អ្នកស្រី ប៉ង់ សុខា ប្រកបមុខរបបធ្វើមុខម្ហូបហហ្មុកខ្មែរ​ជាប្រភពចំណូលមួយដ៏សំខាន់ សម្រាប់ ផ្គត់ផ្គង់គ្រួសារ

009 | ថ្ងៃទី 28 ខែ មីនា ឆ្នាំ 2025

មុខរបបធ្វើម្ហូបហហ្មុកត្រីលក្ខណៈគ្រួសារមួយកន្លែងក្នុងក្រុងបាត់ដំបង កំពុងទទួលបានការចាប់អារម្មណ៌និងគាំទ្រជាច្រើនពីអតិថិជន ល្បីថាមានរស់ជាតឈ្ងុយឆ្ងាញ់ រហូតមានការកម្ម៉ង់ទិញក្នុងមួយថ្ងៃៗមិនក្រោម ១០០កញ្ចប់នោះទេ ធ្វើឲ្យគាត់ទទួលបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ។

អ្នកស្រី ប៉ង់ សុខា  វ័យ ៤១ឆ្នាំ រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានប្រាប់ថា អ្នកស្រីចេះធ្វើម្ហូបហហ្មុកត្រីនេះតគ្នាតាំងពីជំនាន់អ្នកម្ដាយគាត់មក ហើយដំបូងៗការលក់ហហ្មុកត្រីធម្មតាៗទេ ប៉ុន្ដែអតិថិជន សរសើរថាមានរស់ជាតឆ្ងាញ់ ល្មម មិនផ្អែមពេក មិនប្រៃពេក ។ ដូច្នេះហើយក៏មានអ្នកចុះមកថតល្បីតៗគ្នាតាមបណ្ដេញសង្គម រហូតទទួលបានការគាំទ្រពីអតិថិជនច្រើនរហូតដល់ឥឡូវនេះម្ដង ។

អ្នកស្រីបានបន្ដលើកឡើងថា ចំពោះទីផ្សារវិញ ក្នុងមួយថ្ងៃ លក់បានចន្លោះពី៨០កញ្ចប់ ទៅ ១០០កញ្ចប់ ដោយក្នុងមួយកញ្ចប់ តម្លៃ ៦០០០ រៀល ក្នុងនោះ ក៏មានការកម្ម៉ង់ទិញ នៅផ្សារបឹងឈូក ផ្សារណាត់  ហើយមានទាំងអ្នកកម្ម៉ង់ទិញមកតាំងពីភ្នំពេញផងដែរ ។  មុខរបបធ្វើហហ្មុកឬ«គេនិយមហៅថា អាម៉ុក នេះពិតជាបានរួមចំណែកច្រើនណាស់ ជួយឲ្យដល់អ្នកស្រី មានចំណូលប្រចាំថ្ងៃ សម្រាប់យកទៅផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។

អ្នកស្រីបានបន្ដឲ្យដឹងថា មុខម្ហូបហហ្មុកត្រីត្រូវមានការផ្ចិតផ្ចង់ណាស់ពីរស់ជាតវា  របៀបធ្វើហហ្មុកខ្មែរ គ្រឿងផ្សំ មានដូចជា សាច់ត្រី ខ្ទិះដូង ស្លឹកញរ  គ្រឿងផ្សំលាយឲ្យស្រេចក្នុងនោះមាន ស្លឹកក្រី ស្លឹកក្រូច រមៀត រំដេញ ម្ទេស ប្រហុក កាពិ អំបិល ស្ករ ប៊ីចែង ហើយត្រូវឆាវាឲ្យដាច់ទឹក   ។  អ្នកស្រីបន្ថែមថា ហើយចំពោះលក្ខណៈពិសេសនៃការចម្អិនមុខម្ហូបហហ្មុកនេះ សំខាន់ធ្វើយ៉ាងណាកុំមានក្លិនឆ្អាប រស់ជាតិត្រូវល្មម មិនក្លិនគ្រឿងឆួលពេក មិនផ្អែមពេក មិនប្រៃពេក ។

អ្នកស្រី ប៉ង់ សុខា សូមសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋនិងអតិថិជនទាំងអស់ បន្ដគាំទ្រឲ្យបានកាន់តែច្រើននៅមុខម្ហូបខ្មែរអ្នកបាត់ដំបង ដើម្បីអោយស្រ្ដីយើងតាមផ្ទះមានការងារធ្វើ និងមានចំណូលសមរម្យមួយជួយដល់ជីវភាពក្នុងគ្រួសារ ៕

អត្ថបទ ៖ ឈឿន ថៃកឿ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង

អ្នកស្រី ប៉ង់ សុខា ប្រកបមុខរបបធ្វើមុខម្ហូបហហ្មុកខ្មែរ​ជាប្រភពចំណូលមួយដ៏សំខាន់ សម្រាប់ ផ្គត់ផ្គង់គ្រួសារ
អ្នកស្រី ប៉ង់ សុខា ប្រកបមុខរបបធ្វើមុខម្ហូបហហ្មុកខ្មែរ​ជាប្រភពចំណូលមួយដ៏សំខាន់ សម្រាប់ ផ្គត់ផ្គង់គ្រួសារ
អ្នកស្រី ប៉ង់ សុខា ប្រកបមុខរបបធ្វើមុខម្ហូបហហ្មុកខ្មែរ​ជាប្រភពចំណូលមួយដ៏សំខាន់ សម្រាប់ ផ្គត់ផ្គង់គ្រួសារ