សិក្ខាសាលាលើកទី២៣ នៃសមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ “រួមគ្នាដើម្បីលើកកម្ពស់សុខភាពស្ត្រី”

វិទ្យុជាតិកម្ពុជា៖

 

 រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាលើកទី២៣ នៃសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ “រួមគ្នាដើម្បីលើកកម្ពស់សុខភាពស្ត្រី” នៅសណ្ឋាគារភ្នំពេញ។

 

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានសមាគម លោក លោកស្រី សមាជិក សមាជិកា សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ភ្ញៀវកិត្តិយសជាតិអន្តរជាតិ ព្រមទាំងស្វាគមន៍ចំពោះវត្តមានលោក លោកស្រីជាវាគ្មិនអញ្ជើញមកពីក្នុងប្រទេស និងអន្តរជាតិ ផងដែរ។

 

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ថាសិក្ខាសាលាលើកទី២៣ របស់សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជានាពេលនេះ សង្ឃឹមថានឹងផ្តល់ឱកាស និងចែករំលែកចំណេះដឹងជាច្រើន ដល់សមាជិក សមាជិកាសមាគម ក៏ដូចជាអ្នកចូលរួមទទួលបានចំណេះដឹង បទពិសោធន៍ និងរបកគំហើញថ្មីៗ នៅក្នុងសកលលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផ្ទាល់។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា សង្ឃឹមថាសមាគមនឹងរៀបចំឱ្យមានសិក្ខាសាលានេះយ៉ាងទៀងទាត់ ដែលបញ្ជាក់ឱ្យឃើញនូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំ មានជំហរស្មារតីទទួលខុសត្រូវ និងដើម្បីចូលរួមបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈបន្ថែមទៀត។

 

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានគូសរំលេចដែរថា នាពេលថ្មីៗនេះដែរ កាលពីថ្ងៃទី០៥ តុលា ២០២៣ កន្លងទៅក្រសួងសុខាភិបាល ក៏បានប្រកាសដាក់ចូលការចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនលើកុមារីអាយុ៩ឆ្នាំ ចូលក្នុងកម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិ សំដៅលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ធកម្ពុជាយើងផង និងក៏ចូលរួមចំណែកក្នុងគោលដៅលុបបំបាត់ជំងឺមហារីកមាត់ស្បូននាឆ្នាំ២០៣០ របស់អង្គការសុខភាពពិភពលោក (WHO)ផងដែរ។

 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមអំពាវនាវដល់ថ្នាក់ដឹកនាំ និងសមាគមសម្ភព និងរោគស្រ្តីវិទ្យាកម្ពុជា រួមគ្នាយកចិត្តទុកដាក់ក្នុងការពង្រឹងការលើកកម្ពស់សុខភាពមាតា ទារក និងកុមារនៅកម្ពុជា ទាំងផ្នែកសេវាសាធារណៈ ជាពិសេសសេវាឯកជន។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុសាសន៍គន្លឹះជាអាទិភាពមួយចំនួន ជូនដល់អង្គសិក្ខាសាលា ដោយត្រូវយកចិត្តទុកដាក់ទៅលើ៖ ១)ការកសាងសមត្ថភាពបន្ថែមតាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលបន្ថែម និងបង្កើនគ្រូបង្គោលបន្ថែម ២)និយាមក្រមសីលធម៌វិជ្ជាជីវៈ ៣) ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈ ៤) ការចូលរួមពីសហគមន៍ និងប្រព័ន្ធទំនាក់ទំនងឱ្យបានជិតស្និត។

 

ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ និងកោតសរសើរដល់ សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា ដែលបានរៀបចំសនិ្នបាតនេះឡើង និងក៏អរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិនទាំងជាតិ និងអន្តរជាតិ សម្រាប់ការចែករំលែកបទពិសោធន៍ដ៏មានតម្លៃ និងអរគុណចំពោះការឧបត្ថម្ភគាំទ្រចំពោះសន្និបាតនេះ។

 

សិក្ខាសាលាលើកទី ២៣ របស់សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា មានរយៈពេល ១ថ្ងៃពេញ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ អង្គភាពមន្ត្រីសុខាភិបាលដែលជាសមាជិក សមាជិកា មកពីរាជធានីខេត្តទាំង២៥ សរុបអ្នកចូលរួមចំនួន ២៥០នាក់។FF54DC6A-90D8-40D7-95A2-119B2E7EC0E4B72D8C53-DF31-494B-8573-FB0B7CDE4E3298AF4649-89C3-459D-AC11-88FB931B3A8D8BCA5304-0999-48E8-9461-074BD5A4CAB98315F8B3-8028-4F4D-8557-9FF301067B7B

Comments

Related posts