ប្រទេសថៃនឹងទទួលវ៉ាក់សាំង AstraZeneca ចំនួន ៦១ លានដូសនៅឆ្នាំនេះ

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១
ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា ប្រទេសថៃនឹងទទួលបានវ៉ាក់សាំងកូវីដ-១៩AstraZeneca ចំនួន ៦១ លានដូសនៅឆ្នាំនេះ ខណៈដែលប្រទេសមួយនេះកំពុងប្រញាប់ប្រញាល់ចាក់វ៉ាក់សាំងការពារដល់ប្រជាជនរបស់ខ្លួនក្នុងពេលមានការកើនឡើងនៃការឆ្លងមេរោគវីរុសកូរ៉ូណា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែសីហានេះ។ 

photo_2021-08-24_13-35-21
   ប្រទេសថៃគឺជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ប៉ុន្តែមានការយឺតយ៉ាវក្នុងការទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ បង្ការដល់ប្រជាជនរបស់ខ្លួន។ ប្រហែល ៩% នៃប្រជាជន ៦៦ លាននាក់របស់ប្រទេសថៃបានទទួលវ៉ាក់សាំងបង្ការពេញលេញ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា នេះគឺជាដំណឹងល្អ វានឹងជួយបង្កើតអភ័យឯកសិទ្ធិឱ្យលឿនជាងមុន។ ប្រព័ន្ធថែទាំសុខភាពនឹងជួយឱ្យប្រជាជនវិល ត្រឡប់មករកជីវិតធម្មតាវិញនិងពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ។ កាលពីខែមុនមន្រ្តីសុខាភិបាលបាននិយាយថាក្រុមហ៊ុន AstraZeneca បានស្នើសុំពន្យារពេលបញ្ជូនការបញ្ជាទិញចំនួន ៦១លាន ដូសដល់ខែឧសភា ឆ្នាំ ២០២២ ។

photo_2021-08-24_13-35-22
      លោក Anucha Burapachaisri បាននិយាយថា ព័ត៌មានដែលថាវ៉ាក់សាំងនឹងមកដល់ឆាប់ជាងការរំពឹងទុក បន្ទាប់ពីកិច្ចប្រជុំរវាងនាយករដ្ឋមន្រ្តីថៃលោក Prayuth Chan-ocha និងលោក Pascal Soriot នាយកប្រតិបត្តិក្រុមហ៊ុន AstraZeneca ។   ការចែកចាយនេះ នឹងនាំមកនូវការផ្គត់ផ្គង់វ៉ាក់សាំងសរុបរបស់ប្រទេសថៃសម្រាប់ឆ្នាំ ២០២១ដល់ជាង១២០លាន ដូសដែលក្នុងនោះ ៦១ លានពី AstraZeneca និងការរួម បញ្ចូលគ្នានៃ Sinovac របស់ចិន ៣០ លានដូសនិង ៣០ លានដូសពី Pfizer- BioNTech។ លោក Anucha បានបន្ថែមថាប្រទេសថៃនឹងទិញវ៉ាក់សាំង AstraZeneca ចំនួន ៦០ លានដូសបន្ថែមនៅឆ្នាំក្រោយ ។ ប្រទេសថៃបានរាយការណ៍ថា មានអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន ១,០៦៦,៧៨៦ នាក់និងស្លាប់ចំនួន ៩,៥៦២ នាក់ចាប់តាំងពីកើតជំងឺរាតត្បាតនេះ៕

Comments

Related posts