វិទ្យុជាតិកម្ពុជា = ស៊ឹង សុផារី ២៥.០៣.២០២៥
កសិករដាំដុះបន្លែលក្ខណៈគ្រួសារមួយរូប នៅខេត្តពោធិ៍សាត់ បានលើកឡើងថា ភាពជោគជ័យនៃការដាំដុះដំណាំស្ពៃក្ដោប ផ្ដោតសំខាន់លើបច្ចេកទេស និងការថែទាំ ជាពិសេសត្រូវយល់ឱ្យច្បាស់ពីស្ថានភាពដីដែលកសិករត្រូវធ្វើការដាំដុះ ។
អ៊ំស្រី ពិន ខុន កសិករដាំដុះបន្លែនៅក្នុងភូមិវត្តពោធិ៍ទី២ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានលើកឡើងថា ដំណាំស្ពៃក្ដោបនេះអ៊ំស្រីបានចាប់ផ្តើមដាំតាំងពីឆ្នាំ២០២០មកម្ល៉េះ ដែលមកដល់បច្ចុប្បន្ននេះដាំដុះបានរយៈពេលជាង៤ឆ្នាំមកហើយ ។ ប៉ុន្តែនៅពេលដែលចាប់ផ្តើមដំបូងគឺមិនទទួលបានជោគជ័យនោះឡើយ ដោយដំណាំនេះវាគ្រាន់តែលូតលាស់ធម្មតា ប៉ុន្តែមិនមានក្ដោបនោះឡើយ ។
អ៊ំស្រីបានបន្តថា ដោយសារតែការដាំដុះមិនទទួលបានជោគជ័យនេះ មិនបានធ្វើឱ្យអ៊ំស្រីបោះបង់ចោលនោះទេ គឺអ៊ំស្រីបានទៅរៀនសូត្របន្ថែមពីមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តក៏ដូចជាអង្គការមួយចំនួន ពីការដាំដុះដំណាំប្រភេទនេះដើម្បីយកមកដាំដុះសាជាថ្មី ។ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលបន្ថែមពីការដាំដុះដំណាំស្ពៃក្ដោបរួចមក អ៊ំស្រីក៏បានចាប់ផ្តើមដាំម្តងទៀត ដោយធ្វើទៅតាមការណែនាំរបស់មន្ត្រីជំនាញ គឺដំបូងត្រូវរៀបចំដីឱ្យបានត្រឹមត្រូវ ប្រើជីតាមកម្រិតដែលបានកំណត់ រៀបចំប្រព័ន្ធទឹកដើម្បីស្រោចទៅលើដំណាំ និងធ្វើការថែទាំជាប់ជាប្រចាំ ។ ក្រោយពីអនុវត្តតាមការណែនាំដ៏ត្រឹមត្រូវរបស់មន្ត្រីជំនាញរួចមក បានធ្វើឱ្យដំណាំស្ពៃក្ដោបលូតលាស់ល្អនិងទទួលបានទិន្នផលខ្ពស់ លើសពីការរំពឹងទុក ។
អ៊ំស្រី បានបន្ថែមទៀតថា ការដាំដុះដំណាំប្រភេទនេះ គឺទាមទារការប្រើប្រាស់បច្ចេកទេស ក៏ដូចជាការលាយជី និងស្រោចស្រពទឹកឱ្យបានត្រឹមត្រូវនិងការមើលថែឱ្យបានដិតដល់ជាទីបំផុត ទើបអាចទទួលបានទិន្នផលតាមការរំពឹងទុក ។
« មានផលលំបាកច្រើនតាំងពីធ្វើដីដំបូង កាត់ដីហាល រួចទើបកាប់រណ្ដៅ បន្ទាប់មកទើបយកជីអាចម៍គោដុតមកដាក់ ដាក់រួចហើយត្រូវថែទាំដាក់ទឹកផ្អាប់ចោល រួចទើបយកកូនមកដាំ មានតែរៀបចំប្រព័ន្ធទឹកទុយយោតំណក់ទឹកដើម្បីស្រោចស្រពជាប់ជាប្រចាំ ។ ពាក់ព័ន្ធជាមួយនឹងការលាយជី គឺ អាចយកទឹកខ្មេះស្លឹកម្ទេស ស្លឹកស្ដៅផ្អាប់ចោល បាញ់ទៅលើដំណាំទៅតាមពេលវេលាពេល ខ្លះអាចដាក់ទឹកដោះគោឆៅធ្វើជាជីក៏មានដែរ គឺត្រូវការការថែទាំច្រើន និងលាយជីដោយយកស្លឹកឈើជាច្រើនមុខ ដើម្បីបណ្ដេញសត្វល្អិត» ។
អ៊ំស្រី បានបញ្ជាក់ទៀតថា បន្ទាប់ពីទទួលបានជោគជ័យលើការដាំដំណាំប្រភេទនេះប្រមាណ៤ឆ្នាំជាប់ៗគ្នា អ៊ំស្រីក៏បានចែករំលែកបទពិសោធនៃការដាំដុះរបស់ខ្លួន ទៅដល់កសិករដទៃទៀតនៅក្នុងភូមិ ដើម្បីអាចដាំដុះដំណាំប្រភេទនឹងទទួលបានទិន្នផលល្អ ជាពិសេសអាចបំពេញតម្រូវការទីផ្សារក្នុងស្រុកបានមួយផ្នែក ព្រោះនៅពេលដែលប្រជាពលរដ្ឋខ្មែរ បរិភោគបន្លែដែលមានប្រភពច្បាស់លាស់ នោះគាត់មានសុវត្ថិភាពក្នុងការបរិភោគ ជាពិសេសទទួលបានសុខភាពល្អ ។
សូមបញ្ជាក់ថា អ៊ំស្រី ពិន ខុន ដាំដុះដំណាំស្ពៃក្ដោបលើផ្ទៃដីប្រមាណជាង៧អា ប្រើប្រាស់ពូជ២ប្រភេទគឺពូជជប៉ុននិងពូជថៃ ដាំដុះរយៈពេល៣ខែទើបអាចប្រមូលផលបាន ដែលចំណាយថ្លៃដើមប្រមាណ២លានរៀល ហើយទទួលផលត្រឡប់មកវិញបានប្រមាណ៨លានរៀល ដែលការដាំដុះដំណាំនេះ បានជួយឱ្យជីវភាពគ្រួសាររបស់អ៊ំស្រី មានភាពល្អប្រសើរជាងមុន ៕