វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៦ មីនា ២០២៥
អន្តរជាតិ៖ ភ្លើងឆេះព្រៃបានបន្តឆេះរាលដាលទៅកាន់ទីតាំងជាច្រើនកន្លែងទៀតនៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈអាជ្ញាធរបានកំណត់តំបន់ចំនួន ៣បន្ថែមទៀត ជាតំបន់ រងគ្រោះមហន្តរាយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ យ៉ាងហោចណាស់មានមនុស្ស ៤នាក់បានស្លាប់ និងមនុស្សរាប់រយនាក់ទៀតត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេចាប់តាំងពីភ្លើងបានផ្ទុះឡើងនៅក្នុងតំបន់ជាច្រើនកាលពីថ្ងៃសៅរ៍ ដែលបង្កឡើងដោយខ្យល់បក់ខ្លាំង និងអាកាសធាតុស្ងួត។ កសិករម្នាក់ឈ្មោះ Kim Byung-wook ដែលមានអាយុ៦៤ឆ្នាំ រស់នៅក្នុងតំបន់ Sancheong ស្ថិតនៅភាគខាងត្បូងប្រទេសកូរ៉េខាងត្បូងបាននិយាយថា ផ្ទះដែលលោកបានរស់នៅអស់រយៈពេលជាង៣០ឆ្នាំត្រូវបានបំផ្លាញដោយសារភ្លើងឆេះព្រៃមួយនេះ។ គួរបញ្ជាក់ថា Sancheong គឺជាតំបន់មួយដែលត្រូវបានចាត់ទុកជាតំបន់រងគ្រោះមហន្តរាយ ហើយការចាត់ទុកនេះនឹងតម្រូវឱ្យមានការបញ្ចេញមូលនិធិបន្ថែម និងវិធានការផ្សេងទៀត។ លោក Han Duck-soo ប្រធានាធិបតីស្ដីទីរបស់កូរ៉េខាងត្បូងក៏បានបញ្ចូលតំបន់មួយដែលនៅក្នុងខេត្ត Gyeongsang ខាងត្បូង រួមទាំងតំបន់ ២ផ្សេងទៀតក្នុងទីក្រុង Ulsan និងខេត្ត Gyeongsang ខាងជើងទៅក្នុងបញ្ជីឈ្មោះតំបន់រងគ្រោះមហន្តរាយផងដែរ៕