វិទ្យុជាតិកម្ពុជា៖ លោកវណ្ណៈ មន្ទីរព័ត៌មានខេត្តស្វាយរៀង
ស្វាយរៀង៖ លោកម៉ែន អេងអភិបាលរងខេត្តស្វាយរៀង និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធព័ត៌មានឯករាជ្យខេត្តស្វាយរៀងបានណែនាំដល់សមាគមសម្ព័ន្ធព័ត៌មានឯករាជ្យបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាព។
ក្នុងពិធីសំណេះសំណាល និងប្រកាសសមាសភាពថ្នាក់ដឹកនាំសមាជិកសមាជិកា សមាគមសម្ព័ន្ធព័ត៌មានឯករាជ្យខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ លោកម៉ែន អេងអភិបាលរងខេត្តស្វាយរៀងបានអំពាវនាវដល់សមាជិក សមាគមសម្ព័ន្ធព័ត៌មានឯករាជ្យទាំងអស់ ត្រូវចូលរួមធ្វើការវាយបកឱ្យបានទាន់ពេលវេលានូវព័ត៌មានណាដែលផ្សាយមិនពិតឬព័ត៌មានក្លែងក្លាយមកលើរាជរដ្ឋាភិបាលនិងបង្កអសន្តិសុខសង្គម។
ជាមួយគ្នានេះ លោកអភិបាលរង ក៏បានជំរុញឱ្យសមាជិកសមាគមសម្ព័ន្ធព័ត៌មានឯករាជ្យជួយផ្សព្វផ្សាយពីតម្រូវការការងារដល់ដល់កម្មករដែលមិនទាន់មានការងារធ្វើអាចមកដាក់ពាក្យធ្វើការតាមតម្រូវការរបស់រោងចក្រសហគ្រាសនានាកំពុងត្រូវការកម្លាំងពលកម្ម។
លោកបានអរគុណដល់សមាគមនេះ ដែលកន្លងមកបានជួយផ្សព្វផ្សាយពីការរីកចម្រើនរបស់ខេត្តពិសេសការរីកចម្រើនផ្នែកឧស្សាហកម្មរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស។
បច្ចុប្បន្នខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១១កន្លែងនិងមានរោងចក្រជាច្រើនរយរោងចក្រ ។
លោក វ៉ាសុជាតិ ប្រធានសមាគមសម្ព័ន្ធព័ត៌មានឯករាជ្យហៅថា IPA បានបញ្ជាក់ពីគោលបំណងនៃការប្រកាសសមាសភាពសមាគមសម្ព័ន្ធព័ត៌មានឯករាជ្យពេលនេះគឺដើម្បីពង្រឹងរចនាសម្ព័ន្ធរបស់សមាគមសម្ព័ន្ធព័ត៌មានឯករាជ្យ នៅគ្រប់ ក្រុង ស្រុក ឃុំ សង្កាត់ទូទាំងខេត្តដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីព្រមទាំងរួមគ្នាធ្វើការវាយបកព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត មកលើរាជរដ្ឋាភិបាលធ្វើឱ្យប៉ះពាល់ដល់សន្តិសង្គមធ្វើឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំទៅលើការអភិវឌ្ឍប្រទេសជាតិ។
លោក កែវចន្ទ លីប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង បានកោតសរសើរចំពោះសមាគមសម្ព័ន្ធព័ត៌មានឯករាជ្យ IPA ដែលត្រូវបានបង្កើតឡើងដោយបានរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយពីការអភិវឌ្ឍក្នុងខេត្តស្វាយរៀង៕