វិទ្យុជាតិកម្ពុជា អេង នារីរតន៍
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឬទ័យ ប្រោសប្រទានព្រះរាជសាររំលែកទុក្ខជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះមរណភាពឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីវេលាម៉ោង២និង២៧នាទី នារាត្រីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨វស្សា ដោយរោគាពាធ ដែលនេះគឺជាការបាត់បង់ឥស្សរជន ដ៏ឧត្តុង្គឧត្តមនៃប្រទេសជាតិ និងប្រជារាស្រ្តខ្មែរ ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍
យោងតាមព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នាថ្ងៃ២៨ ខែមីនា ព្រះករុណាព្រះមហាក្សត្រសូមសម្តែងការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ញាតិមិត្តទាំងអស់នៃសព។ ព្រះរាជសារបញ្ជាក់ថា មរណភាពឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់ឥស្សរជន ដ៏ឧត្តុង្គឧត្តមនៃប្រទេសជាតិ និងប្រជារាស្ត្រកម្ពុជា ដែលក្នុងមួយជីវិតរបស់ឯកឧត្តមបានលះបង់គ្រប់បែបយ៉ាង និងបានចូលរួមយ៉ាងសកម្មបំផុតលើវិស័យមនុស្សធម៌ និងវិស័យផ្សេងៗទៀតជាច្រើន ក្នុងបុព្វហេតុ បម្រើ ជាតិ សាសនា និងព្រះមហាក្សត្រ ។
ព្រះអង្គក៏សូមសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាអ្នកស្នេហាជាតិដ៏ល្អមួយរូប និងសូមវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ អញ្ជើញទៅកាន់សុគតិភពកុំបីខាន ។
សូមបញ្ជាក់ថា ឯកឧត្តម ហ៊ុន សាន ជាបងប្រុសទី១របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារជា «អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន» កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ។ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សានបានចូលរួមការងារបម្រើជាតិ មាតុភូមិ តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ កសាងបានសន្តិភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ និងមានស្ថិរភាព សន្តិសុខសង្គម បានល្អប្រសើរ ព្រមទាំងរក្សា និងការពារបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី ក្រោមកិច្ច ដឹកនាំដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕