វិទ្យុជាតិកម្ពុជា៖ ធីណា ឌីណេ ២៧ ០៣ ២០២៥
MC៖ លោកស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត (ស.ស.យ.កខេត្ត)មានប្រសាសន៍ថា សង្ក្រាន្ត
កំពង់ស្ពឺក្នុងឆ្នាំ២០២៥នេះ នឹងមានកម្មវិធី សប្បាយៗជាច្រើន ដោយមានលក្ខណៈប្លែកនិងទាក់ទាញខុសពីឆ្នាំមុនៗ ដើម្បីបង្កភាពសប្បាយ រីករាយជូន បងប្អូនប្រជាពលរដ្ឋពិសេសភ្ញៀវទេសចរបរទេស។
ថ្លែងប្រាប់វិទ្យុជាតិកម្ពុជាលោកស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្នុងឱកាសពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥នេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំឱ្យមានព្រឹត្តិការណ៍ធំៗជាច្រើនដើម្បីបង្កលក្ខណៈ ឱ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានចូលរួមសប្បាយរីករាយ ដើម្បីអបអរសាទរ ក្នុងឱកាស ពិធីបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិ។
លោកអភិបាលរងបានបន្តថា ក្នុងព្រឹត្តិការណ៍រៀបចំពិធីបុណ្យចូលឆ្នាំថ្មី ដែលយើងអាចហៅថា សង្ក្រាន្ត
កំពង់ស្ពឺនេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ បានបង្កើតនូវគណៈកម្មការមួយ ដែលមានក្រុមការងារចំនួន១៣ក្រុម សម្រាប់អនុវត្ត ដើម្បីធានាឱ្យបាន នូវការចូលរួមសប្បាយ អបអរ សាទរ ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ស្ពឺ
នេះ ប្រកបដោយសុខសុវត្ថិភាព ពោរពេញដោយក្តីរីករាយ និងនឹក រលឹកចងចាំក្នុងជីវិត។ លោកអភិបាលរងបន្ថែមថា នៅក្នុងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ដែលជាថ្ងៃ បើកព្រឹត្តិការណ៍ ដោយវេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់ និងចាប់ផ្តើមធ្វើពិធីដង្ហែព្រ័ត្រ ដើម្បីបើកព្រឹត្តិការណ៍សង្ក្រាន្ត បន្ទាប់មកភូមិ ឬតំបន់ផ្សេងៗទៀតដែលបានបង្កើតឡើង ក៏ចាប់ផ្តើមលេង ជាបន្តបន្ទាប់ផងដែរ។ ជាងនេះទៅទៀត ក្នុងព្រឹត្តិការណ៍សង្រ្កាន្តកំពង់ស្ពឺស.ស.យ.កខេត្ត បានរៀបចំ តំបន់ទីតាំងកម្សាន្តខុសគ្នា មានដូចជា៖ ទី១. តំបន់ភូមិត្រជាក់ចិត្ត គឺជាតំបន់សម្រាប់លេងបាញ់ទឹក បាញ់ពពុះសាប៊ូ ក្នុងនោះក៏មានការរៀបចំពាងទឹកជាច្រើន ដើម្បីឱ្យបងប្អូនមកលេង បានត្រជាក់កាយ ត្រជាក់ចិត្ត និងឆាកតន្រ្តីរាំលេងកម្សាន្ត ។ ទី២ ភូមិល្បែងប្រជាប្រិយខ្មែរ ដោយមានការរៀបចំ ល្បែងប្រជាប្រិយខ្មែរបុរាណជាច្រើនដូចជា ចោលឈូង បោះអង្គុញ់ លាក់កន្សែង វាយក្អម លោតបាវ ពាំពងមាន់ -ល-។ ក្នុងទីតាំងនោះក៏មានរៀបចំឱ្យអ្នកចង់បែនស្រូវ ឬកូរស្ករត្នោត អាចបែន ឬកូរស្ករត្នោតបានផងដែរ ។
«ឆ្នាំនេះគឺយើងនឹងរៀបចំឱ្យមានលក្ខណៈប្លែកបន្តិច គឺរៀបចំឱ្យមានការបែនស្រូវ និងកូរស្ករ ត្នោត ដោយសារតែក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ នៅកំពង់ស្ពឺក៏មានស្រូវប្រាំងដែរ។ អីចឹងការៀបចំនេះ គឺឱ្យមានលក្ខណៈជាប្រពៃណីផង និងការសប្បាយរីករាយផង ដូច្នេះការបែនស្រូវនិងការកូរស្ករ ត្នោតនេះ គឺជាកម្មវិធីថ្មីមិនដែលមាន ហើយសង្ឃឹមថាការបង្ហាញនៅក្នុងភូមិល្បែងប្រជាប្រិយខ្មែរនេះ បងប្អូននឹងចូលចិត្តនឹងទៅលេងកម្សាន្តនៅតំបន់នេះឱ្យបានច្រើនផងដែរ។»
លោកស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តកំពង់ស្ពឺ បានបន្ថែមទៀតថា សម្រាប់ទីតាំងទី៣.ភូមិប្រដាល់ ធ្លាក់ទឹកនិងកូនក្រមុំធ្លាក់ទឹក ក្នុងនោះមានការរៀបចំ បាសាំង ចំនួន២ ធ្វើពីកៅស៊ូតង់ មានកម្ពស់ទឹក ១ម៉ែត្រ សម្រាប់ កីឡាប្រដាល់ដោយមានការប្រដាល់លើស្នួមួយដែលអ្នកណាចាញ់ធ្លាក់ទឹកមុនគេ។ ដោយឡែកកូនក្រមុំធ្លាក់ទឹកវិញ គឺអង្គុយលើកៅអីមួយ រៀបលើបាសាំងទឹក ហើយមានអ្នកចាំគប់ បើគប់ត្រូវនឹងធ្លាក់ទឹក។ទី៤.ភូមិសំនៀងឯក គឺមនុស្ស គ្រប់វ័យអាច មកដាក់ពាក្យប្រឡងចម្រៀងបានឱ្យ តែច្រៀងពិរោះ និងទទួលបានរង្វាន់។ និងទី៥. ភូមិទឹកធ្លាក់ គឺជាភូមិដែលមានទឹកធ្លាក់ពីលើអាកាស ដោយបានរៀបចំទុយោទឹក កម្ពស់ប្រវែង ៥ម៉ែត្រ ។ លោកអភិបាលរងបញ្ជាក់ថា តំបន់កម្សាន្តទាំងអស់ នេះបើកឱ្យលេងកម្សាន្តរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ។ ក្រៅពីតំបន់លេងកម្សាន្តសំខាន់ៗទាំង៥នេះ ស.ស.យ.កខេត្ត និងរដ្ឋបាលខេត្ត ក៏បានរៀបចំកម្មវិធី តាមថ្ងៃនីមួយៗ គឺថ្ងៃទី១ គឺពិធីបើកក្បាលព័្រត្រ ថ្ងៃទី២ ពិធីពូនភ្នំខ្សាច់ និងថ្ងៃទី៣ ពិធីស្រង់ព្រះផងដែរ។
«ចំពោះទីតាំងដែលរៀបចំព្រឹត្តិការណ៍នេះ គឺស្ថិតនៅជុំវិញ បរិវេណវិមានឯករាជ្យ ក្បែរសាលាខេត្ត ហើយភូមិទាំងអស់នេះ គឺនៅតាមបណ្ដោយសួនច្បារសម្តេចព្រះសង្ឃរាជជួនណាត សួនលោក តារាជមុខសាលាខេត្ត ហើយខាងជើង ខាងត្បូង ជុំវិញវិមានឯករាជ្យស្របនឹងមាត់ស្ទឹងក្នុងទីរួម ខេត្តតែម្តង ។»
ទាក់ទងទៅនឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងចរាចរណ៍វិញ បើតាមការឱ្យដឹងពី លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ បុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិ ខ្មែរ ដែលមានរយៈពេល៣ថ្ងៃនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានរៀបចំកម្លាំងនគរបាលការពារប្រមាណជាង៥០០នាក់ ក្នុងគោល បំណង ការពារ សន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ ជូនទៅដល់ប្រជាពលរដ្ឋនិងភ្ញៀវជាតិ និងអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តសប្បាយនៅក្នុងព្រឹត្រិ្តការណ៍សង្ក្រាន្តកំពង់ស្ពឺ។
«យើងមានផែនការការពារដែលមាន៣គោលដៅសំខាន់ៗ ដោយគោលដៅទី១ គឺតំបន់A ដោយជុំវិញទីតាំងកន្លែងកម្សាន្តទាំងអស់នោះមានដូចជា ល្បែងប្រជាប្រិយ ប្រដាល់ តន្ត្រី និងស្តង់ ពិព័រណ៍ផ្សេងៗ ដោយមានកម្លាំងដើរល្បាត ការពារសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងតំបន់នោះ ហើយក្នុងនោះក៏មានរថយន្តសង្គ្រោះ ដោយមានក្រុមសុខាភិបាល ទាំងសុខាភិបាលរបស់ស្នងការដ្ឋាន និងសុខាភិបាលរបស់មន្ទីរសុខាភិបាលផងដែរ។ មិនតែប៉ុណ្ណោះនៅក្នុងតំបន់Aនេះក៏មានក្រុមពន្លត់ អគ្គិភ័យ ។ ចំពោះតំបន់Bវិញ គឺជាតំបន់ដែលយើងរៀបចំសម្រួលចរាចរណ៍ សណ្តាប់ធ្នាប់ ការចេញចូល ការបង្វែរទិសចរាចរណ៍ជាដើម ព្រោះនៅក្នុងកម្មវិធី គឺនៅជុំវិញវិមានឯករាជ្យតែម្ដង អីចឹងតំបន់ Bគឺជាតំបន់ហ៊ុមព័ទ្ធជុំវិញតំបន់Aតែម្តង។ ដោយឡែកតំបន់C គឺ ជាតំបន់ដែលយើងត្រៀមប្រតិបត្តិការ អន្តរាគមន៍ពីចម្ងាយ អីចឹងមានន័យថា កម្លាំងដែលយើងរៀបចំគឺយើងដាក់នៅជិតតំបន់ទាំងនោះ ដើម្បីត្រៀមបង្ការ ក្នុងពេលមានករណីណាមួយកើតឡើងជាយថាហេតុ គឺយើងបាន អន្តរាគមន៍បាន ទាន់ពេលវេលា។»
លោកឧត្តមសេនីយ៍ទោបានបន្តទៀតថា អាជ្ញាធរមានសមត្ថកិច្ចបានបែងចែកកម្លាំង ទៅតាមគោលដៅ សំខាន់ៗ ក៏ដូចជារមណីយដ្ឋានទេសចរណ៍ទាំងអស់នៅទូទាំងខេត្ត ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននិង យកចិត្តទុកដាក់បំផុត ក្នុងការការពារសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ។ ទន្ទឺមនឹងនោះ លោកស្រ៊ុន ស៊ន់ អភិបាលរងខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក៏បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ សូមរក្សាឱ្យបាននូវ ទំនៀមទម្លាប់ ប្រពៃណីជាតិ ពិសេសលេងដោយភាព ភាតរភាព ដោយសេចក្តីថ្លៃថ្នូរ មិនបំពានគ្នា និងមិនបន្លំជាដើម ។ និងសុំឱ្យជួយទុកដាក់វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ចោលក្នុងធុងសំរាម ជៀសវាង ប៉ះពាល់ដល់សុខភាពនិងបរិស្ថាន ៕