វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ៨ ៤ ២០២៥
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងសាធារណៈដឹកប្រជាពលរដ្ឋទៅស្រុកកំណើតនាថ្ងៃបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំ ដោយឥត់គិតថ្លៃបានធ្វើឲ្យពលរដ្ឋសន្សំលុយបានច្រើន។
មិនខុសពីសព្វមួយដង មុនចូលឆ្នាំខ្មែរសម្រាប់ឆ្នាំ២០២៥នេះ សាលារាជធានីភ្នំពេញដឹកនាំដោយឯកឧត្តម ឃួង ស្រេង បានរៀបចំរថយន្តក្រុងសាធារណៈសម្រាប់ដឹកប្រជាពលរដ្ឋទៅបណ្តាស្រុកកំណើតនៅទូទាំងប្រទេសចំនួន៥៩៧គ្រឿង ខណៈជារៀងរាល់ឆ្នាំឲ្យតែពិធីបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំខ្មែរសាលារាជធានីភ្នំពេញតែងតែបញ្ចេញរថយន្តក្រុងរាប់រយគ្រឿងដឹកពលរដ្ឋទៅស្រុកដោយមិនគិតពីថវិកា ដើម្បីជួយសម្រួលការលំបាករបស់ពួកគាត់ ។
សម្រាប់ការត្រៀមរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញប្រមាណជាជិត៦០០គ្រឿងនេះ សម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាលបានកោតសរសើរដល់ឯកឧត្តម ឃួង ស្រេងក្នុងការចាត់ចែងរៀបចំរថយន្តក្រុងដឹកពលរដ្ឋទៅកាន់ផ្ទះរៀងៗខ្លួននៅតាមបណ្តារាជធានី-ខេត្តនៅទូទាំងប្រទេសដែលធ្វើឲ្យពលរដ្ឋចំណេញថវិកាសម្រាប់ធ្វើដំណើរទៅវិញ ទៅមក ដោយមិនចាំបាច់ចំណាយសម្រាប់ជិះរថយន្តក្រុងឯកជន ។
“ប្រជាពលរដ្ឋសន្សំបានច្រើន ថ្ងៃមុនខ្ញុំចុះទៅមើលនៅកន្លែងទីលានប្រជាធិបតេយ្យដែលរៀបចំស្ថានីយ៍ដឹក ។ ខ្ញុំសួរមួយគ្រួសារគាត់ទៅបន្ទាយមានជ័យ ខ្ញុំថាម្នាក់ប៉ុន្មាន គាត់ថាទៅ១០ម៉ឺន មក១០ម៉ឺន ។ ចឹងម្នាក់២០ម៉ឺន ហើយគាត់មាន៥នាក់ ទាំងប្រពន្ធ ទាំងកូន ទាំងយាយ ។ អីចឹងគាត់សន្សំបានមួយជើង៤០ម៉ឺន ចឹងទៅមកគាត់សន្សំបាន២០០ដុល្លារ។ ២០០ដុល្លារហ្នឹងគាត់ទុកចាយនៅផ្ទះ” ។
សម្តេចធិបតីបន្តថា គ្រាន់តែនាឱកាសបុណ្យភ្ជំកន្លងទៅថ្មីៗនេះ បូកសរុបទាំងអស់របស់ប្រជាពលរដ្ឋដែលបានសន្សំចៃថវិកាមិនជិះរថយន្តឯកជនបានជាង១លានដុល្លារ។ សម្តេចថា នេះហើយជាវប្បធម៌នៃការជួយគ្នាទៅវិញទៅមក ទោះបីជារដ្ឋបានចំណាយមួយចំនួនក៏ដោយ ៕