វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥
MC. កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បាតុភូតធម្មជាតិខ្យល់កន្ត្រាក់ដ៏ខ្លាំងមួយ បានបោកបក់ ក្នុងភូមិសាស្ត្រខេត្តសៀមរាប បណ្តាលឱ្យរលំដើមឈើ ប៉ះពាល់លំនៅដ្ឋាននិងរងរបួសមនុស្សមួយចំនួនថែមទៀតផង។
តាមរយៈរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប គិតត្រឹមម៉ោង២០:០០នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ស្ដីពី បាតុភូតធម្មជាតិខ្យល់កន្រ្តាក់ លាយឡំជាមួយភ្លៀង នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាពិសេសក្រុងសៀមរាប និងនៅតាមបណ្តាស្រុកមួយចំនួនទៀត បង្ហាញថា៖ ១. ក្រុងសៀមរាប, រលំស្លាកគណបក្សចំនួន៤, របើកដំបូលផ្ទះ តារាងបាល់ទាត់ សិប្បកម្ម សំយ៉ាប កញ្ចុះ រោងចាំដី រោងប្រជាការពារ សាលាឆទានចំនួន៤៦ខ្នង, រលំដើមឈើ១៨ដើម, និងស្លាប់សត្វគោចំនួន១ក្បាល។
២. ស្រុកពួក រលំផ្ទះចំនួន៣ខ្នងទាំងស្រុង, របើកដំបូលសំយ៉ាបចំនួន ២៨ខ្នង, របួសស្រាលមនុស្សចំនួន០២នាក់ , ខូចខាតម៉ូតូចំនួន ០១គ្រឿង, រលំស្លាកគណបក្សភ្លើងទានចំនួន១ ។
៣. ស្រុកប្រាសាទបាគង រលំផ្ទះ តូបលក់ដូរ របើកដំបូលនឹងសំយាប ផ្ទះចំនួន៥៥ខ្នង , របួសមនុស្ស ៤នាក់ ស្រី ៣នាក់ (របួសធ្ងន់១នាក់ ភេទប្រុស របួសស្រាល៣នាក់)។
៤. ស្រុកជីក្រែង រលំដើមឈើចំនួន ០២ដើម ,ដាច់ខ្សែភ្លើង ធ្វើឲ្យត្រូវអ្នកដំណើរ ០១នាក់រងរបួស។
៥. ក្រុងរុនតាឯក របើកដំបូល និងបាក់សំយាបផ្ទះចំនួន៦៣ខ្នង។
៦. ស្រុកអង្គរជុំ របើកដំបូល និងបាក់សំយាប ចំនួន៧ខ្នង។
៧. ស្រុកស្វាយលើ រលំផ្ទះ របើកដំបូល និងបាក់សំយាប ចំនួន៤ខ្នង នឹងបាក់ដើមឈើមួយចំនួន។
៨. ស្រុកអង្គរធំ រលំផ្ទះ របើកដំបូល និងបាក់សំយាប ចំនួន១៧ខ្នង ។
ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានសរសេរបញ្ជាក់នៅលើទំព័រហ្វេកប៊ុករបស់ឯកឧត្តម កាលពីរាត្រីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ថា៖ ពិតជាគួរអោយសោកស្តាយណាស់ដែលបាតុភូតខ្យល់កន្ត្រាក់បក់បោកចូលដល់ក្រុង និងស្រុកមួយចំនួន ធ្វើអោយបងប្អួនយើង៥នាក់មានរបួស ហើយប៉ះពាល់ដល់ផ្ទះសំបែងនិងម៉ូតូមួយចំនួន។
រដ្ឋបាលខេត្តសហការជាមួយកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នឹងចុះពិនិត្យជួយឱ្យអស់លទ្ធភាព ។
សូមអរគុណដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ខ្ពស់មើលថែទាំអ្នករងរបួសទាំងអស់ទាន់ពេលវេលា ក៏សូមអរគុណដល់ស្នងការដ្ឋាន កំលាំងទាំងអស់ដែលបានជួយសំអាត រក្សាស្ថានភាពផ្លូវឱ្យល្អដូចដើម ដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទាំងអស់៕