ឯកឧត្តម​ សុខ​ សូកេន ថា ក្រុមការងារដែលមានសមាសភាពចូលរួមពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងរួមគ្នាជាធ្លុងមួយ ក្នុងការ សហការសម្រេចឱ្យបាន នូវសមិទ្ធផលថ្មីៗ បន្ថែមទៀត

វិទ្យុជាតិកម្ពុជាតិ៖

កំពង់ធំ​ ថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ២០២៤​-​ ឯកឧត្តម​ សុខ​ សូកេន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍​ បានអញ្ជេីញជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំទាំង១០ និងក្រុមលេខាធិការដ្ឋាននៃស្រុកបារាយណ៍ នៅសាលាស្រុកបារាយណ៍​ ខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានស្រុកបារាយណ៍សរុបប្រមាណ ២០០នាក់។ 

 

ក្នុងមតិសំណេះសំណាលដ៏មានអត្ថន័យឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរដល់​ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលទទួលបានសេចក្តីទុកចិត្ត និងត្រូវបានតែងតាំងជាប្រធាន អនុប្រធាន សមាជិក និងសមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំទាំង ១០ នៃស្រុកបារាយណ៍។ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា ក្រុមការងារដែលមានសមាសភាពចូលរួមពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងរួមគ្នាជាធ្លុងមួយ ក្នុងការ សហការសម្រេចឱ្យបាន នូវសមិទ្ធផលថ្មីៗ បន្ថែមទៀត តាមរយៈការអនុវត្តនូវកម្មវិធី នយោបាយ យុទ្ធសាស្ត្រ គោលនយោបាយ កម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងចូលរួមបំផុសចលនាឱ្យមានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការកសាង​ អភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ 

 

ឆ្លៀតក្នុងឱកាសនោះ​ ឯកឧត្តមរដ្ឋមន្ត្រី​ បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីក​ហ្វូណន​តេជោ​ ដែលជាការសម្រេចប្រកបដោយគតិបណ្ឌិត​ និងឈ្លាសវៃ​ បំផុតរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ អតីតនាយករដ្ឋមន្ត្រី​ និងជាប្រធានព្រឹទ្ធសភា​ និងសម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

 

ឯកឧត្តមរដ្ឋមន្ត្រី​បានបន្ដទៀតថា​ សមិទ្ធផលជាច្រើនដែលសម្រេចបាននាពេលកន្លងមកសម្រាប់ជាតិមាតុភូមិ និងប្រជាពលរដ្ឋទាំងអស់ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តយ៉ាងសកម្ម នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្រ្តចតុកោណ ទាំង៤ ដំណាក់កាល របស់រាជរដ្ឋាភិបាលក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ និងការចាប់ផ្ដើមអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការជាគន្លឹះរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍប្រទេសជាតិ ឱ្យឈានឆ្ពោះទៅ សម្រេចបានចក្ខុវិស័យ “កម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០”។

 

ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១០ ត្រូវទទួលខុសត្រូវដឹកនាំ និងចាត់ចែងអនុវត្ដការងារចុះមូលដ្ឋានក្នុងឃុំរបស់ខ្លួន ផ្អែកតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពបំផុត។ ជាពិសេសត្រូវសហការរៀបចំវេទិកាសាធារណៈតាមមូលដ្ឋានឃុំ សង្កាត់នីមួយៗចាប់ពីចុងខែកក្កដា ឆ្នាំ២០២៤ នេះទៅអោយបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាល និងត្រូវក្ដាប់ឱ្យបាននូវសភាពការណ៍ជាក់ស្ដែងនៅតាមមូលដ្ឋានរៀងៗខ្លួន។  បន្ថែមពីនេះទៀត ឯកឧត្តមប្រធានក៏បានណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំនីមួយៗ ត្រូវកំណត់របបប្រជុំ និងធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារយ៉ាងតិចមួយត្រីមាសម្ដង មកលេខាធិការដ្ឋាន។11237F1D-D05B-4ADF-B880-575BDDC2EED8C3D5D05A-7F55-4278-9A62-852230B188D7DD6E8E56-4DA8-4417-BC98-EDFF1FE6298A

Comments

Related posts