ក្រសួងការបរទេស៖ មិនទាន់មានរបាយការណ៍ បញ្ជាក់ថាមានជនជាតិខ្មែរ បាត់បង់ជីវិត ក្នុងគ្រោះរញ្ជួយដី នៅមីយ៉ាន់ម៉ា និងថៃនោះទេ

Narith | ថ្ងៃទី 30 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២៩ ០៣ ២០២៥)

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា តាមរយៈស្ថានទូតកម្ពុជា ប្រចាំប្រទេសមីយ៉ាន់ម៉ា និងថៃ រាជរដ្ឋាភិបាលកម្ពុជា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើសុវត្ថិភាពពលរដ្ឋកម្ពុជា ដែលអាចមានគ្រោះថ្នាក់ បណ្តាលមកពីគ្រោះរញ្ជួយដី ខណៈដែលមកទល់នឹងពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថា មានជនជាតិខ្មែរបានបាត់បង់ជីវិត ទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃនោះទេ។ 
បើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីគ្រោះមហន្តរាយ រញ្ជួយដី នៅសហភាពសាធារណរដ្ឋមីយ៉ាន់ម៉ា និងព្រះរាជាណាចក្រថៃ នារសៀលថ្ងៃទី២៩ ខែមីនានេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មានការរន្ធត់ចិត្តជាខ្លាំង ដែលបានទទួលដំណឹងពីការ ស្លាប់ និងរបួសជាច្រើននាក់ ដែលបណ្តាលមកពីគ្រោះរញ្ជួយដី ដែលបានវាយប្រហារលើប្រទេសមីយ៉ាន់ម៉ា និងថៃ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
ក្នុងនោះក្រសួងការបរទេស ក៏សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា និងថៃ ក្នុងគ្រានៃទុក្ខសោកដ៏ក្រៀមក្រំនេះ និងបានសម្តែងនូវសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ រាជរដ្ឋាភិបាលកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅជាមួយ ក្រុមគ្រួសារជនរងគ្រោះ និងសូមជូនពរឱ្យអ្នករបួសទាំងឡាយ បានឆាប់ជាសះស្បើយ។
តាមរយៈស្ថានទូតកម្ពុជា ប្រចាំប្រទេសមីយ៉ាន់ម៉ា និងថៃ រាជរដ្ឋាភិបាលកម្ពុជា កំពុងតាមដាន យ៉ាងយកចិត្តទុកដាក់លើសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជា ដែលអាចមានគ្រោះថ្នាក់ នៅក្នុងគ្រោះមហន្តរាយនេះ។
បន្ថែមលេីនេះ ក្រសួងការបរទេស បានបញ្ជាក់ថា មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយ ថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីនេះទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃនោះទេ៕

ក្រសួងការបរទេស៖ មិនទាន់មានរបាយការណ៍ បញ្ជាក់ថាមានជនជាតិខ្មែរ បាត់បង់ជីវិត ក្នុងគ្រោះរញ្ជួយដី នៅមីយ៉ាន់ម៉ា និងថៃនោះទេ