ឯកឧត្តម ហេង សួរ គូសបញ្ជាក់ពីការទាញប្រយោជន៍ចេញពីទំនើបកម្មនៃបច្ចេកវិទ្យាឌីជីថលសម្រាប់ប្រយោជន៍សេដ្ឋកិច្ចដែលកម្ពុជា និងប្រទេសក្នុងតំបន់ត្រូវយកចិត្តទុកដាក់

វិទ្យុជាតិកម្ពុជា៖

កម្ពុជានិងជប៉ុននៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកសន្និសីទ ASJA-ASCOJA-JAC  លើកទី ២២នៅរាជធានីភ្នំពេញក្រោមវត្តមានរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Tsuge Yoshifumi (សូគេ យូស៊ីហ្វូមី) រដ្ឋមន្រ្តីនៃក្រសួងការបរទេសជប៉ុន និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរផងដែរ។ 

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសង្កត់ធ្ងន់ពីសារសំខាន់នៃសន្និសីទដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់អាទិភាពចំពោះបច្ចេកវិទ្យាឌីជីថលដែលនឹងជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសេវារដ្ឋបាលឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ តាមរយៈបច្ចេកវិទ្យាឌីជីថលនេះ រាជរដ្ឋាភិបាលកម្ពុជានឹងអាចពង្រឹងផលិតភាពការងារ និងភាពសំបូរបែបនៃកម្លាំងពលកម្មដែលនឹងធ្វើឱ្យកម្ពុជាក្លាយជាទីផ្សារតំបន់និងអន្តរជាតិដ៏គួរឱ្យទាក់ទាញ។ 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់សន្និសីទអំពីទំនើបកម្មរបស់ក្រសួង-មន្ទីរនៃរាជរដ្ឋាភិបាលកម្ពុជាដែលស្របទៅនឹងការវិវត្តនៃនិន្នការក្នុងតំបន់និងអន្តរជាតិដែលរាជរដ្ឋាភិបាលកម្ពុជាទាំងមូលបាននិងកំពុងយកចិត្តទុកដាក់។ 

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ពីភាពចាំបាច់នៃការទាញប្រយោជន៍ចេញពីបច្ចេកវិទ្យាឌីជីថលដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ដើម្បីសម្រើវិស័យសេវាសាធារណៈ ការសិក្សាអប់រំ និងការសកម្មភាពសេដ្ឋកិច្ចនានាទាំងនៅកម្ពុជា តំបន់អាស៊ាន និងប្រទេសជប៉ុន។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យអង្គសន្និសីទជជែកនិងចែករំលែកបទពិសោធន៍ស្តីពីបច្ចេកវិទ្យាឌីជីថលរបស់សមាជិកអាស៊ាន និងជប៉ុនដើម្បីក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធន៍ទៅវិញទៅមកក្នុងទិសដៅជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងប្រទេសក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសជប៉ុន៕839E64BC-136E-4E7F-9AF5-D490E1A61C0D

Comments

Related posts