សម្តេចធិបតី អញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគ ឦសាននៃ ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨»

Chuon Bona | ថ្ងៃទី 09 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា 

សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៃ ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨»  ដែល   មានគោលដៅដើម្បីទាក់ទាញវិនិយោគឯកជន ឆ្ពោះទៅទិសឦសាន ត្រូវមានលក្ខណៈជាយុទ្ធសាស្ត្រ, ពោលគឺ ត្រូវកំណត់នូវលក្ខខណ្ឌ និង វិធានការលើកទឹកចិត្ត ដែលអាចឈានទៅពង្រីកមូលដ្ឋានសេដ្ឋកិច្ច ដែល មានស្រាប់ ក្នុងខេត្តនីមួយៗផង, ជំរុញឲ្យមានការតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្ម ពីខេត្តមួយទៅខេត្ត មួយផង, និង អភិវឌ្ឍវិស័យគន្លឹះ និង ប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចជាតិទាំងមូលផង, ស្របតាម បំណងប្រាថ្នា របស់រាជរដ្ឋាភិបាល ដូចបានចង្អុល បង្ហាញក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ។
ខេត្តទាំងបួននៅភូមិភាគឦសាន ជាខេត្តមានកត្តាទាយជ្ជទាន ដែលអំណោយ ផល ដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង ទេសចរណ៍ ។ ដំណាំកសិកម្ម និង កសិ-ឧស្សាហកម្ម ក្នុងខេត្តទាំងបួន រួមមាន៖ កៅស៊ូ, ស្វាយចន្ទី, ដំឡូងមី, ម្រេច និង ចេកអំបូងលឿង ជាដើម, សុទ្ធសឹងជាកសិផលយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពល, ទាំងសម្រាប់ទីផ្សារខាងក្រៅ និង ទីផ្សារក្នុងស្រុក ។ ជាក់ស្តែង, ក្នុងឆ្នាំ ២០២៤, បរិមាណផលនៃប្រភេទដំណាំទាំងនេះ ក្នុងខេត្តទាំងបួន មានទំហំប្រមាណ ២០ ទៅ ៦០ ភាគរយ នៃបរិមាណផលសរុបទូទាំងប្រទេស ។ តួលេខនេះ សបញ្ជាក់ច្បាស់ពីផលិតភាព និង ភាពអំណោយផលខ្ពស់ នៃស្ថានភាពដី, កត្តាភូមិសាស្ត្រ និង អាកាសធាតុ ក្នុងតំបន់ភូមិភាគឦសាន ចំពោះដំណាំទាំងអស់នេះ ។ ជាមួយគ្នានេះ, ភាពសម្បូរ បែប នៃសម្បត្តិធម្មជាតិ រួមមាន៖ អាកាសធាតុត្រជាក់, ខ្យល់បរិសុទ្ធ, ធនធានធម្មជាតិចម្រុះ, ព្រៃឈើ និង ដែនជម្រកសត្វព្រៃ ជាដើម បានធ្វើឲ្យខេត្តទាំងបួន ក្លាយជាតំបន់ដែល មានសក្តានុពលទេសចរណ៍ធម្មជាតិ និង អេកូទេសចរណ៍, ជាពិសេស ទេសចរណ៍ អត្តសញ្ញាណពិសេស (Unique Identity Tourism) ដែលសំដៅលើផលិតផល ទេសចរណ៍វប្បធម៌, ធម្មជាតិ និង ប្រវត្តិសាស្ត្រ ដែលមានលក្ខណៈ ពិសេសដោយឡែក សម្រាប់ខេត្ត និង តំបន់ភូមិភាគឦសាននៃប្រទេស តែប៉ុណ្ណោះ ។
ទោះជាយ៉ាងនេះក្តី, ខេត្តទាំងបួន ក៏នៅមានបញ្ហាប្រឈមជារចនាសម្ព័ន្ធមួយចំនួន ដែលតម្រូវឲ្យរាជរដ្ឋាភិបាល បន្តគិតគូរ និង ដោះស្រាយ ដើម្បីជំរុញ ការទាញយក ឧត្តមប្រយោជន៍ នៃកត្តាទាយជ្ជទានទាំងនេះ ឲ្យបានជាអតិបរមា ប្រកបដោយចីរភាព ។ ផ្អែកលើកត្តា និង បរិបទនេះហើយ, ទើបរាជរដ្ឋាភិបាល, ក្រោមការដឹកនាំ ប្រកបដោយ ទស្សនវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចសិក្សា និង ដាក់ចេញ នូវ «កម្មវិធីពិសេស» នេះ, ជាកម្មវិធីលើកទឹកចិត្តដល់វិស័យឯកជន ដែលមានលក្ខណៈ សាមញ្ញ, ចំគោលដៅ និង ភាពអនុគ្រោះខ្ពស់ ។
ជារួម, «កម្មវិធីពិសេស» នេះ ត្រូវបានរៀបចំឡើង ដោយឈរលើទស្សនាទាន ចំនួន ៣ រួមមាន៖
ទី១. កែប្រែមុខមាត់នៃខេត្តទាំងបួននៅភូមិភាគឦសាន ឲ្យក្លាយជាខេត្តដែលមាន មូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម, កសិ-ឧស្សាហកម្ម និង ទេសចរណ៍ ឈរលើ កត្តាទាយជ្ជទានរបស់ខេត្តនីមួយៗ និង ដោយមានភាពប្រទាក់ក្រឡាគ្នា ជាមួយនឹង គោលនយោបាយជាតិនានា,ទី២. ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលនាំមកនូវលទ្ធផលរហ័ស, ជា ពិសេស កត្តាជំរុញការទាក់ទាញវិនិយោគឯកជន; និងទី៣. ជំរុញសហថាមពលដែលកើតចេញពីការប្រមូលផ្តុំ (Clustering Effects) ដើម្បីឈានទៅអភិវឌ្ឍសេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale) ជាជាងការវិនិយោគដែលមានលក្ខណៈរាយប៉ាយ និង មិនអាចផ្សារភ្ជាប់គ្នាបាន ។
«កម្មវិធីពិសេស» នេះ បានកំណត់យកវិស័យអាទិភាព ចំនួន ៣ គឺ៖ កសិកម្ម, កសិឧស្សាហកម្ម និង ទេសចរណ៍, ដោយហេតុថា វិស័យទាំង ៣ នេះ មានលក្ខណៈ សមស្រប តាមកត្តាទាយជ្ជទានដែលមានស្រាប់ ក្នុងខេត្តទាំងបួន និង មានភាពបំពេញ បន្ថែម ឲ្យគ្នាទៅវិញទៅមក ។
ដើម្បីលើកទឹកចិត្តដល់ការវិនិយោគក្រោម «កម្មវិធីពិសេស» នេះ, រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ចំនួន ៣ ប្រភេទ, ក្នុងនោះ រួមមាន៖ ទី១). វិធានការផ្នែកពន្ធដារ និងពន្ធគយ, ទី២). ការផ្តល់ហិរញ្ញប្បទាន ក្រោមអត្រា ការប្រាក់សមរម្យ, និង ទី៣). ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និង ការគាំទ្រសកម្មភាពវិនិយោគឯកជន ។ វិធានការ ទាំងនេះ នឹងត្រូវអនុវត្ត ចំពោះគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច ដែលត្រូវបានចុះបញ្ជីជា គម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.), គម្រោងពង្រីកនៃ គ.ល.គ. ដែលមាន ស្រាប់, គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច របស់សហគមន៍កសិកម្មទំនើប, និងគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច របស់សហគមន៍ទេសចរណ៍ ដែលត្រូវចាប់ផ្តើម ដំណើរការ ពីឆ្នាំ ២០២៥ ដល់ ២០២៨ ។
សូមបញ្ជាក់ថា ខេត្តទាំងបួននៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជារួមមាន៖ ខេត្តក្រចេះ, ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី៕

សម្តេចធិបតី អញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគ ឦសាននៃ ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨»