មន្រ្តីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូងខេត្តបាត់ដំបងបដិសេធ ការបង្ហោះវីដេអូចោទប្រកាន់ថា ពលករត្រឡប់មកពីថៃឆ្លងកាត់ច្រកនេះចំណាយអស់៦០០បាត

Narith | ថ្ងៃទី 04 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ភីសុខ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង

បាត់ដំបង ៖ ប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូងខេត្តបាត់ដំបង  បានបដិសេធការចោទ ប្រកាន់តាមបណ្តាញសង្គមថា ពលករដែលត្រឡប់មកពីប្រទេសថៃ មកស្រុកកំណើត មុននិងក្នុងឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចូលតាមច្រកអន្តរជាតិដូង ត្រូវចំណាយលុយអស់៦០០បាត គឺជារឿង មិនពិត ។
គួររម្លឹកថា កាលពីថ្ងៃទី០២ខែមេសាឆ្នាំ២០២៥ មាន គណនីហ្វេសប៊ុកឈ្មោះបោយ រើយ បានបង្ហោះឃ្លីបវិដេអូមួយ ដោយមានស្រ្តីម្នាក់និយាយថា ៖« បងប្អូនអើយច្រកផ្លូវឡែមអ្នកណាថាចេញ-ចូលហ្វ្រី នែក គេហ្វ្រីតែអ្នកមាន passport  វៃ Re-Entry  ទេ   អ្នកអត់មាន ៦០០ ទិញសំបុត្រ៥០០  ទិញសំបុត្រចេញមក១០០ទៀត ។
លោកឧត្តមសេនីយត្រី ផាត់ វីរៈ ប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង បានបំភ្លឺតាមបណ្តាញតេឡេ ក្រាម នារសៀលថ្ងៃទី០៣ខែមេសា ថាពាក់ព័ន្ធនឹងការបង្ហោះឃ្លីបវីដេអូខាងលើនេះ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង សូមធ្វើការបដិសេធទាំងស្រុង ដោយលោកបានបំភ្លឺជូនថា ៖
 ១.មន្ត្រីអន្តោប្រវេសន៍ពុំមានហេតុផល ឬលេសណាមួយ   ដើម្បីទារលុយពីពលករ នោះទេ ។    
 ២.មន្ត្រីអន្តោប្រវេសន៍ទាំងអស់សុទ្ធតែមានប័ណ្ណសម្គាល់ខ្លួន  ស្លាកឈ្មោះ   អត្តលេខ  និង ឯកសណ្ឋាននគរបាលជាតិត្រឹមត្រូវ។
  ៣.រូបភាពឃ្លីបវិឌីអូដែលគណនីខាងលើ  យកមកបង្ហោះផ្សព្វផ្សាយអមជាមួយខ្លឹមសារខាងលើមិនមែនស្ថិតនៅក្នុងរង្វង់ភូមិសាស្ត្រ ប្រតិបត្តិការរបស់នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូងទេ។
  ៤-ចំពោះពលករដែលមិនចង់អស់លុយភាគីថៃតម្រូវឱ្យគាត់ទៅស្នើសុំលិខិតបើកផ្លូវចេញដោយស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃ តម្រូវឱ្យមានឯកសារពាក់ព័ន្ធដូចបានជូនភ្ជាប់។ ប៉ុន្តែពលករមួយចំនួនពុំមានឯកសារពាក់ព័ន្ធខាងលើនោះឡើយ។
យោងសេចក្តីជូនដំណឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី៣១ខែមីនាឆ្នាំ២០២៥បានបញ្ជាក់ថា ប្រទេសថៃ បានឯកភាពតាមសំណើរបស់ក្រសួងការងារថៃ លើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ (Re-Entry Permit) ដល់ពលករខ្មែរ ឡាវ និងភូមា អំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ការលើកលែងតម្លៃសេវានេះ គឺផ្តល់ជូនតែមួយដងគត់ដល់ពលករខ្មែរដែលមានលិខិតឆ្លងដែន/លិខិត ធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅបរទេស (TD) និងមានទិដ្ឋាការការងារ (Non-Immigration L-A Visa) ដែលមានសុពលភាពលើស ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ការលើកលែងនេះ ក៏បូករួមទាំងកូនក្រោមអាយុ ១៨ឆ្នាំ ដែលទទួលបានការវាយត្រាប្រភេទអ្នកក្នុងបន្ទុក និងមានលិខិតអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃ លើសថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។
ដើម្បីឱ្យការធ្វើដំណើរចេញ-ចូលប្រទេសថៃដោយរលូន បងប្អូនពលករខ្មែរអនុវត្តដូចជា ៖ ត្រូវធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ , ត្រូវវាយត្រាចេញ-ចូលប្រទេសថៃលើលិខិតឆ្លងដែន/លិខិតធ្វើដំណើរ TD ដែលមានទិដ្ឋាការការងារ (Non-Immigration L-A Visa) ដោយមិនចាំបាច់បំពេញពាក្យស្នើសុំ និងបង់ប្រាក់ពីការអនុញ្ញាត ចេញ-ចូលប្រទេសថៃ (Re-Entry Permit) , ត្រូវធ្វើដំណើរចូលប្រទេសថៃវិញយ៉ាងយូរត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ករណីធ្វើដំណើរ ចូលប្រទេសថៃវិញ ក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បងប្អូនត្រូវបំពេញពាក្យស្នើសុំ និងបង់ថ្លៃ សេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ (Re-Entry Permit) មុនធ្វើដំណើរចេញពីប្រទេសថៃ ដោយគិតតម្លៃសេវាជាធម្មតា បើមិនដូច្នេះ ទិដ្ឋាការការងារ (Non-Immigration L-A Visa) របស់ បងប្អូនពលករខ្មែរនឹងអស់សុពលភាព ៕