វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៧ ០៣ ២០២៥
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អះអាងថា កម្ពុជាទទួលបានចំណាត់ថ្នាក់ ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក។
អំណះអំណាងនេះ ត្រូវបានឯកឧត្តមរដ្ឋមន្ត្រីថ្លែងទៅកាន់លោកស្រី Salimata D. Follea តំណាង ធនាគារពិភពលោកប្រចាំកម្ពុជា នៅក្នុងឱកាសជួបពិភាក្សាការងារ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។
កិច្ចសហការរវាងធនាគារពិភពលោក ជាមួយក្រសួងបរិស្ថានកន្លងមក គឺបានអនុវត្តលើគម្រោង គ្រប់គ្រង សំណល់រឹង នៅក្នុងដែនគម្រោងការពារធម្មជាតិ ធានានូវនិរន្តរភាពទេសភាព ការអភិរក្សធនធានធម្មជាតិ ការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ការទទួលបានចំណាត់ថ្នាក់ដ៏ល្អនេះ ឆ្លុះបញ្ចាំងនូវគោលនយោបាយ ដ៏ត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងដ៏សកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ជាមួយដៃគូ ស្ថាប័នពាក់ព័ន្ឌ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសប្រជាពលរដ្ឋ នៅក្នុងការចូលរួមអនុវត្តគម្រោងរេដបូកនៅកម្ពុជា។ លើសពីនេះទៅទៀត កម្ពុជាក៏នឹងទទួលបាន នូវការគាំទ្រពីមូលនិធិអាកាសធាតុបៃតងសកល ដែលគ្រោងនឹងផ្តល់ដល់កម្ពុជានូវចំនួន៤០លានដុល្លារ សម្រាប់អនុវត្តកម្មវិធីរេដបូកជាតិ នាសម័យសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ លើកទី២៩ COP29 នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ក្រសួងបរិស្ថានមានមោទកភាព ដែលទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ចំពោះគម្រោងរេដបូកនៅកម្ពុជាក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ដែលបានទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗ មកទិញឥណទានកាបូននៅកម្ពុជា និងទទួលបានថវិកាពីការលក់ឥណទានកាបូនយកមកអភិរក្សព្រៃឈើ និងអភិវឌ្ឍជីវភាពសហគមន៍ ព្រមទាំងទទួលបានបរិមាណឥណទានកាបូនសម្រាប់រាប់បញ្ចូលទៅក្នុង ផែនការនៃការកាត់បន្ថយការបំភាយ (NDC) សំដៅសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាជាប្រទេសអព្យាក្រឹត កាបូនត្រឹមឆ្នាំ២០៥០»។
សូមបញ្ជាក់ថា ការអនុវត្តគម្រោងរេដបូកនាពេលកន្លងមក ត្រូវបានផ្តល់ជំនួយបច្ចេកទេសពីអង្គការ អន្តរជាតិពាក់ព័ន្ធ។ ជាជំហានបន្ទាប់នាពេលអនាគតដ៏ខ្លី ក្រសួងបរិស្ថាននឹងពង្រឹងសមត្ថភាពមន្រ្តី ថ្នាក់ជាតិ ជាពិសេសមន្រ្តីថ្នាក់ក្រោមជាតិ ប្រជាសហគមន៍ ដើម្បីគ្រប់គ្រងទាំងស្រុងនូវការអនុវត្តគម្រោង រេដបូក។ជាងនេះទៅទៀត ក្រសួងបរិស្ថានកំពុងកសាងសមត្ថភាពខ្លួនឱ្យក្លាយទៅជា «ស្ថាប័នមានសម្បទា Accredited Entity» ដើម្បីទទួលបានថវិកាដោយផ្ទាល់ពីមូលនិធិអាកាសធាតុបៃតង។
ក្រសួងបរិស្ថាន ប្តេជ្ញាអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិសេស «មុំនៃភាពបៃតង» ដោយបន្តពង្រឹងការអនុវត្តគម្រោងរេដបូកក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ពង្រីកការទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗមកទិញឥណទានកាបូន ចូលរួមអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍសហគមន៍មូលដ្ឋាន ជាពិសេសតាមរយៈ ការអភិវឌ្ឍគោលដៅលំហែបៃតងដែលត្រូវបាន គ្រប់គ្រងផ្ទាល់ ដោយប្រជាសហគមន៍សាមី ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានជំរុញឲ្យបង្កើតរបៀងគោលដៅ លំហែបៃតង ផ្សារភ្ជាប់ជាមួយសហគមន៍មូលដ្ឋាន ដើម្បីសហគមន៍មានជីវភាពល្អប្រសើ ហើយនឹងចូលរួម ការពារនិងអភិរក្សធនធានធម្មជាតិ កាន់តែប្រសើរថែមទៀត ៕