វិទ្យុជាតិកម្ពុជា៖ ធីណា ឌីណេ០៨ ០៤ ២០២៥
លោក ឡុង ឌីម៉ង់ លើកឡើងថា កម្ពុជានៅតែមានភាពទាក់ទាញ និងផ្តល់នូវទំនុកចិត្តដល់អ្នកវិនិយោគដែលជំរុញឱ្យវិនិយោគិនបរទេស ពិចារណាមកបណ្តាក់ទុន ខណៈកម្ពុជាមានច្បាប់វិនិយោគដែលអំណោយផល និងមានច្រកទីផ្សារនាំចេញច្រើន ព្រមជាមួយនឹងការទទួលបានការអនុគ្រោះពន្ធ ក៏ដូចជាកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មផងដែរ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តព្រះសីហនុ មានប្រសាសន៍ថា ដោយសារកម្ពុជាមានសុខសន្តិភាព មានស្ថិរភាពនយោបាយ និងស្ថិរភាពនៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ដែលជាចំណុចខ្លាំងពិសេសមួយរបស់កម្ពុជា ក្នុងចំណោមបណ្តាប្រទេសមួយចំនួនដែលក្រុមហ៊ុនបរទេសកំពុងសំឡឹងមើល ក្នុងបរិបទដែលពិភពលោកកំពុងជួបសង្រ្គាមពាណិជ្ជកម្ម។ ជាងនេះទៅទៀត កម្ពុជាមានច្បាប់វិនិយោគដែលអំណោយផល និងមានច្រកទីផ្សារនាំចេញច្រើន ព្រមជាមួយនឹងការទទួលបានការអនុគ្រោះពន្ធ ក៏ដូចជាកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មផងដែរ។
«ដូច្នេះឱកាសរបស់អ្នកវិនិយោគធ្វើម៉េចចូលរួមជាអ្នកអភិវឌ្ឍន៍ វិនិយោគ ជាប្រតិបត្តិករនៃគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសសំខាន់ៗ ហើយធ្វើយ៉ាងណាបញ្ជ្រាបចូលក្នុងគម្រោងណាដែលស្ថិតនៅក្នុងតំបន់ ពាណិជ្ជកម្មសេរី គម្រោងកំពង់ផែគយមានដែនកំណត់ គឺដើម្បីឱ្យវត្ថុធាតុដើម ឬគ្រឿងបង្គុំដឹកមកពីប្រទេសទី១ ចូលមកកម្ពុជាដែលជាប្រទេសទី២ សម្រាប់ធ្វើការផ្គុំឬបង្គុំ ឬទុកដាក់ទំនិញជាឃ្លាំងធំៗ សំខាន់ៗដាក់នៅតំបន់ទាំងនោះ គឺមិនមានការយកពន្ធគយនោះទេ ។ ជាងនេះទៀត ប្រសិនយកវត្ថុ ជាដើមទាំងនោះដឹកចេញទៅប្រទេសផ្សេងៗទៀតនៅលើពិភពលោក អ្នកវិនិយោគទាំងនោះ អាចយកអីវ៉ាន់ ទាំងនោះចេញទៅវិញបានដោយអត់ចាំបាច់បង់ពន្ធគយដែរ ព្រោះអីវ៉ាន់ទាំងនោះ មិនបានចរាចរនៅលើ ទីផ្សាររបស់កម្ពុជានោះទេ។»
លោក ឡុង ឌីម៉ង់ អភិបាលរងបញ្ជាក់ថា ផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពហុបំណងនេះ ជាទិសដៅ គឺអភិវឌ្ឍខេត្តព្រះសីហនុទិសដៅស្រូបទាញដោយវិនិយោគិនក្នុងវិស័យធំៗ ដូចជា ការធ្វើពាណិជ្ជកម្មសេរី ដូច្នេះអ្វីដែលខេត្តបានត្រៀមឌីសាញ តំបន់មួយចំនូនទៅជាតំបន់ពាណិជ្ជកម្មអន្តរជាតិសេរី និងតំបន់ភ័ស្តុភារកម្ម ដែលនៅក្នុងខេត្តព្រះសីហនុកំពុងតែរុញទៅក្រុងព្រះសីហនុមួយចំហៀង ក្បែរកំពង់ផែ និងស្ទឹងហាវដែលជាភ័ស្តុភារកម្មឧស្សាហកម្ម។ ក្នុងនោះក៏មានកសិឧស្សាហកម្ម ដែលយើងកំពុងសិក្សានៅក្នុងតំបន់ ព្រៃនប់និងស្រុកកំពង់សិលាជាដើម។
គួរជម្រាបថា ផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពហុបំណង នឹងចាប់ផ្ដើមធ្វើការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ ឬនៅដើមត្រីមាសទី២ ឆ្នាំ២០២៥ ហើយសម្ដេចបវរធិបតី នឹងធ្វើការប្រកាសផ្ទាល់តែម្ដង៕