វិទ្យុជាតិកម្ពុជា គឹមហឿនស្ទឹងត្រែង ថ្ងៃទី១៧ មិនា ឆ្នាំ២០២៥
ខេត្តស្ទឹងត្រែង . ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសហការជាមួយអាជ្ញាធរខេត្តស្ទឹងត្រែងនិងស្ថាប័នពាក់ព័ន្ធនិងមានការគាំទ្រពីអង្គការដៃគូWWF បានបើកយុទ្ធនាការហែលទឹកទន្លេមេគង្គ ពីខេត្តស្ទឹងត្រែងទៅខេត្តក្រចេះ ដើម្បីបង្ហាញពីការអភិរក្សសត្វផ្សោតមេគង្គឱ្យមានប្រសិទ្ធភាព។
ក្នុងយុទ្ធនាការហែលទឹកទន្លេមេគង្គ មានសត្វផ្សោត មានទេសចរណ៍សហគមន៍ មានជីវភាពប្រសើរឡើង ចាប់ចេញពីចំណុច ឆ្នេរខ្សាច់ភូមិបាចុងសង្កាត់ក្រុង ខេត្តស្ទឹងត្រែងទៅដល់មុខសាលាខេត្តក្រចេះ ថ្ងៃទី១៧ខែមីនាឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបញ្ជាក់ថា៖ កិច្ចសហប្រតិបត្តិការរួមគ្នានេះ ដើម្បីអភិរក្សសត្វផ្សោតដ៏កម្រឱ្យវាស្ថិតនៅគង់វង្សតទៅថ្ងៃអនាគត ព្រោះវាជាសមិទ្ធផលមានសក្តានុពលបម្រើឱ្យវិស័យទេសចរណ៍ដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា។
លោកជំទាវបន្តថា៖ក្នុងយុទ្ធនាការហែលទឹកនេះក៏ជាយន្តការថ្មីមួយទៀតបានដាស់ស្មារតីឱ្យប្រជានេសាទទាំងអស់បន្តគោរពច្បាប់ជលផល និងប្រឹងប្រែងរួមគ្នាអភិរក្សសត្វផ្សោតដែលមាននៅក្នុងទន្លេមេគង្គនេះឱ្យកាន់តែមានចំនួនកើនឡើង។
(សំឡេង)តាមរយៈការខិតខំប្រឹងប្រែងនេះ យើងឃើញថាក្នុងរយៈពេលបីឆ្នាំចុងក្រោយ ចំនួនសត្វផ្សោតមានការកើនឡើង តាមរយៈកូនផ្សោត ៥ ក្បាលដែលកើត នៅដើមឆ្នាំ២០២៥ ចំនួនសរុបនៃសត្វផ្សោតនៅទន្លេមេគង្គយើង បានកើនដល់ ១០៩ ក្បាលហើយ យើងសង្ឃឹមថា វានឹងកើនឡើងបន្តទៀតនិងសង្ឃឹមមួយទៀតមិនមានសត្វផ្សោតស្លាប់ ដោយសារតែការជាប់មង ឬរនងសន្ទូចនោះទេ។
លោកប៉ែន លីណាតអភិបាលរងខេត្តស្ទឹងត្រែងតំណាងអភិបាលខេត្តមានប្រសាសន៍ថា៖ក្តីសង្ឃឹមនេះតាមរយៈការអភិរក្សធនធានជីវ:ចម្រុះ ជាពិសេសសត្វផ្សោតពិតជាមានសក្តានុពលផ្តល់ដល់ការវិនិយោគសហគមន៍ និងបង្ហាញពីភាពស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកខេត្តស្ទឹងត្រែង និងធ្វើឱ្យផលប្រយោជន៍ដែលបានមកពីទន្លេមេគង្គ ស្ថិតនៅសម្រាប់យើងទាំងអស់គ្នា។
លោក ស្រីសមវិចិត្រ នាយខណ្ឌជលផលបានបញ្ជាក់ថា៖គុណតម្លៃនេះមន្ត្រីខណ្ឌជលផល ឆ្មាំទន្លេ ប្រជាសហគមន៍នេសាទនិងសមត្ថកិច្ចពាក់ព័ន្ធ បានពង្រឹងការងារអភិរក្សយ៉ាងសកម្ម ដើម្បីប្រយោជន៍រួម គឺអភិរក្សទាំងត្រីមេពូជ ត្រីបបែលយក្ស និងសត្វផ្សោត ។
លោកបន្តថា៖ជាក់ស្តែងនៅដើមឆ្នាំ២០២៥នេះក្រុមអភិរក្សដកហូតមងដាក់តាមអន្លង់អភិរក្សបានចំនួន៦.៦៧៥ម៉ែត្រ សន្ទូច៦.៩០២ផ្លែ ក្បាលឆក់២គ្រឿង ទូក២គ្រឿង អប់រំអ្នកនេសាទ៣៤នាក់ឱ្យធ្វើកិច្ចសន្យា៦នាក់ និងឃាត់ខ្លួន៤នាក់បញ្ជូនទៅតុលាការ ព្រោះលួចប្រើឧបករណ៍ឆក់ត្រីខុសច្បាប់ ។
សូមបញ្ជាក់ថា៖យុទ្ធនាការហែល ទឹកទន្លេមេគង្គនេះជាលើកទីមួយហើយ ដែលអាជ្ញាធរពាក់ព័ន្ធនិងអង្គការដៃគូWWF បានធ្វើឡើងដើម្បីជំរុញដាស់ស្មាតីបន្ថែម ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គឱ្យនាំគ្នាស្រឡាញ់ធនធានជីវ:ចម្រុះ ទុកប្រយោជន៍កូនចៅជំនាន់ក្រោយ។ក្នុងនោះដែរក្រុមអ្នកហែលទឹកប្រសិនប្រទះ ឃើញឧបករណ៍នេសាទដាក់នៅតាមអន្លុងហាមឃាត់ត្រូវរឹបអូសយកមកបំផ្លាញចោលផងដែរ ដើម្បីបង្ហាញពីជំហរទទួលខុសត្រូវលើការងារអភិរក្សធនធានជលផលទាំងអស់គ្នា៕