វេទិកា AMF និងកិច្ចប្រជុំ MGMAC ឆ្នាំ២០២២ រួមគ្នាកសាងទីក្រុងឆ្លាត មានភាពធន់ និងចីរភាពប្រកបដោយបរិវត្តន៍កម្ម

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០២.១២.២០២២

 

អភិបាលរាជធានីភ្នំពេញ ថ្លែងថា កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ានឆ្នាំ២០២២នេះ (AMF 2022) នឹងក្លាយជាវេទិកាផ្លាស់ប្តូរ ចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍ ដើម្បីកសាងទីក្រុងឆ្លាត មានភាពធន់ និងចីរភាពប្រកបដោយបរិវត្តន៍កម្ម និងបរិយាប័ន្នតាមគន្លងប្រក្រតីភាពថ្មី ។

    អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍...............................

ក្នុងកិច្ចប្រជុំពេញអង្គ "វេទិកាអភិបាលក្រុងអាស៊ាន និង កិច្ចប្រជុំអភិបាលរាជធានី- រដ្ឋធានីអាស៊ាន ២០២២” នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ថ្លែងថា ប្រធានបទសម្រាប់វេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំ អភិបាលរាជធានី-រដ្ឋធានីអាស៊ានឆ្នាំ២០២២នេះ មានលក្ខណៈសមស្របទៅនឹងមូលបទរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ ដែលបានឆ្លុះបញ្ចាំងពីការតាំងចិត្ត ក្នុងការជំរុញនិងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង មិនត្រឹមតែដើម្បីដោះស្រាយឆ្លើយតបទៅនឹងបញ្ហាប្រឈមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែស៊ី ជម្រៅ ដើម្បីស្ដារឡើងវិញប្រកបដោយបរិយាប័ន្នចីរភាពនិងភាពធន់នៅក្នុងបរិបទនៃជំងឺកូវីដ១៩ ។ 

   ឯកឧត្តមបានបន្តថា ការកើនឡើងភាពស្មុគស្មាញនៃការប្រឈមចំពោះសន្តិសុខមិនមែនជាប្រពៃណី តួយ៉ាងការរាលដាលនៃការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ គួបផ្សំនឹងល្បឿននៃបរិវត្តន៍ឌីជីថល បានបង្វែរការយកចិត្តទុកដាក់ដែលមិនមែនផ្ដោតលើតែកង្វល់ចំពោះមុខ នឹងការឆ្លើយតបបែបប្រតិកម្មនោះឡើយ ប៉ុន្តែវាទាមទារឱ្យទាំងអស់គ្នា មានការគិតគូរទុកជាមុនចំពោះព្រឹត្តិការណ៍ដែលនឹងកើតមានឡើងជាយថាហេតុ ។ 

    ឯកឧត្តមបានបន្តទៀតថា តាមរយៈកិច្ចប្រជុំទីក្រុងនាពេលនេះ នឹងក្លាយជាវេទិកាការផ្លាស់ប្តូរ ចែករំលែកចំណេះដឹង បទពិសោធន៍និងឧត្តមានុវត្តន៍ ជុំវិញបញ្ហាប្រឈម និងការផ្ដល់អាទិភាពគោលការណ៍ កាលានុវត្តភាព និងការផ្តល់អនុសាសន៍ល្អៗផ្សេងៗទាំងអស់ ក្នុងទិដ្ឋភាពរបស់រដ្ឋបាលក្នុងតំបន់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនឹងជំរុញកិច្ចសហប្រតិបត្តិការស៊ីជម្រៅមួយកម្រិតបន្ថែមទៀត ។

សំឡេង ៖« ខ្ញុំជឿជាក់ថាការជួបជុំនាពេលព្រឹកនេះ ពិតជាបានគូសបញ្ជាក់ពីការ ផ្ដល់អាទិភាពនិងការប្ដេជ្ញាចិត្តដ៏មុតមាំ របស់រាជធានី-រដ្ឋធានីអភិបាលខេត្ត ទីក្រុងសម្ព័ន្ធមេត្រី និងបណ្តាទីក្រុងអាស៊ានក្នុងការកសាងអនាគតមួយ ដែលត្រៀមរួចជាស្រេចសម្រាប់សហគមន៍អាស៊ាន ក្នុងន័យជារួម និងសម្រាប់ប្រជាជាតិនិងប្រជាជននៃទីក្រុងនីមួយៗក្នុងន័យដោយឡែក »។ 

   ឯកឧត្តមបានបន្ថែមទៀតថា ទន្ទឹមគ្នានេះការមកដល់នៃការវិវត្តឧស្សាហកម្ម០.៤ ក៏តម្រូវឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការសម្របសម្រួលទទួលយកនូវបច្ចេកទេសនិងនវានុវត្តន៍ថ្មីៗ ជាពិសេសការចាប់យកនូវនវានុវត្តន៍ភាពនៃបរិវត្តកម្មឌីជីថលដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាក្នុងដំណើរការ ។

សូមបញ្ជាក់ថា វេទិកា AMF និងកិច្ចប្រជុំ MGMAC ឆ្នាំ២០២២នេះ ប្រារព្ធធ្វើឡើងចំនួន២ថ្ងៃ ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ដែលមានសារសំខាន់ក្នុងការអនុញ្ញាតឲ្យបណ្ដារដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងនៅថ្នាក់រាជធានី ឬរដ្ឋធានី ខេត្ត ក៏ដូចជាក្រុង ស្រុក របស់ប្រទេសជាសមាជិកអាស៊ាន អាចជួបប្រជុំគ្នាជជែកលើបញ្ហាប្រឈម ក៏ដូចជាចែករំលែកបទពិសោធន៍ល្អៗដែលខ្លួនមាន ដែលជាដំណោះស្រាយអាចយកអនុវត្តបាន ជាពិសេសក្នុងកាលៈទេសៈនៃការស្តារឡើងវិញរបស់ទីក្រុងនីមួយៗ នៅក្រោយវិបត្តិជំងឺកូវីដ១៩។វេទិកា និងកិច្ចប្រជុំខាងលើនេះ គឺបានចូលរួមជំរុញកិច្ចសហប្រតិបត្តិការ សន្តិភាព សាមគ្គីភាព និងសុខដុមនីយកម្មរវាងរដ្ឋបាលមូលដ្ឋានរបស់ប្រទេសជាសមាជិកអាស៊ាន ជាមួយនឹងរដ្ឋបាលមូលដ្ឋាន នៃបណ្ដាប្រទេសជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន៕IMG_20221202_154821_682IMG_20221202_154813_292IMG_20221202_154810_020IMG_20221202_154808_541IMG_20221202_154806_460IMG_20221202_154803_023IMG_20221202_154753_070

Comments

Related posts