វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២៥.០៤.២០២៥
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ថ្លែងថា យុទ្ធសាស្រ្តស្ដីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ២០២៥-២០២៨” គឺជាការធ្វើបរិវត្តកម្មឌីជីថលសម្រាប់ធុរកិច្ចដ៏ល្អប្រសើរ សំដៅជំរុញការបង្កើតបរិយាកាសអំណោយផលសម្រាប់ការធ្វើធុរកិច្ច តាមរយៈការផ្តល់សេវាអេឡិចត្រូនិក ដើម្បីរួមចំណែកដល់ការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការដ្ឋាភិបាលឌីជីថល បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ បច្ចេកវិទ្យាមានការវិវត្តយ៉ាងលឿន និងបានជ្រៀតចូលស្ទើរតែគ្រប់ទិដ្ឋភាពនៃសកម្មភាពសង្គម ហេតុនេះការអភិវឌ្ឍបច្ចេកវិទ្យាទាំងអស់ ត្រូវមានលក្ខណៈបត់បែនស្របតាមនិន្នាការនៃបច្ចេកវិទ្យាថ្មីៗ ដើម្បីរួមចំណែកដល់ការកាត់បន្ថយការិយាល័យធិបតេយ្យ និងពន្លឿនប្រសិទ្ធភាពការងារ ។
ឯកឧត្តមបានបន្តថា បច្ចេកវិទ្យាដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការធ្វើកំណែទម្រង់រដ្ឋបាល ប៉ុន្តែបច្ចេក វិទ្យាក៏ត្រូវដើរស្របនឹងគោលនយោ បាយរបស់រាជរដ្ឋាភិបាលក្នុងរយៈ ពេល៥ឆ្នាំនៃដំណើរឆ្ពោះទៅបដិវត្តន៍កម្មឌីជីថល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មការរដ្ឋាភិបាលឌីជីថល បានបង្កើតនិងដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.Gov.Kh ដែលត្រូវបានទទួលស្គាល់ជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលរបស់ពិភពលោក ព្រមទាំងថ្នាលនិងកម្មវិធីរាជរដ្ឋាភិបាលឌីជីថលជាបន្តបន្ទាប់ ដើម្បីប្រមូលព័ត៌មានស្ទង់មតិត្រួតពិនិត្យ និងវាយតម្លៃ ចុះឈ្មោះចូលរួមកម្មវិធីឬប្រមូលមតិកែលម្អនានា ជំនួសការប្រើប្រាស់ Google Form ។
ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា "យុទ្ធសាស្ត្រស្ដីពី ការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥ - ២០២៨" នឹងក្លាយជាឯកសារបង្ហាញផ្លូវដល់ការធ្វើទំនើបកម្មក្នុងការផ្តល់សេវាសាធារណៈ ស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
« ការដាក់ឱ្យអនុវត្តនូវ “យុទ្ធសាស្រ្តស្ដីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ២០២៥-២០២៨” គឺជាការធ្វើបរិវត្តកម្មឌីជីថលសម្រាប់ធុរកិច្ច ដែលចូលរួមកែលម្អបរិយាកាសធុរកិច្ច និងការបង្កើនភាពទាក់ទាញសម្រាប់ការវិនិយោគនៅកម្ពុជា។ ការធ្វើបរិវត្តកម្មឌីជីថលសម្រាប់ធុរកិច្ចគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូររបៀបគិត និងរបៀបធើ្វការរបស់គ្រប់តួអង្គពាក់ព័ន្ធទាំងក្នុងរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់» ។
សូមបញ្ជាក់ថា "យុទ្ធសាស្ត្រស្ដីពី ការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥ - ២០២៨" ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ៕