សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសភានិយាយភាសាបារាំង (APF)

ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ប្រ៊ុយណូ ហ្វូស (Bruno Fuchs)  អគ្គប្រតិភូនៃសភានិយាយភាសាបារាំង (APF) និងសហការី  ដែលអញ្ជើញមកពីសភានៃបណ្ដាប្រទេសមួយចំនួននិយាយភាសាបារាំង។

សម្តេចរដ្ឋភាធិបតី  បានសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីក្នុងក្របខណ្ឌនៃសភានិយាយភាសាបារាំង ក្នុងការជំរុញការទូតសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងការជំរុញសមភាពយេនឌ័រ ការផ្តល់ភាពអង់អាចដល់ស្រ្តី ការលើកកម្ពស់វិស័យវប្បធម៌ និងការយកចិត្តទុកដាក់ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម។

ភាគីកម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើក្របខណ្ឌការងារយុទ្ធសាស្រ្តរបស់ APF ឆ្នាំ២០២៣ -២០៣០ ក្នុងនោះរួមមានការពង្រឹងការងារការទូតសភា ការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក ការពង្រឹងឯករាជ្យភាព កិច្ចសហប្រតិបត្តិការ និងការធ្វើសុខដុមនីយកម្មច្បាប់។

ក្រោយ ពីបាន អរគុណ  APF ដែល បាន ដក សភា កម្ពុជា ចេញ ពី បញ្ជី ស្ថិត នៅ ក្នុង ការ ឃ្លាំ មើល លើ បញ្ហា នយោបាយ កាល ពី ឆ្នាំ ២០២៣មក សម្តេចប្រធានរដ្ឋសភាបានស្នើឱ្យ APF ជួយការងារ មួយ ចំនួន ទៀត នៅ កម្ពុជា ដូច ជាវិស័យសុខាភិបាល ការ បណ្ដុះបណ្ដាល ធនធាន មនុស្ស ផ្នែកភាសា បារាំង នៅ សភា កម្ពុជា និងការងារកំណែទម្រង់ ឱ្យ ទៅ ជា សភា ឌីជីថល។

សម្តេចរដ្ឋសភាធិបតី  ក៏បានបន្ថែមទៀតថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាស្ពានតភ្ជាប់ភាសានិង វប្បធម៌ បារាំង នៅ អាស៊ីអាគ្នេយ៍ តាមរយៈ ការ គាំទ្រ លើ សំណើ របស់ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះ រាជាណាចក្រកម្ពុជា ឱ្យ បារាំងបង្កើតមជ្ឈមណ្ឌល ភាសា និង វប្បធម៌ បារាំង នៅ កម្ពុជា ប្រចាំ តំបន់ អាស៊ីអាគ្នេយ៍ ។  សម្តេចបវរធិបតី បានជ្រើសរើសប្រទេសបារាំងជាប្រទេសទី១  ក្នុងការមកបំពេញទស្សនកិច្ចជាផ្លូវការ បន្ទាប់ពីបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី។ 

លោក ប្រ៊ុយណូ ហ្វូស បានលើកឡើងថា កម្ពុជា ជា ប្រទេស និយាយ ភាសា បារាំង មួយ ដ៏ សំខាន់ សម្រាប់ APF នៅ អាស៊ីអាគ្នេយ៍ និង ជា សមាជិក APF ដ៏សកម្ម ដែល លោក ចង់ ឃើញ មាន កិច្ច សហប្រតិបត្តិការ កាន់ តែ ច្រើន ថែម ទៀត។ លោក បាន គូស បញ្ជាក់ ផង ដែរថា ក្នុង នាម ជា តំណាង រាស្ត្រ សមាជិក APF ត្រូវ តែ យក ការ សន្ទនា ជា មួយ ប្រជា ពលរដ្ឋ ជា ចំបង ទោះបី ជា ក្នុង ករណីខ្លះ ទំនាក់ទំនង រវាង រដ្ឋាភិបាល ត្រូវ បាន កាត់ ផ្ដាច់ ក៏ ដោយ ហើយ ថា APF នឹង គាំទ្រ យ៉ាង ពេញ ទំហឹង លើ បេក្ខភាព របស់ កម្ពុជា ក្នុង ការ ធ្វើ ជា ម្ចាស់ ផ្ទះ រៀបចំកិច្ចប្រជុំ កំពូលហ្វ្រង់កូហ្វូនី នៅ ឆ្នាំ ២០២៦។

លោកបានបន្ថែមថា APF និងកម្ពុជាអាចធ្វើការជាមួយគ្នាបន្ថែមទៀតទាក់ទងទៅនឹងបញ្ហាប្រឈមស្រដៀងគ្នា ក្នុង បណ្ដា ប្រទេស ជា សមាជិក តួយ៉ាងដូចជា បញ្ហាស្រ្តី ការប្រែប្រួលអាកាសធាតុ ការខ្ជះខ្ជាយចំណីអាហារ និងថ្នាំពេទ្យជាដើម។

សូម បញ្ជាក់ ថា សភាកម្ពុជាជាសមាជិកមួយ ក្នុង ចំណោម សមាជិកទាំង ៨៧របស់ APF ដែល បាន ចាប់ កំណើត ឡើង នៅ ឆ្នាំ ១៩៦៧ នៅប្រទេស លុចសំបួរ៕photo_2024-03-05_21-44-29photo_2024-03-05_21-44-32photo_2024-03-05_21-44-35photo_2024-03-05_21-44-40

photo_2024-03-05_21-44-47

Comments

Related posts