វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ បើយោងតាមរបាយការណ៍សេដ្ឋកិច្ចដែលបានចេញផ្សាយបានឱ្យដឹងថា ការនាំចេញកាហ្វេរបស់ប្រទេសកេនយ៉ា ក្នុងឆ្នាំ២០២៤ បានកើនឡើង ១២ភាគរយដែលមានចំនួនដល់ទៅ ៥៣,៥១៩តោន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ របាយការណ៍ពីការិយាល័យស្ថិតិជាតិកេនយ៉ា (KNBS) បាននិយាយថា នេះគឺជាការកើនឡើងពី ៤៧,៨៦១តោនក្នុងឆ្នាំ២០២៣ ដោយការនាំចេញត្រូវបានជំរុញដោយការកើនឡើងនៃការដឹកជញ្ជូនទៅកាន់ទីផ្សារគោលដៅ។ យោងតាមទីភ្នាក់ងារស្ថិតិរបស់រដ្ឋាភិបាល ការនាំចេញភាគច្រើនត្រូវបានធ្វើឡើងនៅក្នុងត្រីមាសទីពីរដែលការនាំចេញមានចំនួន ១៥,៩០៣តោន និងទីបីមានចំនួន ១៧,០១៧តោន។ ប្រទេសកេនយ៉ាបានអនុវត្តកំណែទម្រង់ជាច្រើនដែលរដ្ឋាភិបាលរំពឹងថា នឹងផ្តល់ទិន្នផលកាហ្វេទ្វេដងពីមធ្យមភាគបច្ចុប្បន្ន ៥០,០០០តោនក្នុងមួយឆ្នាំក្នុងរយៈពេល ៤ឆ្នាំខាងមុខ៕