វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ០៤ មេសា ២០២៥
MC៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមជាមួយថ្នាក់ ដឹកនាំ មន្រ្តីរាជការ នៃក្រសួងព័ត៌មាន នៅរសៀលថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ បាននិមន្តព្រះសង្ឃរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរឆ្នាំថ្មី ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នាពេលខាងមុខនេះ។
នៅក្នុងឱកាសនៃពិធីសូត្រមន្តចម្រើនព្រះបរិត្តនេះដែរ ក៏មានពិធីអភិសេករូបសំណាក ព្រះបាទជ័យវរ្ម័នទី៧ ព្រមទាំងមានការសម្តែងរបាំជូនពរ របាំត្រុដិ និងរបាំឆៃយ៉ាំ ផងដែរ ដើម្បីអបអរសារទរ និងបណ្ដេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ ផ្លាស់ទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥។
ជាកិច្ចបន្ទាប់ ក្រសួងនឹងមានរៀបចំពិធី ពិសានំបញ្ចុកសាមគ្គីមហាគ្រួសារ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ របស់ក្រសួងព័ត៌មាន ដើម្បីជាការរឹតចំណងសាមគ្គីភាពកាន់តែរឹងមាំបន្ថែមទៀត៕