វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៦ មីនា ២០២៥
អន្តរជាតិ៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការដំឡើងពន្ធលើផលិតផលនាំចូលពីបណ្តាប្រទេសនានាណាដែលទិញប្រេង និងឧស្ម័នរបស់វ៉េណេស៊ុយអេឡា ខណៈវិធានការនេះអាចនឹងរងផលប៉ះពាល់ទៅលើចិន និងប្រទេសឥណ្ឌាក្នុងចំណោមប្រទេសដទៃទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ យោងតាមបទបញ្ជាមួយរបស់លោក ត្រាំ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃចន្ទ ការឡើងពន្ធខាងលើគឺក្នុងអត្រា ២៥ភាគរយហើយមានគោលដៅលើប្រទេសទាំងឡាយណាដែលទិញប្រេង និងឧស្ម័នដោយផ្ទាល់ ឬមួយដោយប្រយោលពីប្រទេសវ៉េណេស៊ុយអេឡា។ បើលឿនបំផុតវិធានការនេះអាចនឹងចូលជាធរមាននៅថ្ងៃទី២ ខែមេសា ប៉ុន្តែរដ្ឋមន្រ្តីការបរទេសអាម៉េរិក ក្រោមការពិគ្រោះយោបល់ជាមួយទីភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត មានសិទ្ធិកំណត់ថា តើវិធានការដំឡើងពន្ធថ្មីនេះ នឹងដាក់ចេញដែរឬក៏អត់។ គួរបញ្ជាក់ថា ការដំឡើងពន្ធថ្មីខាងលើអាចប៉ះពាល់ដល់ប្រទេសចិន និងឥណ្ឌា ខណៈក្រុមអ្នកជំនាញបាននិយាយថា ប្រទេសវ៉េណេស៊ុយអេឡា បាននាំចេញប្រេងទៅកាន់ប្រទេសទាំងនោះ ហើយក៏នាំចេញទៅកាន់សហរដ្ឋអាម៉េរិក និងអេស៉្បាញផ្ទាល់ផងដែរ។ កាលពីខែកុម្ភៈ បើតាមក្រុមអ្នកជំនាញ វ៉េណេស៊ុយអេឡា បាននាំចេញប្រេងប្រហែល ៥០០,០០០បារ៉ែលក្នុងមួយថ្ងៃទៅកាន់ប្រទេសចិន និងប្រមាណ ២៤០,០០០បារ៉ែលទៅកាន់សហរដ្ឋអាម៉េរិក។ លោក ត្រាំ បាននិយាយថា ពន្ធ ២៥ភាគរយថ្មីនេះនឹងបន្ថែមពីលើអត្រាពន្ធដែលមានស្រាប់៕