វិទ្យុជាតិកម្ពុជា ឈួន សំអាត 26-03-2025
ភ្នំពេញ៖ នៅសណ្ឋាគារណូវ៉ូតែល ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ ក្លឹបអ្នកកាសែតកម្ពុជា (CCJ) សហការជាមួយ ក្រេឌីត យូរ៉ូ ខេមបូឌា (CBC) បានរៀបចំកិច្ចពិភាក្សាដ៏មានសារសំខាន់មួយ រវាង អ្នកសារព័ត៌មានមកពីស្ថាប័នជាតិ អន្តរជាតិជាច្រើន និង អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីចូលរួមផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ ការប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ និងស្ថានភាពឥណទាននៅកម្ពុជា ឱ្យប្រជាពលរដ្ឋបានយល់ដឹងបន្ថែមទៀត ពីការប្រើប្រាស់ឥណទាន ក៏ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនប្រចាំថ្ងៃ។
លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិក្រុមហ៊ុន ក្រេឌីត យូរ៉ូ ខេមបូឌា បានឱ្យដឹងថា វេទិកាពិភាក្សានូវប្រធានបទខាងលើនេះ គឺក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាននៅកម្ពុជា ជាពិសេសអ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ច មានចំណេះដឹងបន្ថែម ក៏ដូចជាបានស្វែងយល់អំពីតួនាទី នៃប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា ក្នុងការចូលរួមលើកកម្ពស់ស្ថិរភាពវិស័យហិរញ្ញវត្ថុនៅក្នុងទីផ្សារឥណទាន និន្នាការនៃទីផ្សារឥណទាន និងឥរិយាបថអ្នកប្រើប្រាស់ឥណទាន រួមទាំងស្ថានភាពឥណទាននៅកម្ពុជាសម្រាប់ឆ្នាំ២០២៤និងការវិវត្តនៃស្ថានភាពឥណទាននៅកម្ពុជាសម្រាប់ឆ្នាំខាងមុខៗទៀត។
ចំណែកលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង លោក រ័ត្ន សោភ័ណ្ឌ ប្រធានសមាគមអនាគារនៅកម្ពុជាបានបញ្ជាក់ថា “កិច្ចពិភាក្សានេះដែរ អ្នកសារព័ត៌មានក៏នឹងទទួលបាននូវចំណេះដឹងបន្ថែម ទាក់ទងនឹងសិទ្ធិរបស់អតិថិជន ក៏ដូចជាច្បាប់ហិរញ្ញវត្ថុមួយចំនួន ដែលបានតម្រូវក្នុងការប្រើប្រាស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា សម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួលបានឥណទាន ជាមួយលក្ខខណ្ឌសមស្របសម្រាប់ស្ថាប័នហិរញ្ញវត្ថុ និងការការពារសិទ្ធិរបស់អតិថិជនផ្ទាល់ខ្លួនពីហានិភ័យឥណទាន និង វិធីដោះស្រាយបញ្ហានៅពេលប្រវត្តិឥណទានមានភាពមិនប្រក្រតីផងដែរ”។
ប្រធានសមាគមទាំងពីរខាងលើក៏បានបញ្ជាក់ផងដែរថា ដើម្បីឱ្យប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ឥណទានទាំងអស់ទទួលបានព័ត៌មានត្រឹមត្រូវ ជឿទុកចិត្ត និងមានទំនួលខុសត្រូវខ្ពស់ អ្នកសារព័ត៌មាន គប្បីពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត អំពីវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ព្រោះថា ការសរសេរឬការធ្វើអត្ថាធិប្បាយពីវិស័យហិរញ្ញវត្ថុនៅកម្ពុជារបស់អ្នកសារព័ត៌មានមួយចំនួននៅមានកម្រិតនៅឡើយ ដែលធ្វើឱ្យអ្នកប្រើប្រាស់ឥណទានមួយចំនួនមានការយល់ច្រឡំ ដោយប្រើប្រាស់ឥណទាន ឬ ការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនមិនបានត្រឹមត្រូវ ធ្វើឱ្យមានហានិភ័យកើតឡើងផងដែរ។
ចំណែកលោក លាង ដឺលុច នាយកប្រតិបត្តិ ក្លឹមអ្នកកាសែតកម្ពុជា (ក.អ.ក) បានចាត់ទុកកិច្ចពិភាក្សានេះ មានសារសំខាន់ខ្លាំងណាស់ សម្រាប់អ្នកសារព័ត៌មាន ជាពិសេសផ្នែកសេដ្ឋកិច្ច ដោយពួកគេនឹងទទួលបាននូវចំណេះដឹងបន្ថែម អំពីការប្រើឥណទានប្រកបដោយទំនួលខុសត្រូវ និងស្ថានភាព ឥណទាននៅកម្ពុជា។ លោកបានលើកទឹកចិត្តដល់អ្នកសារព័ត៌មានបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះឱ្យបានច្រើននិងច្បាស់លាស់ងាយស្រួលដល់ការចែករំលែកការផ្សព្វផ្សាយបានត្រឹមត្រូវប្រកបដោយវិជ្ជាជីវៈខ្ពស់។
សូមបញ្ជាក់ថា ការពិភាក្សារវាងអ្នកសារព័ត៌មាននិងអ្នកជំនាញផ្នែកហិរញ្ញវត្ថនេះ ដើម្បីស្វែងយល់កាន់តែច្បាស់ពីផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកសារព័ត៌មានក្នុងការសរសេអត្ថបទព័ត៌មានពាក់ព័ន្ធផ្នែកសេដ្ឋកិច្ចឱ្យបានស៊ីជម្រៅ ធ្វើយ៉ាងណាឲ្យសាធារណជនបានយល់កាន់តែច្បាស់ពីវិស័យធនាគារ ដើម្បីឱ្យការដាក់ប្រាក់ ឬ កម្ចីប្រាក់នៅតាមធនាគារមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕