វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៧ មីនា ២០២៥
អន្តរជាតិ៖ លោក Marco Rubio រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកបាននិយាយគ្នាជាមួយលោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ដោយបានពិភាក្សាអំពីដំណាក់កាលបន្ទាប់ទៀតក្នុងកិច្ចពិភាក្សាសំដៅទៅលើការបិទបញ្ចប់សង្រ្គាមរបស់រុស្ស៊ី-អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយថា ប្រមុខការទូតទាំងពីរ បានឯកភាពគ្នាបន្តធ្វើការឆ្ពោះទៅរកការស្តារការទាក់ទងរវាងសហរដ្ឋអាមេរិក និងរុស្ស៉ី។ យ៉ាងណាមិញអ្នកនាំពាក្យមិនបានផ្តល់ព័ត៌មានលម្អិតថា តើនៅពេលណាកិច្ចពិភាក្សាជុំបន្ទាប់រវាងអាមេរិកនិងរុស្ស៊ីដែលកំពុងទទួលរៀបចំដោយអារ៉ាប៊ីសាអូឌីត នឹងចាប់ផ្តើមឡើងនោះទេ។ គួរបញ្ជាក់ថា នាពេលថ្មីៗកន្លងទៅនេះ ទោះមានភាពតានតឹងរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនក៏ដោយ ក៏ទីក្រុងកៀវបានយល់ស្របចំពោះសំណើបទឈប់បាញ់មួយ ដែលមានរយៈពេល ៣០ថ្ងៃរបស់អាមេរិក។ ប៉ុន្តែលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី មិនទាន់បានយល់ព្រម ទទួលយកបទឈប់បាញ់នោះនៅឡើយទេ ហើយផ្ទុយទៅវិញលោកបានកំណត់លក្ខខណ្ឌផ្សេង ហួសពីអ្វីដែលមាននៅក្នុងការព្រមព្រៀងគ្នារវាងអាមេរិក និងអ៊ុយក្រែន៕