សម្តេចធិបតីណែនាំឱ្យក្រសួងការពារជាតិ ពង្រឹងកិច្ចការពារជាតិទាំងផ្លូវទឹក និងផ្លូវគោកឱ្យមានភាពរឹងមាំបន្ថែមទៀត

Chuon Bona | ថ្ងៃទី 05 ខែ មេសា ឆ្នាំ 2025

សម្តេចធិបតីណែនាំឱ្យក្រសួងការពារជាតិ ពង្រឹងកិច្ចការពារជាតិទាំងផ្លូវទឹក និងផ្លូវគោកឱ្យមានភាពរឹងមាំបន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖

ព្រះសីហនុ៖ សម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ខេត្តព្រះសីហនុ។

អនុវត្តតាមកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេស ទាំងពីរ “កម្ពុជា-ចិន” នៅថ្ងៃទី២១-២៤ ខែមករា ឆ្នាំ២០១៨ ក្រុមការងារតំណាងឱ្យក្រសួងការពារជាតិទាំងពីរ បានពិភាក្សាលើបញ្ហាពាក់ព័ន្ធការកសាង និងប្រើប្រាស់មូលដ្ឋានសមុទ្ររាម និងបានចុះកំណត់ហេតុរួមគ្នាឯកភាពលើគោលការណ៍០៧ចំណុច។

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណ រដ្ឋប្រជាមានិតចិន បានចុះកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើការកសាង និងប្រើប្រាស់នូវមជ្ឈមណ្ឌល ភស្តុភារ និងហ្វឹកហ្វឺនរួមគ្នានៅផែរាម។ ក្រុមការងារបច្ចេកទេសប្រទេសទាំងពីរ បានសហការយកចិត្តទុកដាក់ ក្នុងការស្រាវជ្រាវ សិក្សាពីស្ថានភាពទីតាំងភូមិសាស្ត្រ ស្ថានភាពដី ទឹក បរិស្ថានជុំវិញ និងដំណើរការវាស់វែង កំណត់ទីតាំងប្លង់មេ ដើម្បីដំណើរការសាងសង់។ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារទាំងពីរ បាន រៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា “Drydock(អ៊ូ) Slipway(វ៉ៃ) ផែ សំចត និងស្តារ ឃ្លង” ក្នុងមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យ សេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ជាលទ្ធផល រហូតមកដល់ដើមឆ្នាំ២០២៥នេះ ភាគីមិត្តចិនបានសហការសាងសង់ផែ អគារ និងហេដ្ឋា រចនាសម្ព័ន្ធសម្រេចបានលទ្ធផល១០០% រួមមានសំណង់អគារថ្មី និងជួសជុលអគារចាស់ៗជាច្រើន។

សមិទ្ធផលដែលសម្រេចបានខាងលើនេះ គឺជាមរតកប្រវត្តិសាស្ត្រនៃការពង្រឹង និងពង្រីកទំនាក់ទំនងជា ប្រពៃណី រវាងរាជរដ្ឋាភិបាល និងកងទ័ពប្រទេសទាំងពីរ បន្តពីប្រពៃណីដែលធ្លាប់បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏យូរលង់ និងកាន់តែមានភាពកក់ក្តៅ ជឿជាក់ រឹងមាំ ជាពិសេសនៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្ត ការពារសមិទ្ធផល ដែលថ្នាក់ដឹកនាំជំនាន់មុន បានបន្សល់ទុកឱ្យរឹងមាំ ស្ថិតស្ថេរ និងបន្តអភិវឌ្ឍឱ្យកាន់តែរីក ចម្រើនថែមទៀត។

ការកសាងឡើងនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ដែលកំពុងរៀបចំសម្ពោធនា ពេលនេះ បានប្រព្រឹត្តទៅស្របតាមគោលដៅនៃការពង្រឹងសមត្ថភាពកងទ័ពជើងទឹក ដែលជាជ្រុងអាទិភាពមួយ នៃការកែទម្រង់កងកម្លាំងប្រដាប់អាវុធ ក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សៀវភៅសការពារជាតិ សំដៅធ្វើ ទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈដល់កងទ័ពជើងទឹក បន្តធានាកិច្ចការពារ ប្រកបដោយប្រសិទ្ធភាពនូវ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងសុវត្ថិភាពជូនប្រជាជន។

សូមបញ្ជាក់ថា  ទោះបីជាកន្លងមក មានការចោទប្រកាន់ឥតឈប់ឈរមកលើសិទ្ធិ និងអធិបតេយ្យរបស់កម្ពុជាក៏ដោយ ប៉ុន្តែកម្ពុជានៅតែប្រកាន់យកការអនុវត្តស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន និងសូមគូសបញ្ជាក់ជាថ្មីឡើងវិញថា កម្ពុជាមានគោលជំហររឹងមាំក្នុងការគោរពសិទ្ធិ និងផលប្រយោជន៍អ្នកដទៃ និងគ្មានមហិច្ឆតាបង្កការគំរាមកំហែងដល់ប្រទេស ឬតំបន់ណាមួយនោះឡើយ។ បន្ទាប់ពីបញ្ចប់ដំណើរការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម កម្ពុជានឹងមានសមត្ថភាពកើនឡើងមួយកម្រិតទៀត ក្នុងការគ្រប់គ្រងសភាពការណ៍ក្នុងដែនសមុទ្រកម្ពុជា ដើម្បីបង្ការការពារ ទប់ស្កាត់ និងឆ្លើយតបទៅនឹងឧបទ្ទវហេតុនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព និងមានឱកាសកាន់តែទូលំទូលាយនៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខលំហសមុទ្រជាមួយដៃគូអន្តរជាតិ និងក្នុងក្របខណ្ឌតំបន់ ស្របតាមគោលនយោបាយជាតិ និងយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខលំហសមុទ្រ របស់កម្ពុជា៕

សម្តេចធិបតីណែនាំឱ្យក្រសួងការពារជាតិ ពង្រឹងកិច្ចការពារជាតិទាំងផ្លូវទឹក និងផ្លូវគោកឱ្យមានភាពរឹងមាំបន្ថែមទៀត