វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥
MC. ប្រតិភូនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានរៀបចំទិវារត់កម្សាន្តអបអរសាទរសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ នៅរមណីយដ្ឋានអង្គរ ខេត្តសៀមរាប នាវេលាព្រឹកថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២៥ ដើម្បីរៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ។
ក្នុងទិវារត់កម្សាន្ត អបអរសាទរសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៥ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពី ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឧត្តមមន្ត្រីមេគង្គ-ឡានឆាងកម្ពុជា លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប និងមានការអញ្ជើញចូលរួម ពីបណ្តាប្រទេសមានកិច្ចប្រតិបត្តិការមេគង្គ-ឡានឆាង ក៏ដូចជាសាធារណជនជាច្រើនផងដែរ។
ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ក្នុងឱកាសនោះថា ទិវារត់កម្សាន្តនេះ គឺដើម្បីអបអរសាទរ ខួបលើកទី៩ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ទិវានេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីភាពជោគជ័យ នៃការប្តេជ្ញាចិត្តរួមគ្នារបស់យើង និងរំលេចពីសមិទ្ធផលសំខាន់ៗ នៅក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងប៉ុណ្ណោះទេ ថែមទាំងបានចាប់យកឱកាសដ៏វិសេសវិសាលនេះ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៅតាមដងទន្លេមេគង្គ តាមរយៈការលើកកម្ពស់មិត្តភាព សាមគ្គីភាពនិងវិស័យកីឡា ដែលរួមចំណែកដល់ការកសាងសហគមន៍ ដែលមានអនាគតរួមគ្នា ប្រកបដោយសន្តិភាព ស្ថិរភាពនិងវិបុលភាព។ ឯកឧត្តមថា កម្ពុជាប្រកាន់ភ្ជាប់ស្មារតី និងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការសហការយ៉ាងជិតស្និទ្ធ ជាមួយមិត្តចិន និងបណ្តាប្រទេសមេគង្គទាំងអស់ ដើម្បីបន្តអនុវត្ត ឱ្យបានជោគជ័យនូវកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមយន្តការមេគង្គ-ឡានឆាង។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា មានប្រសាសន៍ស្វាគមន៍គណៈ ប្រតិភូទាំងអស់ ដែលបានអញ្ជើញមកចូលរួមរត់កម្សាន្តនៅលើទឹកដីអច្ឆរិយៈ ជាទីគោរពសក្ការៈបូជានៃកម្ពុជា។ ឯកឧត្តមថា ទិវារត់ថ្ងៃនេះ មិនមែនដើម្បីប្រកួតយកឈ្នះយកចាញ់នោះទេ គឺរត់ដើម្បីកម្សាន្តផង ដើម្បីសុខភាពផង ជាពិសេសគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៦ រួមមាន កម្ពុជា ចិន ឡាវ មីយាន់ម៉ា ថៃ និងវៀតណាម។ ឯកឧត្តមមានប្រសាសន៍បន្តថា កម្ពុជាពិតជាមានមោទនភាព ដែលបានឆ្លៀតឱកាស នៃទិវារត់កម្សាន្ត ដើម្បីរៃអង្គាសថវិកា ប្រគល់ជូនមន្ទីរពេទ្យកុមារ ក្នុងសកម្មភាពមនុស្សធម៌។
លើកនេះយើងរៀបចំកម្មវិធីរត់នៅអង្គរវត្តហ្នឹងគឺជាកម្មវិធីមួយដ៏សំបើម ដែលយើងមានមោទនភាព អ៊ីចឹងក្នុងហ្នឹងខ្ញុំក៏សប្បាយចិត្តដែរ ដែលយើងយកឱកាសហ្នឹងឆ្លៀតដើម្បីអង្គាសថវិកាមួយចំនួន ដើម្បីជួយទៅខាងពេទ្យគន្ធបុប្ផាហ្នឹង ដែលជាមន្ទីរពេទ្យមួយប្រវត្តិសាស្ត្រនៅក្នុងកម្ពុជា យើងដែលបានជួយកុមារនិងនារីក្នុងវិស័យសុខភាព។
សូមជម្រាបថា ថវិកាសប្បុរសធម៌ ដែលរៃអង្គាសបានពីសាធារណជន មានចំនួន៣,៣៦០ដុល្លារអាមេរិក និងថវិការៃអង្គាសពីបណ្តាស្ថានទូតនៃបណ្តាប្រទេសមេគង្គ-ឡានឆាង ក្រសួងស្ថាប័នពាក់ព័ន្ធ និងលេខាធិការដ្ឋានជាតិកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ចំនួន៤,៣២២ដុល្លារអាមេរិក ដែលថវិកាទាំងអស់នេះ និងប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្រោយកម្មវិធីប្រគល់រង្វាន់សម្រាប់ជ័យលាភីដែលរត់ឈ្នះបានបញ្ចប់៕