វិទ្យុជាតិកម្ពុជា គឹមហឿនស្ទឹងត្រែង ថ្ងៃទី១៨មីនាឆ្នាំ២០២៥
ខេត្តស្ទឹងត្រែង- មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង បានជំរុញកសិករឱ្យផលិតបន្លែសរីរាង្គឱ្យបានច្រើនមុខ ដើម្បីផ្គត់ផ្គង់ទៅទីផ្សារ និងបានទប់ទល់ជាមួយបន្លែនាំចូលមួយចំនួនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងដែលជិតឈានចូលមកដល់។
ក្នុងឱកាសចុះជួបកសិករដាំបន្លែត្រសក់ នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងខេត្តស្ទឹងត្រែងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ លោកទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានបញ្ជាក់ថា៖ នៅផ្សារស្ទឹងត្រែងបច្ចុប្បន្នមានបន្លែមួយចំនួនបាននាំចូលមកមានកាកសំណល់កសិកម្មច្រើនហួសកម្រិត អាចបង្កផលប៉ះពាល់សុខភាព អ្នកបរិភោគដោយសារកសិករយើងនៅក្នុងស្រុក ផលិតបន្លែមិនទាន់បានឆ្លើយតបតាមតម្រូវការទើបមានបន្លែខ្លះត្រូវនាំចូលមកពីប្រទេសជិតខាង ។
លោកបន្តថា៖ទោះជាយ៉ាងណាមន្ត្រីជំនាញកសិកម្មកំពុងបន្តជំរុញទៅដល់បងប្អូនប្រជាពលរដ្ឋ បង្កើតសួនបន្លែ ពិសេសសហគមន៍កសិកម្មដែលយើងបានរៀបចំហើយ ឲ្យបង្កើនលទ្ធភាពរបស់ខ្លួន ផលិតបន្លែយកមកផ្គត់ផ្គង់ទីផ្សារឲ្យបានគ្រប់ ឬក៏អាចលើសដើម្បីនាំចេញទៅតំបន់ផ្សេងៗទៀត។
ត្រង់ចំណុចនេះ មន្ត្រីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ គឺតែងតែចុះទៅជំរុញនិងលើកទឹកចិត្ត ឲ្យគាត់ដាំដុះ ដូចដែលគាត់ធ្វើកាលពីដំបូង គឺមានលក្ខណៈសកម្មមែនទែនយើងចង់ឲ្យសកម្មភាពនេះបន្តអនុវត្តរហូត ក្នុងផលប្រយោជន៍មួយ។ គឺសម្រាប់ខ្លួនគាត់និងគ្រួសារគាត់ ទេអត់មានអ្នកណាទៅដណ្ដើមយកផលប្រយោជន៍ពីគាត់ទេ គាត់ធ្វើច្រើនគាត់នឹងទទួលបានផលច្រើន។
លោកជុំចែមកសិករគំរូនៅភូមិរាជានុកូលសង្កាត់ស្ទឹងត្រែងបានបញ្ជាក់ថា៖ចំណុចនេះកសិករពិតជាចង់បាន ព្រោះបច្ចុប្បន្នពួកគាត់ខិតខំរួមគ្នាដាំបន្លែ ដូចជាត្រប់ , ម្ទេស, ននោង,ស្ពៃ -ត្រឡាច ល្ពៅ ,ល្ហុង. ត្រសក់ ព្រមទាំងដំណាំឈើហូបផ្លែផ្សេងៗទៀត ។
លោកបន្តថា៖ការដាំដុះបន្លែ គឺឈរលើការឧស្សាហ៍ព្យាយាម និងអនុវត្តតាមបច្ចេកទេសកសិកម្ម ទើបធ្វើឱ្យការផលិតបន្លែទទួលបានផលល្អតាមការណែនាំនេះ។
(សំឡេង)ការប្រមូលផលបន្លែសរីរាង្គចាប់ពីការប្រមូលផលមកខ្ញុំកាត់បន្ថយការប្រើថ្នាំគីមីដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ការប្រមូលផលនេះ យើងកាត់បន្ថយ ថ្នាំគីមីយើងជំនួសមកការបាញ់ M,150 ផ្លែដើម ដងល្អ ផ្លែមានរសជាតិផ្អែម ស្រួយឆ្ងាញ់ ហើយ ត្រសក់យើងអាចប្រមូលផល បានទិន្នផលខ្ពស់ ជាងអ្នកអត់ប្រើ M 150.។
លោកស្រីសម សុភា បានបញ្ជាក់ដែរថា៖បន្លែដែលកសិករផលិតបាននៅខេត្តស្ទឹងត្រែង មានអតិថិជននិយមបរិភោគច្រើនជាងបន្លែនាំចូល បន្ទាប់ពីប្រជាពលរដ្ឋយើង បច្ចុប្បន្នបានយល់ដឹងច្រើនពីបញ្ហាគ្រោះថ្នាក់ផ្នែកសុខភាព ដែលបណ្តាលមកពីការបរិភោគបន្លែមិនល្អ មានកាកសំណល់កសិកម្មច្រើនហួសកម្រិត ហើយមុនពេលចំអិនសម្អាតមិនបានស្អាតល្អនោះ ។
សូមបញ្ជាក់ថា៖ការផលិតបន្លែសរីរាង្គឬបន្លែសុវត្ថិភាពនេះ សម្រាប់គោលការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ គឺណែនាំកសិករឲ្យ ប្រើប្រាស់ជីធម្មជាតិ ច្រើនជាងជីគីមីកសិកម្ម ដែលគាត់ទិញយកទៅប្រើប្រាស់ ដើម្បីរួមគ្នាលើកកម្ពស់សុខភាពដល់អ្នកបរិភោគផង និងលើកកម្ពស់ផ្នែកទីផ្សារបញ្ជាទិញផង៕