វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២៧.០៣.២០២៥
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ រំពឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ខេត្តកំពង់ស្ពឺនឹងមានភ្ញៀវទេសចរចូលរួមលេងកម្សាន្តច្រើនជាងឆ្នាំមុន ដោយសារតែអាជ្ញាធរខេត្ត បានដាក់ចេញនូវផែនការជាច្រើន ដែលគិតគូរទៅដល់សុខសុវត្ថិភាព ភាពទាក់ទាញ និងបង្កបរិយាកាសសប្បាយរីករាយទៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិនិងអន្តរជាតិ ។
លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានរបស់វិទ្យុជាតិកម្ពុជាថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តកំពង់ស្ពឺ បាននិងកំពុងរៀបចំតុបតែងភ្លើងពណ៌លម្អក្នុងទីតាំងសំខាន់ៗនៅទីរួមខេត្ត រៀបចំទីតាំងសប្បាយភាពជាច្រើនកន្លែង ។ ក្នុងនោះ រដ្ឋបាលខេត្ដក៏មានបែងចែកភារៈកិច្ចការងារទៅដល់មន្ទីរ-អង្គភាពពាក់ព័ន្ធ ដូចជាការចុះណែនាំពីការតុបតែងលម្អទៅតាមទីតាំងរមណីយដ្ឋានសំខាន់ៗ ការត្រៀមកម្លាំងអាជ្ញាធរមានសមត្ថកិច្ចជាច្រើន ដើម្បីធានានិងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលចូលរួមលេងកម្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ។សម្រាប់ទីតាំងរៀបចំព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តវិញ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើនខុសៗគ្នា ប្លែកនិងទាក់ទាញខុសពីឆ្នាំមុនៗ ។
លោកប្រធានបានបន្តថា តាមរយៈការដាក់ចេញផែនការក៏ដូចជាការរៀបចំតុបតែងកែលម្អ និងការបង្កើតនូវកម្មវិធីថ្មីៗជាច្រើននេះ នឹងធ្វើឱ្យខេត្តកំពង់ស្ពឺកាន់តែមានភាពទាក់ទាញ ជាងឆ្នាំ២០២៤ ។
សំឡេង៖ « កាលណាយើងរៀបចំផែនការត្រូវ ការរំពឹងទុករបស់យើងក៏ខ្ពស់ ដូចយើងដឹងហើយថារាជរដ្ឋាភិបាលក៏ដូចជាក្រសួងទេសចរណ៍ គឺបាននិងកំពុងបន្តយកចិត្តទុកដាក់ទៅលើការងារវិស័យទេសចរណ៍នេះ សំខាន់គឺមន្ត្រីទេសចរណ៍បានចុះផ្សព្វផ្សាយទៅដល់ម្ចាស់អាជីវកម្ម និងតាមទីតាំងរមណីយដ្ឋាន ឱ្យចេះថែរក្សារបស់ដែលមានស្រាប់ និងរួមគ្នាកែច្នៃលាបក្រែម ថែមម្សៅ ដើម្បីឱ្យភ្ញៀវពេញចិត្តនឹងទៅលេងកម្សាន្ត ហើយសម្រាប់ខ្ញុំរំពឹងទុកថាសម្រាប់ឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៥នេះ នឹងមានកំណើនភ្ញៀវចូលរួមកម្សាន្តកើនឡើងលើសឆ្នាំ២០២៤ប្រមាណជាពី១០ទៅ២០ភាគរយ » ។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៤កន្លងទៅ ខេត្តកំពង់ស្ពឺមានចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិ ទៅលេងកម្សាន្តចំនួន២លាន១សែននាក់ ៕