វិទ្យុជាតិកម្ពុជា៖ លោក ជួន បូណា ២៤ ០៣ ២៥
ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្ត្រី ថោ ជេដ្ឋា ថ្លែងថា ប្រទេសកម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អនូវការគ្រប់គ្រង និងកិច្ចសហប្រតិបត្តិការទឹកឆ្លងដែន ដើម្បីធានានូវសន្តិសុខទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពលើគ្រប់វិស័យ ទ្រទ្រង់ដល់ជីវភាព និងសុខុមាលភាពប្រកបដោយគុណភាព និងនិរន្តរភាពបរិស្ថាន។
ថ្លែងក្នុងឱកាសអញ្ជើញ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ចូលរួម វេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េលើកទី៣ ឆ្នាំ ២០២៥ ក្រោម ប្រធានបទ «ការ ពង្រឹងភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងទឹកប្រកបដោយចីរភាព» នៅទីក្រុង ដេជាន់ នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹក និង ឧតុនិយម មានប្រសាសន៍ថា ប្រទេសកម្ពុជា បានកំណត់ បេសកកម្ម និងមានចក្ខុវិស័យច្បាស់លាស់ លើវិស័យធនធានទឹក និង ឧតុនិយម ដើម្បីធានានូវសន្តិសុខទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពលើគ្រប់វិស័យ ទ្រទ្រង់ដល់ជីវភាព និងសុខុមាលភាពប្រកបដោយគុណភាព និងនិរន្តរភាពបរិស្ថាន ហើយ បានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អនូវការគ្រប់គ្រង និងកិច្ចសហប្រតិបត្តិការទឹកឆ្លងដែនក្នុងតំបន់មេគង្គឆ្ពោះទៅសម្រេចបាននូវការអភិវឌ្ឍប្រកប ដោយនិរន្តរ ភាព និងវិបុលភាពរួមគ្នាដើម្បី រួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់នូវជំហរ និងការប្តេជ្ញាចិត្ត ដើម្បីធ្វើកិច្ចសហការជាមួយប្រទេសកូរ៉េបណ្តាប្រទេសតំបន់មេគង្គទាំងអស់ និងដៃគូផ្សេងទៀត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូក្នុងកម្រិតខ្ពស់ថ្មីមួយ ដើម្បីសម្រេចបាននូវគោលដៅចុងក្រោយរួមគ្នា។
សូមបញ្ជាក់ថា វេទិកាទឹកអន្តរជាតិមេគង្គ- កូរ៉េ (MKWF) គឺជា កិច្ចប្រជុំដ៏មានសារសំខាន់មួយសម្រាប់កិច្ចសហការល្អ ក្នុងវិស័យទឹករវាងសាធារណរដ្ឋ កូរ៉េ និងតំបន់មេគង្គ ដែលបាន ចាប់ផ្តើមតាំងពីឆ្នាំ២០២២ ដោយមាន ការចូលរួមពី ប្រទេស នៃតំបន់មេគង្គ ទាំង៥ រួមមាន៖ ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិត ឡាវ សាធារណរដ្ឋ សហភាព មីយ៉ាន់ម៉ា ព្រះរាជាណាចក្រថៃ និងសាធារណរដ្ឋ សង្គមនិយម វៀតណាម។ គិតមកដល់ពេលនេះ វេទិកាបានប្រព្រឹត្តទៅចំនួន៣លើកគឺ វេទិកាលើកទី១ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល វេទិកាលើកទី២ ឆ្នាំ ២០២៣ នៅទីក្រុងអ៊ិនឆន និង វេទិកាលើកទី៣ ឆ្នាំ ២០២៥ នៅ ទីក្រុង ដេជាន់ នៃសាធារណរដ្ឋកូរ៉េ៕