បាត់ដំបង៖ថ្នាក់ដឹកនាំមន្ទីរនិងការិយាល័យទាំង៥របស់មន្ទីរព័ត៌មានខេត្តបាត់ដំបងត្រូវបានអនុញ្ញាតិឱ្យអញ្ជើញជួបគួរសម ជាមួយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅបន្ទប់ធ្វើការផ្ទាលរបស់ឯកឧត្តមក្នុងរដ្ឋបាលខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី ០៧ខែមេសាឆ្នាំ២០២៥ ក្នុងឱកាសមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨-ព.ស.២៥៦៩ នាពេលខ្លីខាងមុខនេះ។
លោក សុវណ្ណ វិទិត្យាប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបងបានជម្រាបជូនឯកឧត្តមពីសកម្មភាព និងលទ្ធផលការងាររបស់មន្ទីរព័ត៌មានខេត្តបាត់ដំបងដែលបានអនុវត្តន៍ និងកំពុងអនុវត្តន៍បន្តលើវិស័យព័ត៌មាន ពិសេសលើការជម្រុញការផ្សព្វផ្សាយ ពីសមិទ្ធផលនានាក្នុងខេត្ត និងការរៀបចំពិធីធំៗរបស់រដ្ឋបាលខេត្ត ជាក់ស្តែងការរៀបចំកម្មវិធីសង្រ្កានបាត់ដំបងឆ្នាំ២០២៥នេះជាដើម ដោយធ្វើការផ្បព្វផ្សាយបានទូលំទូលាយ ទាំងលើប្រព័ន្ធផ្សព្វផ្សាយវិទ្យុ ទូរទស្សន៍ជាតិ និងបណ្តាញសង្គម។
ក្នុងឱកាសនោះឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងក្រុមការងារផលិតព័ត៌មានរបស់មន្ទីរព័ត៌មានខេត្តបាត់ដំបង ដែលបានខិតខំធ្វើការផ្សព្វផ្សាយនៅសមិទ្ធផលនានាក្នុងខេត្ត ពិសេសការផ្សព្វផ្សាយនៅការរៀបចំព្រឹត្តិការណ៍ធំៗក្នុងខេត្ត បានជ្រាបដល់ប្រជាជន និងភ្ញៀវជាតិ អន្តរជាតិ។
ឯកឧត្តមជម្រុញដល់ថ្នាក់ដឹកនាំនិងក្រុមការងារមន្ទីរព័ត៌មានខេត្តបាត់ដំបងបន្តសកម្មភាពរបស់ខ្លួនបន្តទៀតក្នុងការផ្សព្វផ្សាយពីស្នាដៃនានារបស់រាជរដ្ឋាភិបាល និងខេត្ត ពិសេសការរៀបចំព្រឹត្តិការណ៍សង្ក្រានបាត់ដំបងឆ្នាំ២០២៥ខាងមុខនេះ ដែលរដ្ឋបាលខេត្ត សហការជាមួយ ស ស យ ក កំពុងរៀបចំនៅកន្លែងកំសាន្តសប្បាយនានាជាច្រើន បង្កបរិយាកាសសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពលេខាងមុខនេះ។
ក្នុងឱកាសនោះលោកសុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធទាំងអស់ក្នុងលោក និងទេវតាឆ្នាំថ្មី ថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រោះព្រំ ប្រសិទ្ធពរជ័យបវរមហាប្រសើរជូន ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានជួបប្រទះតែនឹងវិបុលសុខ សុភមង្គល កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងវៀរចាករោគាព្យាធិ គ្រប់បែបយ៉ាង ក្នុងបេសកកម្មបម្រើជាតិមាតុភូមិកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព វឌ្ឍនភាព និងភាពសម្បូរសប្បាយរុងរឿង ៕ អត្ថបទ ភី សុខ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង