វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (០៤ ០៤ ២០២៥)
ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ក្នុងការសម្រេចបាន នូវពិភពលោកមួយដែលគ្មានមីន ជម្នះបញ្ហាប្រឈមដែលបង្កឡើងដោយគ្រាប់មីន ។
តាមរយៈបណ្តាញសង្គម នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតីហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទិវាអន្តរជាតិយល់ដឹងពីមីន ឆ្នាំ២០២៥នេះ រៀបចំឡើងក្រោមប្រធានបទ "ការពារជីវិត កសាងសន្តិភាព" ក្នុងគោលបំណងរំលឹកអំពីសារសំខាន់ និងលើកកម្ពស់ការយល់ដឹង អំពីការគំរាមកំហែងដែលបង្កឡើង ដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មកលើប្រជាពលរដ្ឋស្លូតត្រង់នៅទូទាំងពិភពលោក ។
ក្នុងឱកាសដ៏មានអត្ថន័យនេះ សម្តេចធិបតី ក៏បានរំលឹក នឹកដល់វីរៈជន និងស្ថាប័នពាក់ព័ន្ធទាំងឡាយដែលបានខិតខំប្រឹងប្រែង ប្រកបដោយភាពក្លាហាន និងការលះបង់ក្នុងសកម្មភាពមីន និងសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាមនានា ដើម្បីធានាបាននូវសុខសុវត្ថិភាព និងវិបុលភាពរបស់មនុស្សទូទាំងពិភពលោក ។
បន្ថែមលើនេះ សម្តេចធិបតី បញ្ជាក់ថា គ្រាប់មីនបានបង្កការគំរាមកំហែងយ៉ាងខ្លាំង ដល់ប្រជាជនស្លូតត្រង់ និងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបង្កការឈឺចាប់ និងការបាត់បង់អាយុជីវិតរាប់មិនអស់ ហេតុនេះហើយ ការបោសសម្អាតមីន មិនត្រឹមតែកាត់បន្ថយគ្រោះថ្នាក់ភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់បម្រើដល់ការអភិវឌ្ឍ ។
សម្តេចធិបតី ថ្លែងថា ក្នុងឱកាស នៃការប្រារព្វទិវាអន្តរជាតិនេះ យើងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ក្នុងការសម្រេចបាននូវពិភពលោកមួយដែលគ្មានមីន ជម្នះបញ្ហាប្រឈមដែលបង្កឡើងដោយគ្រាប់មីន និងប្រែក្លាយចក្ខុវិស័យរបស់យើង ឱ្យក្លាយជាការពិត ដើម្បីធានាឱ្យមនុស្សជំនាន់ក្រោយ អាចរស់នៅដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងគ្មានការគំរាមកំហែង ពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕