សម្តេចធិបតី៖ កម្មវិធីពិសេសជំរុញការវិនិយោគ​ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន គឺជាលទ្ធផលនៃការសិក្សាមានការចូលរួមផ្តល់ធាតុចូល និងពិគ្រោះយោបល់គ្រប់ជ្រុងជ្រោយ

Narith | ថ្ងៃទី 08 ខែ មេសា ឆ្នាំ 2025


វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (០៨ ០៤ ២០២៥)
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា "កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨" គឺជាលទ្ធផលនៃការសិក្សា ដែលមានការចូលរួមផ្តល់ធាតុចូល និងការពិគ្រោះយោបល់គ្រប់ជ្រុងជ្រោយ ពីសំណាក់ភាគីពាក់ព័ន្ធជាច្រើន ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ដូច្នេះ ធ្វើឡើងតាមរយៈសេចក្តីសម្រេច ស្តីពីការដាក់ឱ្យអនុវត្តកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨ ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីពេលថ្មីៗនេះ ។
តាមរយៈសេចក្តីសម្រេចនេះ សម្តេចធិបតី បានលើកឡើងថា ការគិតគូរលើការអភិវឌ្ឍប្រកបដោយចីរភាព និងមានបរិយាប័ន្ន និងកិច្ចខិតខំប្រឹងប្រែងបែង-ចែកភាគលាភនៃកំណើនសេដ្ឋកិច្ច គឺជាចំណោទបញ្ហាដែលរដ្ឋាភិបាល នៅលើពិភពលោកត្រូវយកចិត្តទុកដាក់ជាប្រចាំ។ បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញលេញនៅឆ្នាំ ១៩៩៨ តាមរយៈភាពជោគជ័យ នៃនយោបាយ ឈ្នះ-ឈ្នះ ដែលបានផ្តួចផ្តើម និងអនុវត្ត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី, ភាគលាភនៃសន្តិភាព បានផ្តល់លទ្ធភាពឱ្យរាជរដ្ឋាភិបាល អាចប្រមូលផ្តុំធនធានភាគច្រើនដើម្បីចំណាយ លើការអភិវឌ្ឍនៅគ្រប់វិស័យ។ សមិទ្ធផលរបស់រាជរដ្ឋាភិបាលអាណត្តិមុនៗ ដែលបានកើតឡើងតាមរយៈ ការអនុវត្តដោយជោគជ័យនៃ យុទ្ធសាស្ត្រត្រីកោណ និង យុទ្ធសាស្ត្រចតុកោណ ទាំង៤ដំណាក់កាល, បានផ្លាស់ប្តូរមុខមាត់កម្ពុជា គួរឱ្យកត់សម្គាល់លើគ្រប់ទិដ្ឋភាព ហើយសូចនាករសេដ្ឋកិច្ច-សង្គម ជាច្រើន ត្រូវបានកែលម្អ ប្រកបដោយមោទនភាព។ លើសពីការបង្កើតសន្តិភាព និងអភិវឌ្ឍសេដ្ឋកិច្ចជាតិខ្លួន, តួនាទីរបស់កម្ពុជា នៅក្នុងរបៀបវារៈនៃការកសាងសន្តិភាព និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់ ក៏មានការទទួលស្គាល់ជាអន្តរជាតិ។ ទាំងនេះគឺជាមត៌កនៃការកសាងជាតិ ដែលរាជរដ្ឋា ភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ត្រូវបន្តថែរក្សា និងពង្រឹងបន្ថែមទៀត តាមរយៈការដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឱ្យកាន់តែសម្បូរសប្បាយ រុងរឿង ស្របតាម ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០។
សម្តេចធិបតី សង្កត់ធន់ថា ពិតណាស់ថា ធនធានរបស់យើងមានកំណត់ ដូច្នេះ ល្បឿននៃការអភិវឌ្ឍ និងរបាយការអភិវឌ្ឍ ពុំអាចកើតមានឡើងស្មើៗគ្នា នៅទូទាំងប្រទេសភ្លាមៗ តាមអ្វីដែលយើងចង់បាននោះឡើយ។ តំបន់ដែលនៅឆ្ងាយៗ ជាពិសេស តំបន់ភូមិភាគឦសាន រួមមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្ត រតនគិរី និងខេត្តមណ្ឌលគិរី ទាមទារឱ្យមានការគិតគូរជាពិសេសដោយឡែក។ តំបន់ភូមិភាគឦសាន គឺជាតំបន់ដែលមានវិសាលភាពដីបង្កបង្កើនផលធំទូលាយ និងសម្បូរទៅដោយធនធានធម្មជាតិ។ ក្នុងអាណត្តិមុនៗ, រាជរដ្ឋាភិបាល​ បានខិតខំយកចិត្តទុកដាក់ លើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដើម្បីតភ្ជាប់តំបន់នេះ ដែលនៅឆ្ងាយពីមជ្ឈមណ្ឌលនៃកំណើន ឬប៉ូលសេដ្ឋកិច្ចសំខាន់ៗ។ ហេដ្ឋារចនាសម្ព័ន្ធ ទាំងនោះ បានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការជួយសម្រួលដល់ការតភ្ជាប់តំបន់នេះ ជាមួយនឹងចរន្ត សេដ្ឋកិច្ច និងពាណិជ្ជកម្មផ្ទៃក្នុងប្រទេស ក៏ដូចជាជាមួយបណ្តាប្រទេសជាប់ព្រំដែន។ ដើម្បីបង្កើនចរន្ត សេដ្ឋកិច្ចសម្រាប់តំបន់នេះបន្ថែមទៀត, កាលពីខែសីហា ឆ្នាំ២០២៤ សម្តេចបានអំពាវនាវឱ្យវិស័យឯកជន បង្កើនការវិនិយោគឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន ហើយបានណែនាំឱ្យគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) ដែលមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន, ដឹកនាំរៀបចំ ការសិក្សា និងបង្កើតកម្មវិធីពិសេសមួយ សម្រាប់តំបន់ភូមិភាគឦសាន។ 
សម្តេចធិបតី នាយកដ្ឋមន្ត្រី បានបញ្ជាក់ថា "កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨" គឺជាលទ្ធផលនៃការសិក្សាដែលមានការចូលរួមផ្តល់ធាតុចូល និងការពិគ្រោះយោបល់គ្រប់ជ្រុងជ្រោយ ពីសំណាក់ភាគីពាក់ព័ន្ធជាច្រើន ទាំងក្នុងកម្រិតជាតិ និងថ្នាក់ក្រោមជាតិនៃវិស័យសាធារណៈ, ព្រមទាំងភាគីជាច្រើននៃវិស័យឯកជន ក៏ដូចជាប្រជាសហគមន៍។ កម្មវិធីពិសេសនេះ គឺជាឯកសារដ៏មានសារៈសំខាន់ នៅក្នុងការចង្អុលបង្ហាញវិស័យអាទិភាពចំនួន ៣ គឺកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដែលស្របតាមទាយជ្ជទានដែលមានស្រាប់របស់ខេត្តទាំងបួន ដែលគួរជំរុញការវិនិយោគបន្ថែម ដោយមានការគាំទ្រយ៉ាងទូលំទូលាយពីរាជរដ្ឋាភិបាល។ កម្មវិធីពិសេសនេះ បានគូសបញ្ជាក់យ៉ាងច្បាស់នូវការលើកទឹកចិត្តដ៏ច្រើន ដែលរាជរដ្ឋាភិបាល អាចផ្តល់ជូនវិស័យឯកជន ហើយក៏មានការគិតគូរពីការផ្តល់ហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់សមរម្យ, ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី

និងការគាំទ្រសកម្មភាពវិនិយោគឯកជនផងដែរ"។ 

ក្នុងឱកាសនោះ សម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ស.ហ. ដែលបានដឹកនាំរៀបចំកម្មវិធីពិសេសនេះឡើង និងបានថ្លែងអំណរគុណ ដល់ការសហការ គាំទ្រប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ទាំងអស់ ដែលបានរួមចំណែក ធ្វើឱ្យការរៀបចំកម្មវិធីពិសេសនេះ កាន់តែមានភាពជាក់ស្តែងនិយម, ចំគោលដៅ និងអាចអនុវត្តបាន។ 

សម្តេចធិបតី ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨ និងស្នើឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តកម្មវិធីពិសេសនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ, និងមានភាពម្ចាស់ការ ដើម្បីសម្រេចជោគជ័យ ស្របតាមគោលបំណង និងគោលដៅដែលបានដាក់ចេញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងភាពរីកចម្រើនរុងរឿង ប្រកបដោយបរិយាប័ន្ទ នៅក្នុងបណ្តាខេត្តនៅជាប់ព្រំដែន ក្នុងដំណើរប្រកបដោយក្តីសង្ឃឹមរបស់កម្ពុជា ឆ្ពោះទៅរក ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០៕

សម្តេចធិបតី៖ កម្មវិធីពិសេសជំរុញការវិនិយោគ​ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន គឺជាលទ្ធផលនៃការសិក្សាមានការចូលរួមផ្តល់ធាតុចូល និងពិគ្រោះយោបល់គ្រប់ជ្រុងជ្រោយ