វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១០ មេសា ២០២៥
អន្តរជាតិ៖ មន្ទីរបញ្ចកោណបានប្រកាសថា លោករដ្ឋមន្រ្តីការពារជាតិអាមេរិក បានសម្រេចបណ្តេញ អ្នកតំណាងយោធាអាមេរិកប្រចាំអង្គការ NATO ចេញពីតំណែង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ អ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយថា ការសម្រេចចិត្តរបស់លោករដ្ឋមន្ត្រីក្នុងការដកតំណែង ឧត្តមនាវីឯក លោកស្រី Shoshana Chatfield ក្នុងនាមជាអ្នកតំណាងរបស់សហរដ្ឋអាមេរិក ប្រចាំនៅក្នុងគណៈកម្មាធិការយោធារបស់អង្គការNATO គឺដោយសារតែការបាត់បង់ទំនុកចិត្ត លើសមត្ថភាពដឹកនាំរបស់លោកស្រី ដោយលោកស្រីបានកាន់តួនាទីនេះចាប់តាំងពីឆ្នាំ ២០២៣។ គួរបញ្ជាក់ថា លោកស្រី Chatfield គឺជាមន្រ្តីយោធាជាន់ខ្ពស់ចុងក្រោយបង្អស់ ដែលត្រូវបានបណ្តេញ ចេញពីតំណែងដោយរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ។ មន្រ្តីយោធាជាន់ខ្ពស់អាមេរិកដទៃទៀត ដែលកន្លងមកត្រូវបានបណ្តេញចេញដែរនោះ រួមមានដូចជា អគ្គសេនាធិការចម្រុះរបស់យោធា ដែលជាតំណែងមន្រ្តីយោធាកំពូលរបស់អាមេរិក គឺលោក Charles CQ Brown, ប្រមុខកងទ័ពជើងទឹក លោកស្រី Lisa Franchetti និងប្រមុខកងឆ្មាំសមុទ្រ លោកស្រី Linda Fagan ជាដើម៕