ក្រសួងបរិស្ថានព្រមានចំពោះអង្គការថែរក្សាបរិស្ថាននិងកសិកម្ម ក្រោយធ្វើសកម្មភាពផ្តល់បណ្ណសរសើរមេត្រីបរិស្ថានដល់រូបវន្តបុគ្គល ឬនីតិបុគ្គល ប្រាសចាកនឹងច្បាប់

Chuon Bona | ថ្ងៃទី 10 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១០ ០៤ ២០២៥
ក្រសួងបរិស្ថាន បានឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពផ្តល់ប័ណ្ណសរសើរមេត្រីបរិស្ថានដល់រូបវន្តបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលប្រាសចាកនឹងច្បាប់ ដែលនាំឲ្យមានការភាន់ច្រឡំ ដល់សាធារណជន។ 
ក្រសួងបរិស្ថាន បានព្រមានថា នឹងចាត់វិធានច្បាប់ប្រសិនបើអង្គការថែរក្សាបរិស្ថាន និងកសិកម្ម មិនបញ្ឈប់សកម្មភាពរបស់ខ្លួន។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា សកម្មភាពផ្តល់បណ្ណសរសើរមេត្រីបរិស្ថានជូនរូបវន្តបុគ្គលឬនីតិបុគ្គល ដោយអង្គការថែរក្សាបរិស្ថាននិងកសិកម្ម គឺជាសកម្មភាពល្មើសទៅនឹងច្បាប់ ដូច្នេះម្ចាស់ក្រុមហ៊ុន សហគ្រាសទាំងអស់ សូមប្រុងប្រយ័ត្នចំពោះការបោកប្រាស់ និងការជាប់ពាក់ព័ន្ធ។

ឯកឧត្តម ខ្វៃ អាទិត្យា បានធ្វើការបញ្ជាក់អំពីការផ្ដល់បណ្ណមេត្រីបរិស្ថាន ជូនរូបវន្តបុគ្គលនិងនីតិបុគ្គលទាំងអស់ ។"ក្រសួងបរិស្ថាន មានសមត្ថកិច្ចដែលកំពុងដំណើរការប្រតិបត្តិវាយតម្លៃគុណវឌ្ឍ ដល់រូបវន្តបុគ្គល និងនីតិបុគ្គល និងជាអ្នកផ្តល់បណ្ណសរសើរមេត្រីបរិស្ថានយ៉ាងត្រឹមត្រូវ ដែលមានចែងក្នុងច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា។ 
ឯកឧត្តម ខ្វៃ អាទិត្យា បានធ្វើការបដិសេធចំពោះ «អង្គការថែរក្សាបរិស្ថាន និងកសិកម្ម» ដែលបានធ្វើសកម្មភាព ផ្តល់ប័ណ្ណសរសើរមេត្រីភាព ដល់បុគ្គលនិងក្រុមហ៊ុន សហគ្រាសមួយចំនួន ដោយបានចាត់ទុកថា ជាការធ្វើសកម្មភាពល្មើសនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ ក្នុងមាត្រា៧៤៨ ដែលបានចែងថា «សមត្ថកិច្ចផ្តល់ការទទួលស្គាល់ និងលើកទឹកចិត្ត» ការទទួលស្គាល់ និងការលើកទឹកចិត្តដល់បុគ្គល ដែលបានចូល រួមប្រតិបត្តិសកម្មភាពមេត្រីបរិស្ថាន និងប្រើប្រាស់បច្ចេកវិទ្យាទ្រទ្រង់បរិស្ថាន ត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្ត ដែលរៀបចំដោយ ក្រសួងទទួលបន្ទុកវិស័យបរិស្ថាន និងធនធានធម្មជាតិ»។ ជាមួយគ្នានេះ អនុលោមតាមក្រមព្រហ្មទណ្ឌ (មាត្រា៦២៨ និងមាត្រា៦២៩) ដែលបានចែង អ្នកក្លែងឯកសារ និងអ្នកប្រើប្រាស់ឯកសារក្លែងបន្លំ គឺមានទោសដូចគ្នា។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានសំណូមពរដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស ដែលបានប្រតិបត្តិល្អ ចំពោះបរិស្ថាន និងធនធនធម្មជាតិ និងបានគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាពិនិត្យឱ្យបានច្បាស់អំពីសមត្ថកិច្ច និងការទទួលខុសត្រូវ ចៀសវាងការចាញ់បោក ក្រុមឬអង្គការណាមួយនោះ ដែលឆ្លៀតឱកាស យកបញ្ហាបរិស្ថាន ដើម្បីកេងប្រវ័ញ្ញ និងលាភសក្ការៈព្រមទាំងបានប្រព្រឹត្តអំពើល្មើសច្បាប់ថែមទៀត៕