ ។
 
  ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានមាន ប្រសាសន៍ថា អាកាសយានដ្ឋាននីមួយៗ គឺមានគណៈកម្មការសម្រាប់ជួយដោះស្រាយបញ្ហាផ្សេងៗទៅដល់អ្នកដំណើរ ដែលមានយន្ដការ រៀបចំឱ្យមានប្រអប់ដាក់សំណូមពរ ឬការត្អូញត្អែរពីអ្នកដំណើរ រួចគណៈកម្មការនឹងដកសំណូមពរនេះមកមើល ហើយធ្វើការកែតម្រូវ ។
  ការលើកឡើងបែបនេះរបស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា គឺធ្វើ ឡើងដើម្បីឆ្លើយតបចំពោះមតិរិះគន់របស់អ្នកដំណើរលើសេវាកម្មនៅតាមព្រលានយន្តហោះកម្ពុជា ។
« យើងចៀសមិនផុតនោះទេសម្រាប់ការរិះគន់ យើងដឹងហើយថាដូចជាសម្ល គឺសម្រាប់អ្នកញ៉ាំមានរសជាតិខុសៗគ្នា ជាទូទៅអាកាសយានដ្ឋាននីមួយៗ គឺមានសូចនាករសម្រាប់ការវាស់វែងរៀងៗខ្លួន ជាការពិតណាស់ម្នាក់ៗគឺចង់បានអ្វីៗល្អប្រសើរ និងលេចមុខ លេចមាត់ យើងធ្លាប់បានវាស់វែងមុនវិបត្ដិកូវីដ១៩ គឺអាកាសយានដ្ឋានអន្តរជាតិនៅក្នុងប្រទេសកម្ពុជា គឺស្ថិតនៅក្នុងTop10 ដែលជាការវាយតម្លៃរបស់អេសស៊ីអេ នេះគឺក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិ ដោយបានវាយតម្លៃថា អាកាសយានដ្ឋានកម្ពុជាគឺស្ថិតនៅក្នុង លេខ៨នៅក្នុងចំណោមអាស៊ីប៉ាស៊ីហ្វិកគឺមានជាង២០ប្រទេស » ។
ឯកឧត្តមបានបន្តថា អាកាសយានដ្ឋានកម្ពុជា គឺធ្លាប់វាស់វែងវាយតម្លៃមុនពេលកើតមានជំងឺកូវីដ១៩ ឃើញថា ស្ថិតក្នុងចំណោមចំណាត់ថ្នាក់លេខ១០ (Top 10) ដោយអាកាសយានដ្ឋានទាំង៣របស់កម្ពុជា ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៨ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយចំពោះការវាយតម្លៃនេះ គឺទី១ ស្ថិតនៅលើការអនុវត្តន៍គោលនយោបាយបរិស្ថានស្អាត ទី២គឺបានទទួលស្គាល់អំពីកំណើនដោយកាលពីឆ្នាំ២០១៩ វិស័យអាកាសចរណ៍មានកំណើនខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាលើផ្នែកដឹកជញ្ជូនផ្លូវអាកាស និងចំពោះផ្នែកសេដ្ឋកិច្ចវិញនោះ គឺកម្ពុជាជាប្រទេសមួយដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងពិភពលោក ដែលមានកំណើនជាមធ្យមជាង៧ភាគរយ ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ដើម្បីឱ្យវិស័យអាកាសចរដំណើរការកាន់តែល្អប្រសើរ អាកាសយានដ្ឋានអន្ដរជាតិ បានសហការយ៉ាងស្អិត ល្មួតជាមួយនឹងបណ្ដាក្រុមហ៊ុនជាច្រើនផ្សេងៗទៀត ដើម្បីធានាឱ្យបាននូវអនុលោមបទបញ្ញត្តិ ទាក់ទងនឹងសន្ដិសុខសុវត្ថិភាពអ្នកដំណើរ និងការផ្ដល់សេវាកម្មដល់អ្នកដំណើរ ៕

Comments

Related posts