កម្ពុជាប្រកាសឱ្យប្រើប្រាស់ក្រមបរិស្ថាន និងធនធានធម្មជាតិ ក្រោយចំណាយពេលតាក់តែង៨ឆ្នាំ ផ្អែកលើគោលការណ៍ក្នុងវិស័យបរិស្ថានសំខាន់ៗចំនួន៣

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៩ ០៦ ២០២៤

IMG_5799

IMG_5795

IMG_5797

IMG_5800

IMG_5794-1

ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យប្រើប្រាស់ក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលចំណាយពេលតាក់តែង៨ឆ្នាំ ដោយក្រមនេះ មាន១២គន្ថី និង៨៦៥មាត្រា ដោយផ្អែកលើគោលការណ៍សំខាន់៣រួមមានទី១. លិខិតបទដ្ឋាន គតិយុត្តក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិត្រូវបានធ្វើសមាហរណកម្ម, ទី២. លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងវិស័យបរិស្ថាននិងធនធានធម្មជាតិត្រូវបានធ្វើសុខដុមនីយកម្ម និងទី៣. លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ត្រូវបានធ្វើទំនើបកម្ម ឱ្យឆ្លើយតបនឹងនិន្នាការវិវត្តន៍នៃសង្គម។
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រមបរិស្ថាន និងធនធានធម្មជាតិ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រមនេះប្រមូលផ្តុំសំយោគ បញ្ចូលគ្នានូវបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគិតយុត្តនានាជាធរមានពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធន ធម្មជាតិ ដោយធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងទំនើបកម្មឱ្យមានភាពជាក់ស្តែងនិយម សង្គតិភាព វិសាលភាពទូលំទូលាយគ្រប់ជ្រុងជ្រោយ និងភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីក្លាយជាបទបញ្ញត្តិគោល ដែលបានកំណត់ពីដែនសមត្ថកិច្ចនៃក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅសម្របសម្រួលដល់ការអនុវត្តមុខងារ និង តួនាទីភារកិច្ចរៀងៗខ្លួន ក្នុងស្មារតីឯកភាពជាតិ ស្របទៅនឹងការរីកចម្រើននៃសង្គមកម្ពុជាថ្មី។ ជាមួយគ្នានេះ ក៏ជាការបំពេញបន្ថែម និងមានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាជាមួយនឹងច្បាប់ពាក់ព័ន្ធនានាដូចជា ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល ច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្ម ធនធានរ៉ែ ច្បាប់ភូមិបាល ច្បាប់ស្ដីពីទេសចរណ៍ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក។ល។ ក្នុងគោលដៅបន្តជំរុញដំណើរការ អភិវឌ្ឍន៍ប្រទេសជាតិ និងការពង្រឹងនីតិរដ្ឋទៅកាន់ដំណាក់កាលថ្មីនៅលើមាគ៌ាចីរភាព។
ក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានគាំទ្រគំនិតនិងផ្តួចផ្តើមឱ្យរៀបចំពីដំបូងដោយសម្តេច វិបុលបញ្ញា សុខ អាន។ ដំណើរការនៃរៀបចំតាក់តែងក្រមនេះ គឺបានចំណាយពេលយ៉ាងយូរតាំងពីឆ្នាំ២០១៥មក គិតមកទល់ពេល នេះមានរយៈពេលជិត៨ឆ្នាំ ដោយបានប្រជុំជាច្រើនលើកច្រើនសាជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ។ ក្រមនេះ ត្រូវបានសម័យប្រជុំលើកទី៩ នីតិកាលទី៦នៃរដ្ឋសភា បានធ្វើការពិភាក្សា និងអនុម័ត កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន វត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន១០០រូប។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា ក្រមបរិស្ថាននិងធនធានធម្មជាតិ អាចដើរតួជាគោលការណ៍គ្រឹះ និងជាក្របខ័ណ្ឌរួមសម្រាប់ចូលរួមរកដំណោះស្រាយគ្រប់ជ្រុងជ្រោយនិងសម្របសម្រួល ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងតុល្យភាពចំពោះបណ្តាបញ្ហាស្មុគស្មាញជាច្រើន ដែលបាននិងកំពុងបន្តកើតមានឡើង ក្នុងវិស័យ បរិស្ថាននិងធនធានធម្មជាតិដោយសារអន្តរកម្មជិតស្និទ្ធជាមួយវិស័យផ្សេងៗជាច្រើន ជាពិសេស សេចក្ដីព្រាង ក្រមនេះ នឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវភាពខ្វះចន្លោះ ភាពមិនច្បាស់លាស់ ឬភាពហួសសម័យនៃបទប្បញ្ញត្តិ ច្បាប់មួយចំនួន ដោយសារភាពស្មុគស្មាញ និងការវិវត្តយ៉ាងលឿនផ្នែកបច្ចេកទេសបរិស្ថាន, ដោះស្រាយបញ្ហាដែន សមត្ថកិច្ចត្រួតគ្នា និងធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្របសម្រួលរវាងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការងារគ្រប់គ្រង បរិស្ថាននិងធនធានធម្មជាតិ និងលើកកម្ពស់ប្រសិទ្ធភាពការងារអភិរក្សនិងអភិវឌ្ឍន៍នៅកម្ពុជា។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានរៀបចំធ្វើការបោះពុម្ពក្រមនេះ ដើម្បីចែកជូនដល់មន្ត្រីនៃក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អ្នកវិជ្ជាជីវៈច្បាប់ តុលាការ មន្ត្រីអនុវត្តច្បាប់ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីជាការចូល រួម ចំណែកក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងផ្នែកបរិស្ថាន និងធនធានធម្មជាតិរបស់ប្រជាពលរដ្ឋ គ្រប់ៗគ្នា សំដៅចូលរួមគ្រប់គ្រង ការពារ អភិរក្ស និងស្តារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះបេតិកភណ្ឌធម្មជាតិ និងវប្បធម៌ ព្រមទាំងធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងការចូលរួមថែរក្សានូវភាពរុងរឿង និងឧត្តមភាព ជាតិ សម្រាប់ពលរដ្ឋកម្ពុជាគ្រប់ជំនាន់៕

Comments

Related posts