ក្រសួងឧស្សាហកម្ម និងធនាគារជាតិ ជំរុញអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះបញ្ជីឱ្យបានគ្រប់គ្នា ដើម្បីទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងអត្ថប្រយោជន៍ផ្សេងៗ

Narith | ថ្ងៃទី 23 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៣ ០៤ ២០២៥

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារជាតិនៃកម្ពុជា បានជំរុញអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះបញ្ជីឱ្យបានគ្រប់គ្នា ដើម្បីទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុយកទៅអភិវឌ្ឍន៍ជីវភាព និងផលិតផលឱ្យស្របតាមតម្រូវការទីផ្សារ និងការប្រកួតប្រជែង។
ថ្លែងក្នុងសិក្ខាសាលាស្តីពី«ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»នៅថ្ងៃទី២៣ ខែមេសានេះ, លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា តាមរយៈការចុះឈ្មោះចូលក្នុងប្រព័ន្ធផ្លូវការ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់អ្នកប្រកបអាជីវកម្ម និងធ្វើការងារ ក្នុងការទទួលបាននូវការការពារតាមផ្លូវច្បាប់ ការទទួលបានហិរញ្ញប្បទាននិងការប្រើប្រាស់នូវសេវាហិរញ្ញវត្ថុផ្លូវការ ការលើកទឹកចិត្តផ្នែកពន្ធដារ និងការបណ្ដុះបណ្ដាលជំនាញ ជាដើម។ លោកជំទាវ បន្តថា  ធនាគារជាតិនៃកម្ពុជា បានអនុវត្តវិធានការមួយចំនួន សំដៅ លើកកម្ពស់សមត្ថភាព និងគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ ក្នុងការទទួលបានហិរញ្ញប្បទាន ព្រមទាំងបានលើកកម្ពស់បរិយាបន្ននិងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីផ្តល់លទ្ធភាពឱ្យកាន់តែកាន់តែទូលំទូលាយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ដូចជាបុគ្គលស្វ័យនិយោជន៍ក្នុងការទទួល បានសេវាហិរញ្ញវត្ថុផ្លូវការ និងចៀសវាងការប្រើប្រាស់មិនចំគោលដៅ ដែលបង្កើតជាហានិភ័យបំណុលលើស លុប។
ចាប់តាំងពីរាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ សម្ទុះនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានចំនួន៤៦.៥៧៣ ក្នុងនោះកម្មករនិយោជិតចំនួន ២.២១៧, សហគ្រាសធុនមីក្រូចំនួន១.៣៦២ និងបុគ្គល ស្វ័យនិយោជន៍ចំនួន៤២.៩៩៤។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ក្រោយការចុះបញ្ជី, អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងទទួលបានការគាំពារ និងការពង្រឹងសមត្ថភាពផលិតភាព តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការគាំទ្រផ្នែកហិរញ្ញប្បទានកម្ចីផ្លូវការពីធនាគារក្នុងការពង្រីកអាជីវកម្ម មុខរបរ និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
យោងតាមទិន្នន័យរបស់ World Economic, សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ត្រូវបានប៉ាន់ប្រមាណថា មានចំណែកប្រមាណ ៤៩,១ភាគរយ នៃផលិតផលក្នុងស្រុកសរុប ដែលបានផ្ដល់ការងារដល់ប្រជាជន ទ្រទ្រង់អាជីវកម្មខ្នាតតូច និងជួយរក្សានូវចរាចរសាច់ប្រាក់ក្នុងសេដ្ឋកិច្ច។ ទោះបីជាយ៉ាងនេះក៏ដោយ អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានជួបបញ្ហាប្រឈមជាច្រើនរួមមាន កង្វះខាតក្នុងការទទួលបាន សេវាហិរញ្ញវត្ថុ កង្វះខាតការគាំពារ និងការប្រឈមនឹងភាពងាយរងគ្រោះនានា ពិសេសនៅពេលដែលសេដ្ឋកិច្ចធ្លាក់ចុះ ឬក្នុងពេលមានវិបត្តិ ជាដើម។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនការយកចិត្តទុកដាក់ និងជំរុញលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈជំរុញការចូលរួមបន្ថែមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើតតម្លៃបន្ថែម ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា៕