វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៥ មេសា ២០២៥
អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា អ៊ុយក្រែននៅតែបន្តប្តេជ្ញាធ្វើការជាមួយសហរដ្ឋអាម៉េរិក ក្នុងគោលដៅឆ្ពោះទៅរកការបញ្ចប់សម្រាប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Reuters ។ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនបានសង្កត់ធ្ងន់ថា "អ៊ុយក្រែនចង់ឱ្យសង្រ្គាមបិទបញ្ចប់ទៅវិញជាងនរណាទាំងអស់នៅលើពិភពលោក"។ លោកបានលើកឡើងបែបនេះភ្លាមៗ បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានស្តីបន្ទោសជាថ្មីម្តងទៀតទៅលើប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ជុំវិញកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពរវាងអ៊ុយក្រែននិងរុស្ស៉ី។ គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារលោក ហ្សេលេនស្គី បានរំលឹកឡើងវិញថា អ៊ុយក្រែននឹងមិនប្រគល់គ្រីមៀទៅឱ្យរុស្ស៉ីដែលបានដណ្តើមកាន់កាប់ឧបទ្វីបនោះ កាលពីឆ្នាំ២០១៤ និងជាទង្វើដែលត្រូវបានថ្កោលទោសដោយអន្តរជាតិជាដាច់ខាត។ កាលពីថ្ងៃពុធ លោក ត្រាំ ដែលធ្លាប់ទាស់ពាក្យសម្តីជាមួយ លោក ហ្សេលេនស្គី ម្តងហើយនៅក្នុងកិច្ចប្រជុំនៅឯសេតវិមាន បានចាត់ទុកការអត្ថាធិប្បាយរបស់ លោក ហ្សេលេនស្គី ថាធ្វើឱ្យកាន់តែពិបាកក្នុងការសម្រេចបានសន្តិភាព៕