មន្ត្រីសុខាភិបាលខេត្តបាត់ដំបង ស្នើឱ្យឪពុកម្ដាយ និងអាណាព្យាបាល សូមយកចិត្តទុកដាក់ថែរក្សាសុខភាពកូនៗ ក្នុងពេលអាកាសធាតុឡើងកម្ដៅខ្លាំង ដែលធ្វើឱ្យកុមារតូចងាយរងគ្រោះបំផុត

 

  វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ១០ ០៥ ២០២៤

 

a35-25

a34-30

a37-21

a36-22

មន្ត្រីសុខាភិបាលខេត្តបាត់ដំបងស្នើឱ្យឪពុកម្ដាយ និងអាណាព្យាបាល សូមយកចិត្តទុកដាក់ថែរក្សាសុខភាពកូនៗ នៅរដូវប្រាំង អាកាសធាតុឡើងកម្ដៅខ្លាំង ហើយដោយសារបម្រែបម្រួលអាកាសធាតុនេះ បានបង្កជាផលប៉ះពាល់ដល់សុខភាពកុមារ និងធ្វើឱ្យពួកគេងាយនឹងទទួលរងនូវការកើតជំងឺផ្សេងៗបាន ក្នុងនោះ កុមារងាយរងគ្រោះបំផុតនោះ គឺ កុមារអាយុក្រោម ៤ឆ្នាំ ។   
  លោក ជា ពៅ អនុប្រធានការិយាល័យបង្ការនិងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមក សីតុណ្ហភាពឡើងកម្តៅខ្លាំងរហូតដល់៤០អង្សាសេ ដូច្នេះនៅពេលសីតុណ្ហភាពក្តៅបែបនេះ ធ្វើឱ្យប៉ះពាល់ដល់សុខភាព ជាពិសេស ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ កុមារ និងទារក ធ្វើឱ្យសរីរាង្គខាងក្នុងរបស់កុមារពិបាកទ្រាំ កុមារឆាប់បែក ញើស និងបែកញើសខ្លាំង ហើយបាត់បង់ជាតិទឹកច្រើនទៅតាមនោះដែរ ។ ជាពិសេសនោះ កុមារងាយនឹងមានអាការ:មិនស្រួលខ្លួន ឈឺក្បាល ទន់ខ្លួន ឬដល់សន្លប់បាត់ស្មារតី ក្តៅខ្លួន និងរលាកស្បែកជាដើម។ ដូច្នេះ ឪពុកម្ដាយ និងអាណាព្យាបាលទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព កូនៗរបស់ខ្លួន ដោយត្រូវឱ្យកុមារហូបទឹកឱ្យបានពី ១,៥ទៅ២លីត្រក្នុងមួយថ្ងៃ (ច្រើនលើសពេលធម្មតា)  ផ្តល់ឱ្យទារក ឬកុមារ ទទួលបំបៅ ឬទទួលទានអាហារឱ្យបានទៀងទាត់ និងត្រឹមត្រូវស្លៀកពាក់ខោអាវ រលុងៗ ស្រាលៗ កុំនាំកុមារចេញក្រៅ ទៅហាលវាលថ្ងៃ ក្នុងអំឡុងពេលក្តៅខ្លាំងកុំបញ្ចេញកម្លាំងកាយ ធ្វើកីឡា ហាត់ប្រាណ ពេលអាកាសធាតុកំពុងក្តៅខ្លាំង ហើយកុមារត្រូវគេងឱ្យបានគ្រប់គ្រាន់។  ញ៉ាំអាហារតាមបែបវិទ្យាសាស្ត្រ និងជៀសវាងការខ្វះជាតិទឹក ដើម្បីរក្សារាងកាយឱ្យមានសុខភាពល្អក្នុងអាកាសធាតុក្តៅ។ ជាងនេះទៅទៀត ក្រៅពីវីតាមីន និងសារធាតុរ៉ែ កុមារត្រូវការប្រូតេអ៊ីនដើម្បីរក្សា និងជួសជុលជាលិកា បង្កើតអេម៉ូក្លូប៊ីន ពង្រឹងភាពស៊ាំ និងជួយឱ្យសាច់ដុំលូតលាស់។ ក្នុងនោះ ប្រភពប្រូតេអ៊ីនរួមមានៈ អាហារសមុទ្រ ស៊ុត សាច់គ្មានខ្លាញ់ និងបសុបក្សី គ្រាប់ធញ្ញជាតិ គ្រាប់គ្មានជាតិអំបិល។
 «ចំពោះទារកកើត នៅក្នុងទឹកដោះម្តាយ គឺមានជាទឹកហើយស្រេច ដូច្នេះនៅក្នុងអំឡុងពេលក្តៅ ម្តាយត្រូវតែបង្កើនការបំបៅដោះឱ្យបានញឹកញាប់ព្រោះ ក្នុងទឹកដោះម្តាយមានជាតិទឹកគ្រប់គ្រាន់ដែល អាចជួយទៅដល់សុខភាពររបស់ទារក។ ដោយឡែកសម្រាប់កុមារគឺរបបអាហារត្រូវតែមានអនាម័យ ដូច្នេះ ឪពុកម្ដាយ ឬអាណាព្យាបាល  គួររៀបចំចំណីណាដែលជួយទៅដល់សុខភាព ដែលមានសារជាតិគ្រប់គ្រាន់ សម្រាប់ការលូតលាស់ទៅដល់ពួកគាត់។»
  គួររំលឹកដែរថា ជារឿងៗក្រសួងសុខាភិបាលតែងរំលឹកនិងផ្តល់ព័ត៌មានទៅកាន់ប្រជាពលរដ្ឋអំពីគ្រោះថ្នាក់សុខភាព បណ្តាលមកពីកង្វះជាតិទឹកក្នុងរាងកាយនៅរដូវក្តៅ។  រដូវក្តៅនេះ មនុស្សចាស់ កុមារ ស្ត្រីមានផ្ទៃពោះ អ្នកមានជំងឺរ៉ាំរ៉ៃ អ្នកមានពិការភាព និងប្រជាពលរដ្ឋរស់នៅតំបន់ខ្សត់ប្រភពទឹក ត្រូវបានចាត់ទុកជាជនងាយរងគ្រោះក្នុងបញ្ហាទឹកស្អាតនិងអនាម័យ។ រដូវក្តៅទឹកស្អាតចាំបាច់បំផុតសម្រាប់កុមារ។ កុមារនឹងមានបញ្ហាសុខភាពធ្ងន់ធ្ងរ ប្រសិនបើពួកគេខ្វះជាតិទឹក ឬទទួលទានទឹកមិនគ្រប់គ្រាន់។ ទឹកស្អាតទាមទារឱ្យឪពុកម្តាយនឹងអាណាព្យាបាលរៀបចំទុកដាក់ទឹកឱ្យបានត្រឹមត្រូវ និងធានាថាទាំងនោះជាមានសុវត្ថិភាព៕

Comments

Related posts