វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៧ ០៣ ២០២៥
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួល ជួបសំណេះសំណាលជាមួយជ័យលាភីអាហារូបករណ៍ MEXT ឆ្នាំ២០២៥ ដែលនឹងចាកចេញទៅ សិក្សានៅប្រទេសជប៉ុន នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។
ជំនួបនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម បានណែនាំក្រុមជ័យលាភីអំពីការរស់នៅ និងការ សិក្សានៅក្នុងប្រទេសជប៉ុន ព្រមទាំងបានលើកទឹកចិត្តឱ្យពួកគេចេះគ្រប់គ្រងខ្លួនឯង និងទាញយក អត្ថប្រយោជន៍អតិបរមាពីឱកាសនៃការសិក្សានេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីអាណត្តិកិច្ចរបស់ក្រសួង និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដោយផ្តោតលើឧស្សាហូបនីយកម្ម និងកំណើនសេដ្ឋកិច្ចដែលផ្អែកលើនវានុវត្តន៍។
សូមបញ្ជាក់ថា អាហារូបករណ៍ MEXT ឆ្នាំ២០២៥ បានជ្រើសរើសជ័យលាភីពីកម្ពុជាចំនួន ៣១នាក់ ដែលក្នុងនោះ ៩នាក់នឹងសិក្សាកម្រិតស្រាវជ្រាវ ២នាក់កម្រិតបរិញ្ញាបត្រ ១០នាក់ កម្រិតមធ្យមសិក្សា បច្ចេកទេស និង ១០នាក់កម្រិតបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ៕