សម្តេចបវរធិបតីហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅ និងសមិទ្ធផលនានានៅវិទ្យាស្ថានបញ្ជា-សេនាធិការ ខេត្តកំពង់ស្ពឺ

Chuon Bona | ថ្ងៃទី 10 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖
កំពង់ស្ពឺៈ  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បាអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅ និងសមិទ្ធផលនានានៅវិទ្យាស្ថានបញ្ជាការ-សេនាធិការស្ថិតនៅខេត្តកំពង់ស្ពឺ។ 
វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលដែលបានកសាងពីឆ្នាំ២០២៣-២០២៤ នៅក្នុងវិទ្យាស្ថានបញ្ជាការ- សេនាធិការ នាឱកាសនេះ គឺ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះកងយោធពល ខេមរភូមិន្ទ ជាពិសេស ចំពោះវិទ្យាស្ថាន បញ្ជាការ-សេនាធិការ និងជាការលើកទឹកចិត្តដល់ថ្នាក់ ដឹកនាំ យោធាចារ្យ បុគ្គលិក នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាមទាំងអស់ ឱ្យកាន់តែមានភាពកក់ក្តៅទ្វេឡើងថែមទៀត។ 
សមិទ្ធផលនានានៅវិទ្យាស្ថានបញ្ជា-សេនាធិការដែលបានដាក់សម្ពោធនាឱកាសនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត  ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាល និងហ្វឹកហ្វឺន បង្កើនសមត្ថភាព និង ចំណេះដឹង ដល់យោធិន នៃកងយោធពលខេមរភូមិន្ទ។
សូមបញ្ជាក់ថា រាល់សមិទ្ធផលដែលបានឃើញ និងបានកើតឡើងនៅថ្ងៃនេះ គឺដោយសារការទទួល បាននូវមរតកដ៏ មហាសាលមិនអាចកាត់ថ្លៃបាន ដែលបន្សល់ទុកពីនយោបាយ ឈ្នះឈ្នះ! របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលជាទស្សនវិជ្ជាសន្តិភាពពិតប្រាកដ ដែលមានទិសដៅសំខាន់ គឺការឯកភាពជាតិ ឯកភាពទឹកដី បង្រួបបង្រួមជាតិ និងបង្កើតបាន សន្តិភាព ដែលជាត្រីវិស័យនៅក្នុងការអភិវឌ្ឍជាតិ ដែលមិនអាច ខ្វះបានឡើយ៕

សម្តេចបវរធិបតីហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅ និងសមិទ្ធផលនានានៅវិទ្យាស្ថានបញ្ជា-សេនាធិការ ខេត្តកំពង់ស្ពឺ