វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៩ មេសា ២៥
អន្តរជាតិ៖ សមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តគុយបា និងជាអនុប្រធានាធិបតីគុយបាបានថ្លែងថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសគុយបា និងវៀតណាមបានបន្តរីកចម្រើន ពង្រីកយ៉ាងទូលំទូលាយ និងកាន់តែស៊ីជម្រៅ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ លោកក៏បានអបអរសាទរចំពោះប្រជាជនវៀតណាមក្នុងឱកាសរំលឹកខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥ – ២០២៥) និងខួបលើកទី៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣ កុម្ភៈ ១៩៣០ - ២០២៥)។ អនុប្រធានាធិបតីគុយបាបានមានប្រសាសន៍ថា ឆ្នាំ២០២៥ ក៏ជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ ដោយទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រត្រូវបានបង្កើតឡើងដោយមេដឹកនាំលោក Fidel Castro និងប្រធាន ហូ ជីមិញ ក្នុងអំឡុងឆ្នាំដ៏លំបាកនៃការតស៊ូរំដោះជាតិ ការបង្រួបបង្រួមជាតិ និងការកសាងសង្គមនិយម។ លោកក៏បានរំលេចពាក្យដ៏ល្បីល្បាញរបស់លោក Fidel Castro ថា "ដើម្បីវៀតណាម គុយបាសុខចិត្តបង្ហូរឈាមខ្លួនឯង" ដែលជាការបង្ហាញយ៉ាងរស់រវើកនៃក្តីស្រលាញ់របស់ប្រជាជនគុយបាចំពោះវៀតណាមក្នុងអំឡុងពេលតស៊ូដើម្បីឯករាជ្យជាតិ និងការបង្រួបបង្រួមជាតិ។ គួរបញ្ជាក់ថា "ឆ្នាំមិត្តភាពវៀតណាម-គុយបា" ក្នុងឆ្នាំ ២០២៥ ប្រទេសទាំងពីរបានរួមគ្នាប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងទ្វេភាគីយ៉ាងទូលំទូលាយ និងស៊ីជម្រៅ ដែលឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងវិស័យកសិកម្ម សំណង់ ការថែទាំសុខភាព ការអប់រំ កិច្ចការតុលាការ និងអង្គការសង្គមជាដើម៕