វិទ្យុជាតិកម្ពុជា
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ពិតមែនតែឆ្នាំ២០២៥នេះ ពុំមានការរៀបចំការបោះឆ្នោតសកលក្ដី តែការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ គឺជាឆ្នាំដំបូងនៃការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ។
ថ្លែងក្នុងឱកាសបិទវគ្គបណ្ដុះបណ្ដាលស្តីពី«ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥» នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥
ឯកឧត្តម ប្រាជ្ញ ចន្ទ លើកឡើងថា ជាធម្មជាតិក្នុងរយៈពេល ១០ឆ្នាំ ភិនភាគរបស់មនុស្សយើងតែងតែមានភាពប្រែប្រួលមួយចំនួន ដូចជាមុខពិតចាស់ជាងមុន និងខ្ចៅដៃសឹកជាដើម ដែលនាំឱ្យមានភាពប្រែប្រួល ឬខុសពីទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត ដែលអ្នកបោះឆ្នោតបានចុះឈ្មោះកាលពី ១០ឆ្នាំមុន។ បញ្ហានេះ អាចនាំឱ្យមានការពិបាកក្នុងការកំណត់អត្តសញ្ញាណរបស់អ្នកបោះឆ្នោត ហើយអាចឈានដល់ការប៉ះពាល់សិទ្ធិបោះឆ្នោតរបស់អ្នកបោះឆ្នោតនៅថ្ងៃបោះឆ្នោត។
កន្លងមក ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គ.ជ.ប បាន៖ ១. ធ្វើការចុះឈ្មោះបោះឆ្នោតថ្មី ជូនអ្នកមានសិទ្ធិបោះឆ្នោតតែមិនទាន់បានចុះឈ្មោះបោះឆ្នោត អ្នកទើបគ្រប់អាយុ១៨ឆ្នាំ និងអ្នកដែលផ្លាស់ទីលំនៅឋាន ឬទីសំណាក់ចូលឃុំ សង្កាត់ថ្មី។ ចំពោះអ្នកដែលផ្លាស់លំនៅឋាន ឬទីសំណាក់ចូលឃុំ សង្កាត់ថ្មី ការផ្ទេរ ឬចុះឈ្មោះថ្មីតម្រូវឱ្យថតរូប និងផ្តល់ស្នាមម្រាមដៃជាថ្មី។ ២. ធ្វើការកែតម្រូវទិន្នន័យជីវប្រវត្តិ ជូនអ្នកបោះឆ្នោតដែលប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ អ្នកដែលមានទិន្នន័យដូចជាឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើតកត់ត្រាមិនបានត្រឹមត្រូវក្នុងបញ្ជីបោះឆ្នោត និងអ្នកដែលបានផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត។ ៣. ធ្វើការស្រង់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំពោះអ្នកដែលបានទទួលមរណភាព អ្នកដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន និងអ្នកដែលផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ថ្មី ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពុំបានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្ររបស់អ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតយ៉ាងតិច ១០ឆ្នាំនោះទេ ហេតុនេះហើយបានជាចាប់ពីឆ្នាំ២០២៥ នេះតទៅ គ.ជ.ប សម្រេចបន្ថែមការធ្វើបច្ចុប្បន្នភាព ទិន្នន័យជីវមាត្ររបស់អ្នកបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតហើយយ៉ាងតិច ១០ឆ្នាំ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។
អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គឺជាដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្រ្តៃយ៍ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាព មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។ បញ្ជីបោះឆ្នោត គឺជាតម្រូវការចាំបាច់ ដែលមិនអាចខ្វះបានសម្រាប់បម្រើឱ្យការបោះឆ្នោត និងតាមការកំណត់នៃច្បាប់។
ឯកឧត្តម ប្រាជ្ញ ចន្ទ បន្តថា ឆ្នាំនេះ ទោះបីមិនមែនជាឆ្នាំដែលត្រូវរៀបចំបញ្ជីបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសកលក៏ដោយ ក៏ គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានល្អប្រសើរ ដើម្បីលើកកម្ពស់គុណភាពបញ្ជីបោះឆ្នោត និងធានាសិទ្ធិបោះឆ្នោតជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់បោះឆ្នោតជាធរមាន។
ក្នុងឆ្នាំដែលមានការបោះឆ្នោតជាសកល ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូង និងមានសារៈសំខាន់បំផុត ក្នុងចំណោមដំណាក់កាលទាំង៤ នៃដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ព្រោះបញ្ជីបោះឆ្នោតបានផ្តល់នូវមុខងារសំខាន់ ២ ដល់អាជ្ញាធរបោះឆ្នោត គឺការផ្ទៀងផ្ទាត់សុពលភាពនៃអ្នកបោះឆ្នោត និងការត្រួតពិនិត្យភាពស្របច្បាប់នៃការបោះឆ្នោត។ បញ្ជីនេះ ក៏អាចប្រើផងដែរសម្រាប់អប់រំអ្នកបោះឆ្នោត និងជាជំនួយដល់គណបក្សនយោបាយ និងបេក្ខជនក្នុងការឃោសនាបោះឆ្នោត។
ស្របតាមបច្ចេកវិទ្យាព័ត៌មានកាន់តែរីកចម្រើន ការបោះឆ្នោតនៅកម្ពុជាត្រូវបានកែទម្រង់យ៉ាងស៊ីជម្រៅ ក្នុងនោះការចុះឈ្មោះបោះឆ្នោតត្រូវបានផ្លាស់ប្តូរពីការចុះឈ្មោះអ្នកបោះឆ្នោតដោយដៃ មកជាការចុះឈ្មោះតាមប្រព័ន្ធកុំព្យូទ័រវិញ ចាប់តាំងពីឆ្នាំ២០១៦ មក។ ក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះ ក្រុមចុះឈ្មោះបោះឆ្នោតបានធ្វើការចុះឈ្មោះតាមឃុំ សង្កាត់ និងបញ្ជូនទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិតមកនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ដើម្បីរៀបចំជាបញ្ជីបោះឆ្នោតដំបូង និងបន្ទាប់មកជាបញ្ជីបោះឆ្នោតផ្លូវការសម្រាប់ប្រើប្រាស់តាមច្បាប់។ បច្ចេកវិទ្យានេះបានផ្ដល់ភាពងាយស្រួលដល់ គ.ជ.ប ក្នុងការគ្រប់គ្រងបញ្ជីឈ្មោះអ្នកបោះឆ្នោត លើកកម្ពស់គុណភាព និងជំនឿលើបញ្ជីបោះឆ្នោត និងងាយស្រួលក្នុងការស្វែងរកព័ត៌មានអ្នកបោះឆ្នោតយ៉ាងឆាប់រហ័ស៕