វិទ្យុជាតិកម្ពុជា៖
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណនិងស្វាគមន៍ជានិច្ចចំពោះក្រុមហ៊ុន TotalEnergies និងដៃគូវិនិយោគជាច្រើនផ្សេងទៀត ដែលមានបំណងចូលរួមក្នុងការការពារបរិស្ថាន រួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដើម្បីកម្ពុជាឈានឆ្ពោះទៅសម្រេចគោលដៅ ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Dinah Kumar នាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ នាទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងសង្កត់ធ្ងន់ពីសារៈសំខាន់នៃ កិច្ចសហប្រតិបត្តិការ របស់ក្រសួងបរិស្ថានជាមួយដៃគូ វិស័យឯកជន ក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថាន និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។
ក្នុងជំនួបនេះ លោក Dinah Kumar នាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព ដោយសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការបំភាយឧស្ម័ន តាមរយៈវិនិយោគលើថាមពលកកើតឡើងវិញ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការវិនិយោគលើគម្រោង REDD+ របស់កម្ពុជា និងការអភិវឌ្ឍន៍ដំណោះស្រាយផ្អែកលើធម្មជាតិ (Nature based Solutions -NBS) ឈានទៅសម្រេចឱ្យបានតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកនាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញគោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា ឆ្ពោះទៅការអភិវឌ្ឍនដោយចីរភាព និងសុខដុមភាពបរិស្ថាន។