បទយកការណ៍៖ កម្មវិធី ASPIRE-AT បានបន្តផ្តោតការយកចិត្តទុកដាក់គាំទ្រលើសហគមន៍កសិកម្មនៅក្នុងខេត្តសៀមរាប

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ៖ ដោយលោកស្រី ធៀង ស្រីមុំ

 

កម្មវិធីអាស្ប៉ាយ ដែលត្រូវបានអនុវត្ត ចាប់ពីឆ្នាំ២០១៥មក ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ  និងបង្កើនភាពធន់របស់កសិករ ដែលមានទំហំផលិតកម្មតូច និងការប្រែប្រួលអាកាសធាតុ បានបញ្ចប់កម្មវិធីរបស់ខ្លួនទាំងស្រុងនៅទូទាំងប្រទេស ក្នុងឆ្នាំ២០២២ កន្លងទៅ។ ចំណែកឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានប្រកាសជាផ្លូវការអំពីការចាប់ផ្តើមអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ទៅកាន់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពិភាក្សា និងបានបញ្ជាក់ពីយុទ្ធសាស្ត្រនិងវិធីសាស្ត្រនៃការអនុវត្តកម្មវិធី ការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៣។ គម្រោងនេះមានរយៈពេល ៧ឆ្នាំ ដើម្បីឈានទៅធ្វើពាណិជ្ជកម្មខ្សែច្រវាក់កសិផល សំខាន់ៗ ដូចជា៖ បន្លែ មាន់ ស្វាយចន្ទី ផ្លែឈើស្រស់ និងផលិត ផលផ្លែឈើកែច្នៃ។

   សូមអញ្ជើញលោកអ្នកនាងស្តាប់បទយកការណ៍របស់វិទ្យុជាតិកម្ពុជាស្តីពី៖ កម្មវិធី ASPIRE-AT បានបន្តផ្តោតការយកចិត្តទុកដាក់ គាំទ្រលើសហគមន៍កសិកម្មក្នុងខេត្តសៀមរាប ដូចតទៅ៖

លោកអ្នកនាងស្តាប់ជាទីមេត្រី !

   កម្មវិធីអាស្ប៉ាយ អេធី (ASPIRE-AT) ដែលមានឈ្មោះពេញជាកម្មវិធី គាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម នឹងអនុវត្តកម្មវិធីរបស់ខ្លួនរយៈពេល៧ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៩ ។ ក្នុងនោះសម្រាប់ខេត្តសៀមរាប កម្មវិធីអាស្ប៉ាយ អេធី ចាប់ផ្តើមអនុវត្តនៅក្នុងខែកញ្ញា ឆ្នាំ២០២៣ ។

លោក ប៊ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា៖ អាស្ប៉ាយ អេធី ជាកម្មវិធីដែលត្រូវអនុវត្តបន្តពីកម្មវិធីអាស្ប៉ាយជំហានទីមួយ។ ថ្វីត្បិតមានឈ្មោះស្រដៀងគ្នានឹងកម្មវិធីអាស្ប៉ាយជំហានទីមួយក៏ពិតមែន ប៉ុន្តែលក្ខខណ្ឌនៃការអនុវត្តកម្មវិធីអាស្ប៉ាយអេធី មានភាពខុសប្លែកគ្នាពីជំហានទីមួយ ក្នុងគោលដៅជួយពង្រឹង និងគាំទ្របន្តដល់ក្រុមគោលដៅឬសហគមន៍កសិកម្ម ដែលបានអនុវត្តក្នុងជំហានទីមួយ។

សំឡេង១«ត្រង់ថានៅក្នុងជំហានទីមួយ យើងផ្តោតទៅលើការផ្សព្វផ្សាយបច្ចេកទេស កសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ រីឯកម្មវិធីអាស្ប៉ាយអេធី យើងគាំទ្រទៅដល់លទ្ធផលដែលយើងបានអនុវត្តនៅក្នុងជំហានទីមួយ ដោយផ្តោតសំខាន់ទៅលើឈ្មោះគម្រោងជាភាសាខ្មែរយើង ឈ្មោះថាកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម។ ហើយកម្មវិធីនេះផ្តោតសំខាន់ទៅលើខ្សែច្រវាក់ផលិតផលកសិកម្ម ដែលទូទាំងប្រទេសមានខ្សែច្រវាក់តម្លៃចំនួន៦ សម្រាប់ទីផ្សារក្នុងស្រុក បន្លែ មាន់ស្រែ។ រីឯផលិតផលនាំចេញ មាន ពោតក្រហម ស្វាយចន្ទី ផ្លែឈើស្រស់ និងការកែច្នៃផ្លែឈើសម្រាប់នាំចេញ។ ដោយឡែកសម្រាប់ខេត្តសៀមរាប យើងមានខ្សែច្រវាក់តម្លៃតែពីរទេ គឺបន្លែ និងមាន់ស្រែសម្រាប់ទីផ្សារក្នុងស្រុក»។86C38E43-3F6F-470D-8D45-A1367961E1C0

លោកបានបន្តទៀតថា៖ កម្មវិធីអាស្ប៉ាយអេធី ក្នុងខេត្តសៀមរាប ទើបតែបានចាប់ផ្តើមអនុវត្តក្នុងខែកញ្ញាតែ ប៉ុណ្ណោះ ដូច្នេះផែនការក្នុងរយៈពេល៧ឆ្នាំ នៅមិនទាន់បានកំណត់ជាក់លាក់នៅ                ឡើយ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២៣នេះ អាស្ប៉ាយអេធី មានផែនការគាំទ្រដល់កសិករជាសមាជិកសហគមន៍កសិកម្ម និងគម្រោងបង្កើតបន្ថែមនូវសហគមន៍កសិកម្ម ដើម្បីផ្តល់សារៈប្រយោជន៍ជូនកសិករនៅក្នុងខេត្តសៀមរាប។

សំឡេង២« ប៉ុន្តែឆ្នាំ២០២៣នេះកម្មវិធីយើងមានផែនការគាំទ្រ ទៅដល់កសិករដែលជាសមាជិកសហគមន៍ ហើយយើងចែកចេញជាពីរគឺសហគមន៍ដែលយើងមានស្រាប់ចំនួន៤ ក្នុងនោះសហគមន៍ផលិតបន្លែមានពីរ ដែលមានសមាជិកសរុបទាំងពីរសហគមន៍គឺ៤០០។ ហើយសម្រាប់សហគមន៍មាន់ស្រែយើងគ្រោងជួយទៅដល់សហគមន៍ចំនួនពីរដែរ ហើយមានសមាជិកសហគមន៍ប្រមាណ៤០០គ្រួ                 សារ។ បច្ចុប្បន្ននេះយើងមានផែនការចងក្រងជាសហគមន៍កសិកម្មថ្មី ចំនួន៤បន្ថែមទៀតដែរ ទៅលើសហគមន៍បន្លែចំនួនពីរសហគមន៍ និងសហគមន៍ផលិតមាន់ស្រែចំនួនពីរសហគមន៍ »។

លោក ប៊ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានបន្តទៀតថា៖ ចំពោះកសិករ ជាសមាជិកសហគមន៍កសិកម្មដែលបានបង្កើតឡើងជាយូរកន្លងមក ពួកគាត់ទទួលបានផលប្រយោជន៍ជាច្រើនរួចមកហើយ អំពីកម្មវិធីអាស្ប៉ាយជំហានទីមួយ។ អ្វីដែលសំខាន់ កម្មវិធីអាស្ប៉ាយអេធី នឹងពង្រឹងសមត្ថភាពកសិករ ពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពអាជីវកម្មជាក្រុម ដោយធ្វើការរួមគ្នា និងស្វែងរកទីផ្សាររួមគ្នាក្នុងសហគមន៍ និងការផ្តល់ដើមទុន សម្រាប់ដំណើរការអាជីវកម្មជាដើម។

សំឡេង៣« កសិករភាគច្រើនគាត់ជាសមាជិកបណ្តុំអាជីវកម្ម ដែលកម្មវិធីអាស្ប៉ាយជំហានទីមួយ ដែលយើងអនុវត្តពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ អ៊ីចឹងយើងយកគាត់មកបន្ថែមទៀត ដោយផ្តោតសំខាន់ទៅលើការគាំទ្រ ឱ្យគាត់មានលទ្ធភាពផលិតសម្រាប់ទីផ្សារ។ ដោយឡែកសម្រាប់ខេត្តសៀមរាបយើងផ្តោតទៅលើបន្លែ និងមាន់ស្រែ អ៊ីចឹងគឺទីផ្សារក្នុងស្រុក។ អ៊ីចឹងការពង្រឹងសមត្ថភាពបច្ចេកទេសយើងនឹងបន្តទៀត ប៉ុន្តែយើងពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងការរៀបចំផែនការផលិតកម្ម ដើម្បីទីផ្សារ និងធ្វើយ៉ាងណាឱ្យគាត់ទទួលបានប្រាក់កម្ចី ដោយសារក្នុងកម្មវីធីអាស្ប៉ាយអេធីនេះ គឺយើងមានផែនការឱ្យសមាជិកសហគមន៍ ក៏ដូចជាសហគមន៍ទាំងមូល រៀបចំ ផែនការអាជីវកម្ម ហើយបើគាត់ខ្វះថវិកាយើងណែនាំគាត់ ឱ្យគាត់ភ្ជាប់ជាមួយធនាគារពាណិជ្ជកម្មចំនួនពីរ គឺធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលធនាគារទាំងពីរនេះ បានទទួលថវិកាពីដៃគូអភិវឌ្ឍន៍ និងជាធនាគាររបស់រាជរដ្ឋាភិបាល ដែលស្ថិតនៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។

លោកបានបន្ថែមទៀតថា៖ កសិករក្នុងខេត្តសៀមរាប ដែលមិនទាន់បានចូលជាសមាជិកសហគមន៍កសិកម្មទេនោះ សូមរួសរាន់ចូលជាសមាជិកសហគមន៍ ព្រោះថាមន្ទីរកសិកម្មខេត្ត កំពុងតែបង្កើតសហគមន៍កសិកម្មថ្មីបន្ថែមចំនួន៤ទៀត ដើម្បីឱ្យកសិករ អាចទទួលបានផលប្រយោជន៍ជាច្រើនពីការប្រកបការងារកសិកម្មរបស់ខ្លួន។

សំឡេង៤«ទៅអនាគតក៏ដូចជាក្នុងពេលបច្ចុប្បន្នទីមួយកសិករយើងត្រូវតែចូលរួមជាសមាជិកសហគមន៍កសិកម្ម ដើម្បីទទួលបានផលប្រយោជន៍ពីកម្មវិធីគាំទ្រនានារបស់រាជរដ្ឋាភិបាល។ ពីព្រោះការជួយទៅដល់កសិករម្នាក់ៗដូចលើកមុនគឺយើងនឹងបង្វែរ ពីការជួយកសិករម្នាក់ៗទៅជាការជួយដល់កសិករក្នុងសហគមន៍។ ហើយទៅអនាគតដែរ មានតែកសិកររួមគ្នាជាក្រុមផលិតក្នុងនាមជាសហគមន៍ទេ ដែលទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍន៍របស់សេដ្ឋកិច្ចជាតិយើង។ ដោយសារពេលយើងរួមគ្នាផលិត យើងអាចធ្វើផែនការផលិតផលរបស់យើងសម្រាប់តម្រូវការទីផ្សារ ហើយស្តង់ដាគុណភាពរបស់យើង ក៏ដូចជាសុវត្ថិភាពរបស់យើង នឹងបានទទួលជាការគាំទ្រជាជំនួយបច្ចេកទេសផ្សេងៗទៀតពីដៃគូ ពីក្រសួងកសិកម្ម មន្ទីរកសិកម្ម និងអង្គភាពស្ថិតក្រោមក្រសួងកសិកម្ម »។

ចំណែកលោក ឈាត ប្រែក កសិករដាំបន្លែចម្រុះ រស់នៅក្រុងសៀមរាប ជាប្រធានបណ្តុំអាជីវកម្មបន្លែក្នុងសង្កាត់ក្របីរៀល បានឱ្យដឹងថា៖ នៅពេលទទួលបានព័ត៌មានអំពី ដំណើរការកម្មវិធីអាស្ប៉ាយអេធី លោកពិតជាសប្បាយរីករាយ និងគាំទ្រយ៉ាងខ្លាំង ព្រោះថាកាលពីគម្រោងអាស្ប៉ាយដំណាក់កាលទីមួយ បានជួយគំាទ្ររូបលោកនិងអ្នកដទៃទៀតយ៉ាងច្រើន ទាំងបច្ចេកទេស និងសម្ភារ ក្នុងការងារដាំដុះបន្លែរបស់ខ្លួន។ លោកថា៖ បើសិនជាគម្រោងបានបង្កើតសហគមន៍កសិកម្មថ្មី នៅក្នុងមូលដ្ឋានប្រាកដមែននោះ លោកពិតជារីករាយនិងគាំទ្រយ៉ាងពេញទំហឹង ព្រោះមូលដ្ឋាននេះមិនទាន់មានសហគមន៍កសិកម្មនៅឡើយ។ នៅពេលបង្កើតឱ្យមានសហគមន៍ហើយ បន្លែដែលកសិករដាំដុះបាន នឹងមិនពិបាកដឹកយកទៅលក់នៅទីណាឆ្ងាយឡើយព្រមទាំងមានឈ្មួញមកទទួលទិញដល់សហគមន៍តែម្តង។

សំឡេង៥« ខ្ញុំអត់ទាន់ដឹងឮថាបង្កើតថ្មីដែរ តែអត់ទាន់ច្បាស់ខ្លួនឯង បានផ្តល់ភាពងាយស្រួលឱ្យកសិករយើងច្រើនណាស់ ខ្ញុំថាគម្រោងនេះដូចជាល្អណាស់ ល្អត្រង់ថាយើងដាំដុះបន្លែទៅវាងាយស្រួល ដល់រដូវភ្លៀង រដូវវស្សាទៅវាងាយស្រួលទាំងអស់បង។ សម្រាប់ខ្ញុំអត់អីទេឱ្យតែមានបន្លែលក់ឱ្យគេរាល់ថ្ងៃ។ សម្រាប់ខ្ញុំបើបង្កើតមែន ខ្ញុំសាទរដែរបង ចង់ឱ្យប្រជាពលរដ្ឋចូលឱ្យបានច្រើន បើសិនបង្កើតនៅគោកដូងមែនខ្ញុំសប្បាយចិត្ត យើងដាំដុះបាន បង្កើតសហគមន៍ងាយស្រួល មិនបាច់ទៅលក់នៅឯណា លក់នៅកន្លែងនេះទៅប្រមូលបានគេមកដឹកយកទៅ »។CD10A16C-1ED3-4497-9149-6AB3BE1BC1D5

លោកអ្នកនាងស្តាប់ជាទីមេត្រី!

    កម្មវិធី ASPIRE-AT បានទទួលការគាំទ្រ និងតម្រង់ទិសពីរាជរដ្ឋាភិបាលកម្ពុជាដោយមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងបានទទួលការគាំទ្រថវិកា និងតម្រង់ទិស ពីអង្គការដៃគូនានា (IFAD, EIB & EU) ដោយមានគោលដៅសំខាន់ៗ ដូចជា៖ ជំរុញកំណើនវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ដោយផ្អែកលើការបង្កើនប្រាក់ចំណូលគ្រួសារកសិករ នៅជនបទ តាមរយៈការធ្វើពាណិជ្ជកម្មក្នុងស្រុក និងនាំចេញដោយផ្តោតទៅលើទីផ្សារធំៗរួមមានដូចជា៖ មាន់ បន្លែ ពោត ស្វាយចន្ទី ម្រេច ផ្លែឈើស្រស់ ផ្លែឈើកែច្នៃ សម្រាប់នាំចេញ ។          ទាំងនេះអាស្រ័យថាអង្គការដែលជាអ្នកធ្វើទៅលើការងារផលិត និងសមាជិក ដែលជាកសិករ ទទួលបានការគាំទ្រជាហិរញ្ញប្បទាន សម្រាប់វិនិយោគ និងហេដ្ឋារចនាសម្ពន្ធ ដើម្បីបង្កើនផលិតភាព និងភាពធន់នឹងអាកាសធាតុ។ មិនតែប៉ុណ្ណោះកសិករត្រូវបានចងក្រងជាសហគមន៍ និងជាសហភាពសហគមន៍ ហើយត្រូវបានគាំទ្រដំណើរការជាបន្តដោយកម្មវិធី ASPIRE-AT។កម្មវិធីASPIRE-AT នឹងចាប់ផ្តើមពីខេត្តគោលដៅចំនួន ១៧ មានដូចជា៖ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងខេត្តព្រះសីហនុ។ដោយឡែក កម្មវិធីASPIRE-ATក្នុងខេត្តសៀមរាប នឹងគាំទ្រសហគមន៍កសិកម្ម ដែលមានស្រាប់ចំនួន៤ រួមមាន៖ សហគមន៍ដាំបន្លែ នៅឃុំចាន់ស ស្រុកសូទ្រនិគម និងឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង មានសមាជិកចំនួន៤០០នាក់ និងគាំទ្រសហគមន៍កសិកម្មចិញ្ចឹមមាន់ស្រែ ដែលមានស្រាប់ ចំនួន២គឺ នៅឃុំសំរោង  និងឃុំកៀនសង្កែ ស្រុកសូទ្រនិគមដែលមាន សមាជិកចំនួន២០០នាក់។រីឯការរៀបចំចងក្រងបង្កើតសហគមន៍កសិកម្មថ្មីចំនួន៤នោះរួមមាន៖សហគមន៍ចិញ្ចឹមមាន់ស្រែចំនួន២ នៅឃុំចន្លាសដៃ ស្រុកក្រឡាញ់ និងឃុំនគរភាស ស្រុកអង្គរជុំមានសមាជិក ៣០០នាក់ និងសហគមន៍កសិកម្មដាំបន្លែចំនួន២ នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប និងឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង មានសមាជិក ៣០០នាក់៕

133A1F14-FFD7-4A4E-84AE-E679E8E75A65631AEC04-7857-473E-8F0C-159B00734D27CCCE6807-F64B-454F-9617-5C0A54251C69E85DC03F-D6BE-41EB-BCFA-667BEE0254D7BC7EE097-D6A7-4585-AE04-2FCE6A8EEE31DCD74A2E-6B6B-43F2-AF14-327CB57024501106A3E2-FD95-4A9C-87BD-D4D8DD051B18DE49BDF7-50AF-485B-842C-A4B4715A2886

Comments

Related posts