សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យមានវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ

Narith | ថ្ងៃទី 17 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៧ ៣ ២០២៥

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យមានវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ ខណៈការបំពុលទឹកនៅតែបន្តកើតមានឡើងបង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋដែលអាស្រ័យប្រភពទឹកទាំងនោះ។

យោងតាមសារាចរ ស្តីពីវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការងារតាមដាន ត្រួតពិនិត្យការបំពុលទឹក និង ការទប់ស្កាត់ការសាយភាយសារធាតុពុលចូលក្នុងបរិស្ថាន ក៏ត្រូវបានដាក់បញ្ចូលជាផែនការសកម្មភាពនៃកម្មវិធីនយោបាយ សំដៅធានាបាននូវការគាំទ្រដល់ការអភិវឌ្ឍ និងការប្រើប្រាស់ប្រកបដោយចីរភាព ការការពារសុខភាពសាធារណៈនិងជីវៈចម្រុះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា កន្លងមក រាជរដ្ឋាភិបាលបានសង្កេតឃើញថា ទោះបីជាមានបញ្ញត្តិវិធានការគ្រប់គ្រងនិងត្រួតពិនិត្យ ការបំពុលទឹក ប្រភពទឹកសាធារណៈ បានចែង នៅក្នុងច្បាប់ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមួយចំនួនក្តី ក៏ការអនុវត្តវិធានការការពារគុណភាពទឹកតំបន់ទឹកសាធារណៈ រួមទាំងវិធានការគ្រប់គ្រងនិងត្រួតពិនិត្យ ការបញ្ចេញសំណល់រាវឬសារធាតុបំពុលទឹកពីប្រភពបំពុលនានា នៅមានកម្រិតនិងមិនទាន់ឆ្លើយតបទៅនឹង កំណើនសកម្មភាពនៃការអភិវឌ្ឍនាពេលថ្មីៗនេះ ដែលជាហេតុបង្កឱ្យមានកង្វល់អំពីការបំពុលប្រភពទឹក សាធារណៈនិងសុខភាពប្រជាពលរដ្ឋដែលអាស្រ័យនឹងប្រភពទឹកទាំងនោះ។ 
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្តល់កិច្ចសហការដល់ក្រសួង បរិស្ថាន ដើម្បីអនុវត្តវិធានការដូចជា ជំរុញម្ចាស់កម្មសិទ្ធិឬអ្នកទទួលខុសត្រូវនៃរោងចក្រ សហគ្រាស សួនឧស្សាហកម្ម តំបន់ សេដ្ឋកិច្ចពិសេស អាជីវកម្មធនធានរ៉ែ មូលដ្ឋានសុខាភិបាល ទីសត្តឃាត និងមន្ទីរពិសោធន៍ជាដើម ត្រូវបំពាក់និងដំណើរការប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ និងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងមានផែនការ មធ្យោបាយ និងសម្ភារៈបច្ចេកទេសឆ្លើយតបបន្ទាន់ក្នុងករណីកើតមានឧបទ្ទវហេតុការបំពុលទឹក។ បន្ថែមពីនោះទៀត ម្ចាស់កម្មសិទ្ធិឬអ្នកទទួលខុសត្រូវនៃអគារអាជីវកម្ម សេវាកម្ម បុរីលំនៅឋាន អគារសហកម្មសិទ្ធិ រមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ ផ្សារទំនើប ឬមណ្ឌលកម្សាន្តជាដើម ត្រូវបំពាក់ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យស្របតាមស្តង់ដាសុវត្ថិភាពបរិស្ថាន មុននឹងបង្ហូរទៅតំបន់ទឹក សាធារណៈ ឬបង្ហូរចូលបណ្តាញលូសាធារណៈ ដែលភ្ជាប់ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់រួម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ត្រូវជំរុញការអនុវត្តនិរន្តរភាពកសិកម្ម តាមរយៈការគ្រប់គ្រង ការប្រើប្រាស់ជីកសិកម្ម ថ្នាំកសិកម្ម សារធាតុចិញ្ចឹម ឱ្យបានសមស្របតាមលក្ខខណ្ឌសុវត្ថិភាពនិងស្តង់ដាបរិស្ថាន ចៀសវាងការបង្ហូរ ឬលេចជ្រាបសំណល់រាវពីតំបន់កសិកម្ម ដែលបង្កការបំពុលដល់ប្រភពទឹកសាធារណៈ និងត្រូវជំរុញកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែនជាមួយបណ្តាប្រទេសជិតខាងនិងក្នុងតំបន់ និងចូលរួមសហការចាត់វិធានការបន្ទាន់ក្នុងការកាត់បន្ថយការបំពុលទឹកសាធារណៈ ដោយ អនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ បន្ថែមពីនោះទៀត ជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមដាននិងគ្រប់គ្រងគុណភាពទឹកសាធារណៈ តាមរយៈ ការដំឡើងស្ថានីយតាមដានគុណភាពទឹកស្វ័យប្រវត្តិ កសាងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ គុណភាពទឹកសាធារណៈ និងបំពាក់រថយន្តតាមដានគុណភាពទឹកសាធារណៈចល័ត និងត្រូវជំរុញការសិក្សាស្រាវជ្រាវផ្នែកបរិស្ថានទឹក ផលប៉ះពាល់នៃការបំពុលទឹកដល់សុខភាពសាធារណៈ ជីវៈចម្រុះ និងសេដ្ឋកិច្ច និងការស្ដារគុណភាពទឹកដែលទទួលរងការបំពុល។ ក្រៅពីនោះត្រូវជំរុញលើកកម្ពស់ការយល់ដឹងនិងបំផុសការចូលរួមពីសាធារណជន ក្នុងកិច្ចគាំពារគុណភាពទឹកសាធារណៈ តាមរយៈការរៀបចំវេទិកាសាធារណៈ ការផ្សព្វផ្សាយសារ ឬភាពយន្តអប់រំខ្លីផងដែរ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យមានវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យមានវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យមានវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យមានវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យមានវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យមានវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ