រដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើ AIBD បន្ដគាំទ្រការប្រឆាំងនឹងព័ត៌មានក្លែងក្លាយតាមរយៈការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន

 

 

វិទ្យុជាតិកម្ពុជា លោកស្រី ប៉ុង សុភាវី ២១ ១១ ២០២៣

IMG_2630

IMG_2626

IMG_2625

IMG_2628

IMG_2627

IMG_2629

 

Mc រដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើ AIBD បន្ដគាំទ្រការប្រឆាំងនឹងព័ត៌មានក្លែងក្លាយតាមរយៈការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ដើម្បីប្រជាជន និងដោះស្រាយបញ្ហាព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានភាន់ច្រឡំ និងព័ត៌មានបំភ្លៃពីការពិត។

    នៅក្នុងពិធីបិទសិក្ខាសាលាស្ដីពី “អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយក្នុងការដោះស្រាយបញ្ហាព័ត៌មានក្លែងបន្លំ” រៀបចំឡើងដោយក្រសួងព័ត៌មាន និង វិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិកដើម្បីប្រព័ន្ធផ្សព្វផ្សាយ(AIBD) នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន  ឯកឧត្ដមបានថ្លែងអំណរគុណដល់វិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិកដើម្បីប្រព័ន្ធផ្សព្វផ្សាយ(AIBD) ដែលបានបង្កើតសិក្ខាសាលានេះ ដើម្បីដោះស្រាយបញ្ហា ដែលកើតឡើងពីព័ត៌មានក្លែងក្លាយ ព័ត៌មានបន្លំ ព័ត៌មានភាន់ច្រឡំ និងព័ត៌មានបំភ្លៃ នៅប្រទេសកម្ពុជា ក៏ដូចជាតំបន់។ ឯកឧត្តម បានលើកឡើងថា ការបណ្ដុះបណ្ដាល នាពេលនេះគឺជាធាតុផ្សំយ៉ាងសំខាន់ ពីព្រោះប្រទេសកម្ពុជាមានព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិតច្រើន។  ឯកឧត្តមបានឱ្យដឹងថា  ក្រសួងព័ត៌មាន បានបង្កើតគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ ដោយមានការសហការពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងមហាផ្ទៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ 

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា បច្ចុប្បន្នមានការកើន​ឡើង​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្នុង​សង្គម ដូចជា Facebook និង TikTok ជាដើម ដែលកំពុងតែពេញនិយម និងក្លាយជាប្រភពសំខាន់សម្រាប់ប្រជាជនកម្ពុជា ហើយវាងាយស្រួល សម្រាប់អ្នកដែលមានបំណងបង្កើតគណនីក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានយ៉ាងលឿន ដែលអាចធ្វើឱ្យប្រជាជនពិបាកកំណត់អត្តសញ្ញាណថា ព័ត៌មានណាក្លែងក្លាយ ព័ត៌មានណាដែលពិត។

    លោកស្រី Dinnierose Raiko អ្នកគ្រប់គ្រងកម្មវិធី (AIBD) បានលើកឡើងថា ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត បានក្លាយទៅជា បញ្ហាសកលដ៏សំខាន់ រួមទាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។ ព័ត៌មានក្លែងក្លាយបង្កបញ្ហាប្រឈមដល់សុខុមាលភាពរបស់ប្រជាជន រារាំងការអភិវឌ្ឍន៍ជាតិ និងបំផ្លាញ ទំនុកចិត្តលើគោលនយោបាយ និងការដឹកនាំរបស់រដ្ឋាភិបាល។ ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីធានាបាននូវសុវត្ថិភាព និងស្ថិរភាពជូនជាតិ។ ដូចនេះការរួមសហការជាមួយ​ក្រសួង​ព័ត៌មាន គឺជារឿងសំខាន់ពីព្រោះប្រព័ន្ធផ្សព្វផ្សាយជាសមាសភាព លុបបំបាត់បាននូវព័ត៌មានមិនពិត។

        សូមបញ្ជាក់ថា សិក្ខាសាលាស្ដីពី "អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយក្នុងការដោះស្រាយបញ្ហាព័ត៌មានក្លែងបន្លំ" ក្រោមការរៀបចំឡើងដោយ វិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិកដើម្បីប្រព័ន្ធផ្សព្វផ្សាយ (AIBD)នេះគឺមានរយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានសិក្ខាកាមមកពីអគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មាន app  និងសោតទស្សន៍ ដើម្បីផ្ដល់នូវចំណេះដឹងបន្ថែមទៀត ក្នុងការរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានបន្លំ ព័ត៌មានភាន់ច្រឡំ និងព័ត៌មានបំភ្លៃ៕   

Comments

Related posts