ក្រសួងទេសចរណ៍ ណែនាំឱ្យប្រតិបត្តិករទេសចរណ៍ ត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ និងពង្រឹងគុណភាពសេវាកម្មក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

Narith | ថ្ងៃទី 28 ខែ មីនា ឆ្នាំ 2025


វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២៨ ០៣ ២០២៥)
ភ្នំពេញ៖ ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ឱ្យបានល្អប្រសើរ ស្របតាមយុទ្ធនាការ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” និងស្របតាមគុណតម្លៃនៃវប្បធម៌ អរិយធម៌ដ៏ផូរផង់របស់ កម្ពុជា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ សូមធ្វើការណែនាំ ដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ឱ្យបានល្អប្រសើរ ។

យោងតាមសេចក្តីណែនាំ ស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ បានធ្វើការណែនាំ ដូចតទៅ៖
-ត្រូវផ្តល់កិច្ចសហការល្អ ជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានារក្សាសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរក្សាឱ្យបាននូវអនាម័យ ព្រមទាំងសោភណភាព នៅតាមមូលដ្ឋានអាជីវកម្ម 
-ត្រូវរៀបចំតុបតែងលម្អអំពូលភ្លើងបំភ្លឺ និងដាក់បង្ហាញទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅផ្នែក ខាងក្រៅទីតាំងអាជីវកម្ម។ ផ្នែកខាងក្នុងអាជីវកម្ម ត្រូវរៀបចំដាក់តាំងព្រះឆាយាល័ក្ខណ៍ព្រះអង្គទាំងបី ស្របតាមការណែនាំ របស់ក្រសួងព្រះបរមរាជវាំង រាល់ការរៀបចំតុបតែងលម្អទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅទីតាំងអាជីវកម្ម របស់ប្រតិបត្តិករទេសចរណ៍ សូមបង្ហាញអំពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណពិសេសរបស់ខេត្ត ដោយមិនឱ្យប្រាសចាក ពីប្រពៃណីទំនៀមទម្លាប់ខ្មែរ 
-ត្រូវរៀបចំចំណតឱ្យបានគ្រប់គ្រាន់ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទទួលសេវាកម្មអាជីវកម្ម របស់ខ្លួន ដោយត្រូវជូនដំណឹងដល់ភ្ញៀវ ពីទីតាំងដែលអាចប្រើប្រាស់ ជាចំណតត្រឹមត្រូវ (ដោយមាន បំពាក់ស្លាកសញ្ញាបញ្ជាក់) និងមិនត្រូវបណ្តែតបណ្តោយ ឱ្យមានការចតទោចក្រយានយន្ត និងយានយន្ត ដោយគ្មានសណ្តាប់ធ្នាប់ ដែលអាចបង្កផលប៉ះពាល់ ដល់ចរាចរណ៍លើផ្លូវសាធារណៈ 
-ត្រូវបង្ហាញផលិតផល ឬសេវាកម្មអាជីវកម្មជាសាធារណៈ តាមគ្រប់ទម្រង់ និងត្រូវបញ្ជាក់តម្លៃនិង លក្ខខណ្ឌអនុវត្តផ្សេងៗ ឱ្យបានច្បាស់លាស់ ដែលចាំបាច់សម្រាប់ជាមូលដ្ឋាន ដល់ភ្ញៀវក្នុងការពិចារណា ជ្រើសរើសទិញផលិតផលទេសចរណ៍ ឬប្រើប្រាស់សេវាកម្មទេសចរណ៍ 
-ត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ឱ្យបានល្អប្រសើរ 
-ត្រូវក្រើនរំលឹកអំពីសីលធម៌ សុជីវធម៌ និងបណ្តុះបណ្តាលបុគ្គលិក អំពីការទទួលបដិសណ្ឋារកិច្ច និង ជំនាញដែលចាំបាច់ពាក់ព័ន្ធ នឹងអាជីវកម្មសេវាកម្មទេសចរណ៍ ព្រមទាំងរៀបចំ ឱ្យបុគ្គលិកមានឯកសណ្ឋាន ត្រឹមត្រូវទៅតាមផ្នែកនីមួយៗ ពិសេសស្នើសុំឱ្យបញ្ចូលលក្ខណៈជាខ្មែរ 
-ត្រូវយកចិត្តទុកដាក់ ចំពោះការរក្សាអនាម័យបន្ទប់ទឹក ដោយត្រូវដាក់វេនសម្អាតជាប្រចាំ ឱ្យបានញឹកញាប់ និងមានសម្ភារៈគ្រប់គ្រាន់មានជាអាទិ៍ សាប៊ូលាងដៃ ក្រដាស ជាដើម។ សូមបែងចែករវាងបន្ទប់ទឹក ប្រុស-ស្រី និងរក្សាឱ្យមានសុវត្ថិភាព 
-ត្រូវយកចិត្តទុកដាក់ និងចូលរួមទាក់ទាញភ្ញៀវជាតិ-អន្តរជាតិចូលរួមផ្សព្វផ្សាយ ឱ្យបានសកម្មនូវ យុទ្ធនាការ “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” “ទេសចរណ៍រីកលូតលាស់ ក្នុងសន្តិភាព” និង “បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” 
-ត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕

ក្រសួងទេសចរណ៍ ណែនាំឱ្យប្រតិបត្តិករទេសចរណ៍ ត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ និងពង្រឹងគុណភាពសេវាកម្មក្នុងឱកាសបុណ្យចូលឆ្នាំថ្មី